Friday, May 22, 2026
Homeសង្គម និងជីវិតលោកតាស៊ុច បង្ហាញដុល្លារ បដិសេធចង់ទៅថៃ វិញ

លោកតាស៊ុច បង្ហាញដុល្លារ បដិសេធចង់ទៅថៃ វិញ

ភ្នំពេញ ៖ ព្រះភិក្ខុ នា រិន ហៅលោកតា ស៊ុច បានបដិសេធចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ មិនពិត របស់ថៃ ដែលថាព្រះអង្គ នៅស្រុកខ្មែរ ពិបាកណាស់ ចង់ត្រឡប់ទៅថៃ វិញ ។ លោកតា ស៊ុច បានបង្ហាញប្រាក់ដុល្លារ ឌឺឲ្យពួកចោរសៀម (ថៃ) ជាមួយការបញ្ជាក់ថា ព្រះអង្គគ្មានថ្ងៃត្រឡប់ទៅប្រទេសថៃ វិញនោះទេ ព្រោះនៅស្រុកខ្មែរ រស់នៅស្រួល មានចង្ហាន់គ្រប់គាន់ មានឧកញ៉ា ប្រគេន ១ពាន់ដុល្លារ រាល់ខែ ចាយមិនអស់ អាចយកមួយចំណែកទៅជួយជនភៀសសឹកខ្មែរ ថែមទៀត ។

លោកតា ស៊ុច បានមានថេរដីកានៅក្នុងវីដេអូ បង្ហោះតាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់ព្រះអង្គ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ថា “សូមក្រាបនមស្ការព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ក្នុងប្រទេសកម្ពុជា ឬក្រៅប្រទេស គ្រប់ព្រះអង្គ ដោយសេចក្ដីគោរពយ៉ាងខ្ពង់ខ្ពស់! សូមចម្រើនពរ ពុទ្ធបរិស័ទប្រទេសកម្ពុជា រហូតដល់នៅក្រៅប្រទេសគ្រប់គ្នា! មួយរយៈនេះ ឃើញមានឃ្លីបវីដេអូ ចេញពីប្រទេសថៃ វ៉ៃអាត្មា យ៉ាងខ្លាំង ថាអាត្មា នៅខ្មែរ មិនស្រួល ។ សូមបកស្រាយតាមភាសាថៃ ក្រែងញោមអានភាសាថៃ មិនចេញ ។ ទី១ គេដាក់ថា អាត្មា សុំត្រលប់ប្រទេសថៃ ឲ្យប្រទេសថៃ ឲ្យអភ័យ អានេះ អត់មានទេ អាត្មា មិនបានសុំអ្នកណាទេញោម អាត្មា មិន បានទៅសុំអ្នកណា ថាសុំត្រូវប្រទេសថៃ វិញ អត់មានសោះ ។ ទី២ នៅប្រទេសខ្មែរ អត់យ៉ាកពិបាក មិន មានអ្នកគោរព មិនមានអ្នកសទ្ធា អត់យ៉ាកពិបាកម្ហូបអាហារ ។ ញោម! អាត្មានៅប្រទេសខ្មែរ ឧកញ៉ា ស្រី ចាន់ថន ឧបត្ថម្ភអាត្មា ១ខែ ១០០០ដុល្លារ ហើយអាត្មា មានលុយចាយ ១ពាន់ដុល្លារហើយ អាត្មាពិបាក? ឧកញ៉ា ស្រី ចាន់ថន ប្រគេនមួយ ទុកចាយ ដើរធ្វើបុណ្យផង ជួយអ្នកភៀសសឹកផង ម្ហូបអាហារផង ១ខែៗ ធ្លាក់ទៅ ពីរបីពាន់ដុល្លារ គេឲ្យអាត្មា ជាប់ប្រចាំកាយ ក្នុងខ្លួន កុំឲ្យខ្វះ ឲ្យខាត គឹ ១ពាន់ដុល្លារ» ។

លោកតា ស៊ុច បន្តថា «ម្ហូបអាហារប្រទេសខ្មែរ សម្បូរ យាយតា អ្នកវិហារសួគ៌ នោះ គាត់ចិត្តបុណ្យណាស់ ញោមយាយៗតាៗវិហារសួគ៌ ឲ្យតែដឹងថា អាត្មា នៅអាស្រម ដឹកម្ហូបអាហារទៅ តែសំខាន់គឺអាត្មា មិនសូវបាននៅអាស្រម ទៅរួមខេត្តខ្លះ ទៅជួយអ្នកភៀសសឹកខ្លះ ទៅធ្វើបុណ្យសីមា អាត្មា មិនសូវបាននៅ ។ ដូចអ៊ីចុះ សូមអរព្រះគុណព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ក្នុងប្រទេសកម្ពុជា រហូតដល់លោកក្រៅប្រទេស ពុទ្ធបរិស័ទ ជំទាវ ឧកញ៉ា ឯកឧត្ដម គ្រប់គ្នា ក្នុងប្រទេសខ្មែរ រហូតដល់បរទេស ឲ្យយល់ត្រង់ណេះផង។ ក៏សូមជូនពរគ្រប់គ្នា ជោគជ័យតែសេចក្ដីសុខ សេចក្ដីចម្រើន! ក្រោយបំផុត ក៏សុំអរគុណដល់ឧកញ៉ា ស្រី ចាន់ថន ដែលឧបត្ថម្ភអាត្មារហូត ប្រគេនបច្ច័យឲ្យចាយ ១ខែ ១ពាន់ គ្រប់ៗខែ ក៏សុំអនុមោទនា!“ ។

គួរបញ្ជាក់ថា ព្រះភិក្ខុ នា រិន ហៅ “លោកតា ឬលោកឪ ស៊ុច” គឺជាព្រះសង្ឃខ្មែរសុរិន្ទ ដ៏ល្បាញល្បីមួយអង្គ ដែលមានដើមកំណើតនៅខេត្តបូរីរ៉ាំ ប្រទេសថៃ។ ព្រះអង្គមានប្រជាប្រិយភាពខ្លាំង ទាំងក្នុងប្រទេសកម្ពុជា និងថៃ តាមរយៈការសម្ដែងធម្មទេសនា បែបកំប្លែង ក្រើនរំលឹកដល់ជនជាតិដើមភាគតិចខ្មែរ នៅខេត្តទាំង៥ (អតីត ទឹកដីខ្មែរ) កុំឱ្យភ្លេចកំណើត ប្រភពដើម និងវប្បធម៌ខ្មែរ ។ លក្ខណៈលេចធ្លោរបស់ព្រះអង្គ រួមមាន ក្បួនធម្ម ទេសនា ព្រះអង្គតែងតែប្រើប្រាស់ភាសាខ្មែរ (ជាពិសេសគ្រាមភាសាខ្មែរសុរិន្ទ) ភាសាថៃ និងភាសាឡាវ លាយឡំជាមួយក្បាច់កំប្លែង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពុទ្ធបរិស័ទ ឱ្យងាយស្តាប់ និងងាយយល់។ ការស្រឡាញ់ជាតិ ព្រះអង្គតែងមានថេរដីកាអប់រំកូនខ្មែរ លើទឹកដីថៃ ឱ្យចេះស្រឡាញ់គ្នា និងស្វែងយល់ពីប្រវត្តិ សាស្ត្រដើម។ ជាពិសេស ព្រះអង្គធ្លាប់បានចេញថេរដីកាផ្ទាល់ខ្លួន បកស្រាយនិងច្រានចោលវីដេអូក្លែងបន្លំ ឬការផ្សាយបំភ្លៃព័ត៌មានមិនពិត នៅលើបណ្តាញសង្គម។

 បន្ទាប់ពីររងការរើសអើងពីថៃ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ លោកតា ស៊ុច បាននិមន្តមកដល់ប្រទេសកម្ពុជា ដោយគង់នៅវត្តនាគវ័ន ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោកតា ត្រូវបានសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសស្វាគមន៍ ដើម្បីមកគង់នៅជាអចិន្ត្រៃយ៍ ក្នុងប្រទេសកម្ពុជា។ ចំណែកសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានផ្តល់យោបល់ឲ្យសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទូលស្នើសុំព្រះមហាក្សត្រ ដើម្បីប្រគេនសញ្ជាតិខ្មែរ ដល់លោកឪ ស៊ុច ។

បច្ចុប្បន្ន លោកឪ ស៊ុច គង់នៅវត្តតេជោសម្មាទិដ្ឋិ  ជាវត្តថ្មី ស្ថិតនៅក្នុង តំបន់ 7NG ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច ហ៊ុន សែន និងទំនុកបម្រុងដោយអ្នកឧកញ៉ា ស្រី ចាន់ថន ៕ 

RELATED ARTICLES