Wednesday, May 20, 2026
Homeសន្ដិសុខសង្គមក្មេងទំនើងបង្ហោះម៉ូតូ ប៉ូលិសចាប់៧នាក់

ក្មេងទំនើងបង្ហោះម៉ូតូ ប៉ូលិសចាប់៧នាក់

ភ្នំពេញ ៖ ក្មេងទំនើង ១ក្រុម តែងនាំគ្នាធ្វើសកម្មភាពជិះម៉ូតូ បង្ហោះយ៉ាងអនាធិបតេយ្យ នៅចំណុចបុរីបៃតងលេន ក្នុងភូមិសាស្ត្រ ខណ្ឌព្រែកព្នៅ ទីបំផុតត្រូវបានកម្លាំងជំនាញអាវុធហត្ថឆ្មក់ចុះបង្ក្រាប ឃាត់ខ្លួនក្រុមក្មេងទំនើង បានចំនួន៧នាក់ នាំយកទៅអប់រំណែនាំ។

ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូនេះ បានធ្វើឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចបុរីបៃតងលេន ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា នៅវេលាម៉ោងយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ បានធ្វើការបង្ក្រាបក្រុមក្មេងទំនើងដែលតែងធ្វើសកម្មភាពបង្ហោះម៉ូតូ តាមផ្លូវសាធារណៈ នៅចំណុចបុរីបៃតងលេន ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនក្មេងទំនើង ៧នាក់ យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើង ដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្កការភ័យ ខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម។

ប្រភពដដែល បន្តថា ក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថរាជ បានដកហូតម៉ូតូ ៣គ្រឿង យកទៅរក្សាទុក រយៈពេល៣ខែ នៅមូលដ្ឋាន អាវុធហត្ថខណ្ឌព្រែកព្នៅ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឱ្យបានតឹងរ៉ឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេស ក្មេងទំនើងបង្ហោះម៉ូតូ នៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូ រក្សាទុក រយៈពេល៣ខែ ចំពោះការប្រព្រឹត្តលើកទី១ និង៦ខែ ប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទី២៕

RELATED ARTICLES