ភ្នំពេញ ៖ បុគ្គល២នាក់ ដែលក្លែងឯកសណ្ឋានជាមន្ត្រីអាវុធហត្ថ និងឯកសារសាធារណៈ ត្រូវបានកងរាជអា វុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

ការចាប់ខ្លួនបុគ្គលទាំងពីរនាក់នេះ ធ្វើឡើងក្រោមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
តាមប្រភពមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកត់សម្គាល់ឃើញថា កន្លងមក បុគ្គលទាំង២នាក់នេះ បានប្រព្រឹត្តបទល្មើសប្រើប្រាស់ដោយខុសច្បាប់ នូវសម្លៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសាធារណៈ និងបានប្រព្រឹត្តបទ ល្មើសផ្សេងទៀត ដូចជា ឆបោក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ៘បុគ្គលទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះយិន វណ្ណារ៉ា ហៅលៀង ភេទប្រុស កើតថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០០ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើត នៅរាជធានីភ្នំពេញ មានលំនៅបច្ចុប្បន្ន នៅភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទី២-ឈ្មោះ រស់ សុវណ្ណច័ន្ទសំណាង ហៅដេត ភេទប្រុស កើតថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៨៧ មុខរបរបើកបររថយន្ត ទីកន្លែងកំណើត នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ លំនៅមុនពេលឃាត់ខ្លួន ស្នាក់នៅផ្ទះលេខ 41D ផ្លូវលំចម្ការស្ពៃ ភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
កងរាជអាវុធហត្ថ សូមអំពាវនាវដល់សាធារណជន មេត្តាប្រុងប្រយ័ត្នខ្ពស់ និងសូមសហការផ្តល់ព័ត៌មានជូនកងរាជអាវុធហត្ថ ក្នុងករណីឃើញបុគ្គលដែលមានការសង្ស័យ៕