ភ្នំពេញ ៖ កែវ ពេជ្រពិសី ត្រូវស្វាមីនាង លោកពៅ សម្បត្តិ ធ្វើខួបកំណើតគម្រប់៤៣ឆ្នាំឲ្យ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ តែពិធីរីករាយនោះ គ្រាន់តែជាលក្ខណៈគ្រួសារប៉ុណ្ណោះ មិនមានធ្វើជប់លៀងទ្រង់ទ្រាយធំឡើយ ។ អ្វីដែលគួរឲ្យកត់សម្គាល់ ដោយសារតែពេជ្រពិសី និងប្ដី រួមទាំងប្អូនថ្លៃស្រីនាង សុទ្ធតែមានថ្ងៃខួបកំណើតនៅខែឧសភា ដូចគ្នា ពោលគឺខួបនាង ថ្ងៃទី១៧ ខែឧសភា, ខួបប្ដី ថ្ងៃទី៧ ខែឧសភា និងខួបប្អូនថ្លៃនាង ថ្ងៃទី៣១ ខែឧសភា ទើបកម្មវិធីខួបកំណើតឆ្នាំនេះ ធ្វើផ្គួបគ្នាទាំង៣ ក្នុងថ្ងៃតែមួយ នៅថ្ងៃខួបរបស់ពិសី តែម្ដង ។

កែវ ពេជ្រពិសី មិនលើកទូរទស័ព្ទទេ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ទើបមិនទាន់ដឹងថា ស្វាមីបានឲ្យកាដូអ្វីពិសេសខ្លះ ដល់នាង នៅថ្ងៃខួបកំណើត ឆ្នាំនេះ ។ យ៉ាងណា មុនថ្ងៃខួបកំណើតមកដល់ ពេជ្រពិសី ធ្លាប់ប្រាប់អ្នកយកព័ត៌មាន «នគរធំ» ថាចូលដល់វ័យនេះ អ្វីដែលនាងចង់ខ្លាច គឺថ្ងៃខួបកំណើតខ្លួនឯងហ្នឹងតែម្ដង ។ ចំពោះមូលហេតុ ពេជ្រពិសី ថា ដោយសារតែនាងត្រូវកើនអាយុ ១ឆ្នាំទៀត ហេតុនេះដល់ថ្ងៃខួបកំណើត នាងសុំមិនចង់ឲ្យអាយុថែម ១ឆ្នាំទៀតទេ ។ ប៉ុន្ដែមកដល់ថ្ងៃខួបកំណើតពិត ពេជ្រពិសី នៅតែមិនអាចគេចបានទេ ព្រោះស្វាមី បានយកផ្កា ១បាច់ មក Surprise និងជូននាងទៅញ៉ាំអាហារជុំគ្នាទៀតផង។


គួរបញ្ជាក់ថា កែវ ពេជ្រពិសី ក្រោយផ្អាកអាជីពសម្ដែង ជាង១០ឆ្នាំ ថ្មីៗនេះនាងប្រកាសវិលមករកអាជីពចាស់វិញ ប៉ុន្ដែមិនទាន់ឃើញនាងលេចមុខតាមភាពយន្ដថ្មីណាឡើយព្រោះតារាថ្មីៗ រះមកច្រើន «រលកក្រោយ ច្រានរលកមុន» និងតាមព័ត៌មានថា តួថ្មី ថតតម្លៃខ្លួនទាបជាងតួវ័យចំណាស់ ទើបនាំឲ្យផលិតករ មើលរំលងតារាដែលធ្លាប់សាងភាពល្បីល្បាញពីមុន។ អ្វីដែលផលិតករទាំងឡាយ នៅមិនទាន់ហៅពេជ្រពិសី ថតដូចមុនវិញនោះ គឺមុននេះ នាងតាំងចិត្តថា មិនលេងតួជាម្ដាយទេ ព្រោះគិតថា ខ្លួនមិនទាន់ដល់ពេលលេងតួម៉ែ ទើបនាំឲ្យអ្នកដឹកនាំរឿង ពិបាកសម្រេចចិត្តជ្រើសនាង។ យ៉ាងណា អំឡុងពេលដែលការងារសិល្បៈ នៅតែមិនទាន់អាចមានទីផ្សារដូចមុននោះ ពេជ្រពិសី ក៏មានអាជីវកម្មផ្ទាល់ខ្លួនផងដែរគឺហាងលក់ផលិតផលគ្រឿងសម្អាង (Cosmetic) ប៉ុន្ដែហាងសម្អាងការរបស់នាង ដែលដំណើរការជាង១០ឆ្នាំ និងទិញអីវ៉ាន់អស់លុយដល់ទៅជាង ១០ម៉ឺនដុល្លារនោះ ដាក់លក់តម្លៃត្រឹមតែជាង ៣ម៉ឺនដុល្លារ ជាង១ឆ្នាំហើយ នៅមិនទាន់ដាច់ទេ ព្រោះភ្ញៀវភាគ ច្រើន ចង់ទិញតែផ្នែកខ្លះ តែពិសី ចង់លក់ជាកញ្ចប់ ។ ប៉ុន្ដែពេជ្រពិសី មិនជួបវិបត្តិសេដ្ឋកិច្ចនោះទេ ព្រោះស្វាមីនាងជាអ្នករកស៊ីធំម្នាក់ ផ្នែកផ្គត់ផ្គងគ្រឿងសមុទ្រ ។

មានការកត់សម្គាល់ថា កែវ ពេជ្រពិសី បានចាប់ដៃអាណិកជនខ្មែរ មកពីកាណាដាលោក ពៅ សម្បត្តិ ជាង៥ឆ្នាំ និងបានកូនប្រុសមួយ ឈ្មោះ Dura អាយុជិត៥ឆ្នាំ ហើយនាងគ្មានគម្រោងរៀបការតាមប្រពៃណីខ្មែរឡើយ ប៉ុន្ដែរៀបគម្រោងយកកូនទី២ ជាកូនស្រី អត់ទាន់បានសម្រេចបំណង។ ពេជ្រពិសី ថានៅពេលដែលកូនប្រុសនាងធំធាត់ជាងនេះ នាងនឹងឲ្យទៅបន្ដការសិក្សារនៅកាណាដា ដែលពេលនោះហើយ នាងក៏ត្រូវចេញទៅរស់ នៅប្រទេសកាណាដា ជាមួយប្ដីផងដែរ ។ ពេជ្រពិសី ថាដោយសាតែនាងនិងប្ដី សុទ្ធតែធ្លាប់ឆ្លងកាត់ជីវិតអា ពាហ៍ពិពាហ៍ដូចគ្នា ហេតុនេះមង្គលការ មិនមែនជារឿងចាំបាច់បំផុតសម្រាប់នាងឡើយ។ចំណែកការចង់បានកូនទី២ ជាកូនស្រីនោះ ចិត្តនាងក៏ស្រលាញ់កូនស្រី ប្ដីក៏ស្រលាញ់កូនស្រី ។ ប៉ុន្ដែពិសី ថាឥឡូវនាងនៅតែមិន ទាន់ពពោះកូនទី២ ហើយបើសិនជាអត់បានរហូត ក៏នាងមិនខកចិត្តខ្លាំងដែរ ព្រោះបានកូនប្រុស១ ហើយ គ្រាន់បើជាងអត់មានកូន ១គ្រាប់សោះ៕




