ភ្នំពេញ ៖ ប្តីប្រពន្ធ ជាកម្មកររោងចក្រ ទើបនឹងទិញម៉ូតូថ្មី ជិះបានប្រមាណ២ខែ ស្រាប់តែត្រឡប់មកពីធ្វើការវិញ ទុកម៉ូតូនៅចំណតខាងក្រោម ចាក់សោត្រឹមត្រូវ រួចនាំគ្នាឡើងទៅហូបបាយថ្ងៃត្រង់ នៅក្នុងបន្ទប់ជួល ជាន់លើ ពេលចុះមករកម៉ូតូ បម្រុងជិះត្រឡប់ទៅធ្វើការវិញ ទើបដឹងថា ត្រូវចោរលួចបាត់ ក៏ប្រញាប់រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង១១និង១៩នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្ទះជួល ស្ថិតនៅក្បែរស្ពានអាកាសមហាវិថីស៊ីជីនពីង ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជ ធានីភ្នំពេញ។
ម៉ូតូដែលត្រូវចោរលួចបាត់នោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២៦ ពាក់ស្លាកលេខ ភ្នំពេញ 1MD-9160 ជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះ អេន ឡុង មានលំនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងស្នាក់នៅផ្ទះជួល ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំ ពេញ។
យោងតាមរូបភាពដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យម្នាក់ រាងខ្ពស់ស្រឡះ ស្លៀកខោខូវប៊យជើងវែង ពណ៌ផ្ទៃមេឃ ពាក់អាវដៃវែងពណ៌ប្រផេះ អាវក្នុងពណ៌ខ្មៅ ពាក់មួកសុវត្ថិភាពពណ៌ខ្មៅ និងពាក់ស្បែកជើងផ្ទាត់ពណ៌ខ្មៅ បានដើរចូលទៅទីតាំងចំណតម៉ូតូ ផ្ទះជួលនោះ បន្ទាប់មក បានលូកយកឧបករណ៍សម្រាប់កាច់កម៉ូតូ ពីក្នុងហោប៉ៅខោ ខាងស្តាំ រួចធ្វើសកម្មភាពកាច់កម៉ូតូខាងលើនោះ ២ដង តែមួយភ្លែតប៉ុ ណ្ណោះ ក៏កាច់បានសម្រេច រួចប្រញាប់ប្រញាល់ជិះចេញ គេចខ្លួនទៅបាត់ដោយសុវត្ថិភាពតែម្តង។
តាមប្រភពបុរសម្នាក់ដែលជាអ្នកស្គាល់គ្នាជាមួយម្ចាស់ម៉ូតូ បានប្រាប់ថា មុនពេលកើតហេតុ បុរសរងគ្រោះ និងប្រពន្ធ បានជិះម៉ូតូ ដែលទើបនឹងទិញបានជាង ២ខែ ចេញពីធ្វើការរោងចក្រទៅហូបបាយថ្ងៃត្រង់ នៅក្នុងបន្ទប់ជួល ហើយបានទុកម៉ូតូនៅចំណតម៉ូតូ ខាងក្រោម ដោយបានចាក់សោត្រឹមត្រូវ រួចក៏នាំគ្នាឡើងទៅហូបបាយ នៅជាន់លើបាត់ទៅ។
ប្រភពដដែល បន្តថា លុះក្រោយពេលហូបបាយរួច នាំប្តីប្រពន្ធចុះក្រោម ដើម្បីយកម៉ូតូ ជិះត្រឡប់ទៅធ្វើការរោងចក្រវិញ ស្រាប់តែបាត់ម៉ូតូ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោឡើង។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ឱ្យជួយអន្តរាគមន៍ និងឆែកមើលកាមេរ៉ាសុវត្ថិភាព បានឃើញជនសង្ស័យ ដូចមានភិនភាគខាងលើ ជាអ្នកលួចម៉ូតូ ។ ដូច្នេះបើមហាជនបានប្រទះឃើញម៉ូតូខាងលើ សូមជួយរាយការណ៍ជូនសមត្ថកិច្ចផង៕