Wednesday, May 20, 2026
Homeតារាខ្មែរនី រតនា ស្ងាត់តែហ៊ឺហា

នី រតនា ស្ងាត់តែហ៊ឺហា

ភ្នំពេញ ៖ នី រតនា មិនសូវមានបទល្បីៗដូចមុនទេ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះជាព្រាប សុវត្ថិ បានដើរចេញពីហង្សមាស ៦ឆ្នាំ និងខេមរៈ សិរីមន្ដ ចេញជិត ៣ឆ្នាំក្ដី ប៉ុន្ដែសម្រាប់តារាប្រុសនៅផលិតកម្មនេះ ពេលបច្ចុប្បន្ន នៅតែមិនដឹងថា ម្នាក់ណាជាតួឯកឲ្យប្រាកដឡើយ។ ទោះជាយ៉ាងណា អំឡុងពេលដែលលោក នី ម៉ាប់ ហៅនី រតនា បន្ដច្រៀងឲ្យហង្សមាស នៅឆ្នាំទី១១ នេះ គេឃើញតារាកូន៣នេះ កាន់តែមានជីវភាពហ៊ឺ ហា ព្រោះថ្មីៗនេះលោកម៉ាប់ ទើបទិញរថយន្ដលំដាប់សេដ្ឋី ម៉ាក Lamborghini ពណ៌ក្រហម ១គ្រឿងទៀត បន្ថែមពីលើរថយន្ដដែលមានស្រាប់ ម៉ាក Range Rover និង Mercedes ។

នេះជាការឡើងកូដមួយក្រឺតទៀត របស់លោករតនា ដែលបញ្ជាក់ថា ជីវភាពរបស់គេកាន់តែធូរធារ ក្រោយរៀបការជាមួយអ្នកនាង ហេង សុវណ្ណភក្ដិណា ជិត៧ឆ្នាំ ។ អ្វីដែលគួរឲ្យកត់សម្គាល់ រតនា ខុសពីតារារួមអាជីពមួយចំនួន ដែលមិនសូវបង្ហាញមុខប្រពន្ធកូន តែលោក ជាញឹកញាប់លោកតែងតែធ្វើឲ្យភរិយារីករាយ ដូចជានាំប្រពន្ធ ឡើងច្រៀងឆ្លងឆ្លើយគ្នាលើឆាកតន្រ្ដី និងថតវីដេអូចម្រៀងថ្មីៗ ជាមួយប្រពន្ធ ជាដើម ។ ចំណែកការលេងម៉ូដឡានថ្មី របស់រតនា នាពេលនេះ ក្រៅពីបង្ហាញពីប្រាក់ចំណូល ចេះតែកើនឡើងនោះ វាក៏ជាវិធីមួយដែល រតនា ធ្វើឲ្យមុខជំនួញ Online របស់ប្រពន្ធ កាន់តែមានភាពទាក់ទាញផងដែរ ។

គួរបញ្ជាក់ថា ក្រៅពីនី រតនា តារាដែលជិះរថយន្ដម៉ាក Lamborghini នៅឆ្នាំ២០២៦ មានដូចជា ពេជ្រ សោភា, ល្អហួស, អែនជី, ផន សុផារី, ថុល សុភិទិ, វណ្ណដា, ងួន ចាន់ដេវីត និងខេមរៈ សិរីមន្ដ ជាដើម ។ ចំពោះរតនា បើប្រៀបជីវិតលោក មុនក្លាយជាតារាចម្រៀងហង្សមាស និងបច្ចុប្បន្ន គឺផ្ទុយគ្នាស្រឡះ ហើយក្រោយទិញឡាន Lamborghini លោកថា នេះជាគោលដៅថ្មីធំជាងមុន ។

សូមរំលឹកថា នី រតនា បានលើកពាន Cambodian Idol រដូវកាលទី១ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥  និងបានរៀបការប្រពន្ធ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ។ លោក រតនា ស្ថិតក្នុងចំណោមតារាដែលយកភរិយាជាអ្នកលក់ Online មានដូចជា លោកថុល សុភិទិ, រស់ រាជ្ជសាល, គ្រី ថៃពៅ, នាង ដាវីន, ឃុន វត្ថា, សំ សុវណ្ណារ៉ាក់ និង Vj រតនា ជាដើម ។ រតនា គ្មានដំណឹងដើរចេញពីហង្សមាស ឡើយ បើទោះជាតារារួមជំនាន់ ពួកគេបានស្វែងរកទ្រនំថ្មីរៀងៗខ្លួន សឹងតែអស់ទៅហើយក្ដី ។ ប៉ុន្ដែបើផ្អែកតាមការលេងម៉ូដឡាន របស់រតនា ពេលនេះបញ្ជាក់ថា ទោះជាថ្ងៃក្រោយ អាជីពចម្រៀងលោក មានការប្រែប្រួលយ៉ាងណា ក៏លោកមិនប្រឈមបញ្ហាវិបត្តិសេដ្ឋកិច្ច ដូចតារាមួយចំនួនទៀតដែរ ព្រោះលោកមានប្រពន្ធ ពូកែរកស៊ីលក់អីវ៉ាន់ Online ។

មានការកត់សម្គាល់ដែរថា នី រតនា ក្រៅពីធ្វើឲ្យគេចាប់អារម្មណ៍ឡានថ្មី តម្លៃសែនដុល្លារនោះ លោកក៏បានធ្វើឲ្យប្រពន្ធពេញចិត្តស្ដូកដែរ នោះគឺនៅស្មាខាងឆ្វេងរបស់លោកចាក់សាក់រូបប្រពន្ធ សុវណ្ណភក្ដិណា ដើម្បីបង្ហាញពីភក្ដីស្នេហ៍ស្មោះ គឺដូចគ្នាទៅនឹងលោកថមមី ចាក់សាក់រូបប្រពន្ធលោក អ្នកនាង សួស វីសា នៅលើដើមទ្រូងដែរ ៕

RELATED ARTICLES