ធ្វើការយូរទៅជួបតែភាពច្រំដែលៗ ធ្វើឱ្យអ្នកងាយនឹងធុញទ្រាន់ ហើយអារម្មណ៍ដែលធុញទ្រាន់នឹងមានឥទ្ធិពលដល់ប្រសិទ្ធភាពការងាររបស់អ្នក ដែលត្រូវរកវិធីបំបាត់ភាពធុញទ្រាន់ ឬភាពតានតឹងអារម្មណ៍ពេលបំពេញការងារប្រចាំថ្ងៃរបស់អ្នក។
-ក្រោកហាត់ប្រាណ ៖ គួរភ្ញាក់ឱ្យរហ័សជាងមុនបន្តិច ប្រមាណកន្លះម៉ោង រួចក្រោកមករត់ជុំវិញបរិេវណផ្ទះ ឬហាត់ប្រាណដោយវិធីក្រោកអង្គុយ (Sit Up) ក្នុងបន្ទប់ ប្រមាណ១៥នាទី សឹមទៅងូតទឹក អ្នកនឹងទៅធ្វើការដោយអារម្មណ៍ស្រស់ស្រាយ រហ័សរហួន និងមានសេចក្តីសុខក្នុងពេលធ្វើការមិនខាន ព្រមទាំងសប្បាយចិត្តថា ខ្លួនទើបតែបានកម្ចាត់ជាតិខ្លាញ់ មុនមកធ្វើការទៀតផង។
សម្គាល់ ៖ មិនគួរហាត់្របាណឱ្យលើសពីកន្លះម៉ោង បើហាត់រហូតអស់កម្លាំងដល់ថ្នាក់ត្រូវលង់លក់នៅនឹងតុធ្វើការ នោះ អ្នកដែលធុញទ្រាន់ ប្រាកដជាចៅហ្វាយនាយរបស់អ្នកមិនខាន។
-ប្តូរស្ទីលតែងខ្លួន ៖ បើអ្នកតែងខ្លួនម៉ូដសុភាពរាបសាដដែលៗរាល់ថ្ងៃ អ្នកអាចសាកល្បងប្តូរវិធីតែងខ្លួនរបស់អ្នកខ្លះ នឹងបានដឹងនូវអារម្មណ៍ថ្មី រសជាតិការតែងខ្លួនថ្មី ដែលអ្នកមិនទាន់បានសាកល្បង ធ្វើឱ្យមិត្តភក្តិរបស់អ្នកប្រាកដជាភ្ញាក់ផ្អើល ចម្លែកចិត្ត និងពោលពាក្យសរសើរមិនខាន ហើយក៏ធ្វើឱ្យអ្នកសប្បាយចិត្ត បិទមាត់មិនជិតដែរ។
សម្គាល់ ៖ កុំប្តូរម៉ូដញឹកញាប់ពេក រហូតដល់មិនមើលកាលៈទេសៈ។ បើចង់ស្លៀកពាក់ពណ៌ផ្កាឈូក ក៏មិនចាំបាច់ត្រូវស្លៀកពណ៌ផ្កាឈូក ពីលើដល់ក្រោមដែរ ឬបើចង់ស្លៀកពាក់បើកចំហខ្លះ ក៏មិនគួរស្លៀកខ្លីជ្រុល រហូតបង្ហាញគល់ភ្លៅពេកដែរ។
-ផ្កាលម្អលើតុ ៖ ផ្កាស្អាតៗមានថាមពលជំរុញភាពស្រស់ស្រាយដល់អ្នក យកល្អគួរជ្រើសយកផ្កាណាដែលនាំសំណាងស្នេហាដល់អ្នក ដើម្បីបង្កើនកម្លាំងចិត្ត។
កើតថ្ងៃអាទិត្យ ៖ ផ្កាកុលាប ជាផ្កានៃសេចក្តីស្នេហារបស់អ្នក បើបានកុលាបក្រហម រឹតតែប្រសើរ។
កើតថ្ងៃចន្ទ ៖ ផ្កាបញ្ចមាសពណ៌លឿង ( Yellow Chrysanthemum Flower ) មានន័យដល់ភាពស្ងប់សុខក្នុងសេចក្តីស្នេហា សមស្របបំផុតចំពោះអ្នក ដើម្បីឱ្យសេចក្តីស្នេហាពោរពេញដោយភាពកក់ក្តៅ។
កើតថ្ងៃអង្គារ ៖ ពណ៌ដែលត្រូវជាមួយអ្នកគឺ ពណ៌ផ្កាឈូក អាចជ្រើសទិញផ្កាណាដែលមានពណ៌ផ្កាឈូក ដើម្បីបង្កើនភាពស្រស់ស្រាយដល់អារម្មណ៍។
កើតថ្ងៃពុធ ៖ ទោះជាផ្កាស្លឹកម្លូ (Flamingo Flower or Boy Flower) មិនសូវស្អាតក្តី ប៉ុន្តែបើយកមកដាក់លម្អលើតុធ្វើការ នឹងធ្វើឱ្យស្នេហារបស់អ្នក មានភាពរលូនល្អ។
កើតថ្ងៃព្រហស្បតិ៍ ៖ ផ្កានៃសេចក្តីស្រឡាញ់របស់អ្នកគឺ ផ្កាឈូក ( Pink Lotus ) អាចរកកូនផើងតូចមួយ ដាក់ទឹកឱ្យពេញ រួចដាក់ផ្កាឈូកបណ្តែតក្នុងនោះ។
កើតថ្ងៃសុក្រ ៖ ផ្កាលីលី (Lily Flower) ពណ៌ទឹកក្រូច ឬពណ៌ផ្កាឈូក មានន័យដល់ការបានជួបស្នេហាដែលទន្ទឹងរង់ចាំ។ គួរយកផ្កាលីលី ដាក់ថូតាំងនៅ លើតុធ្វើការរបស់អ្នក នោះមនុស្សដែលអ្នករង់ចាំ នឹងមករកអ្នក។
កើតថ្ងៃសៅរ៍ ៖ អ្នកកើតថ្ងៃសៅរ៍ អាចខកចិត្តច្រើនជាងគេ គួរដោតផ្កាហ្សែបេរ៉ា (Gerbera Flower) នៅលើតុរបស់អ្នកជានិមិត្តរូបនៃជ័យជម្នះ អាចនឹងមានគូស្រករនឹងគេ។
សម្គាល់ ៖ កុំដាក់ផ្កាច្រើន ឬបាច់ធំពេក ស្រួលមិនស្រួលអ្នកដទៃអាចមើលមកថា អ្នកជាស្ត្រីផ្អែមល្ហែមពេក ធ្វើឱ្យខូចបុគ្គលិកលក្ខណៈ។
-ទទួលទានអាហារឆ្ងាញ់ៗ ៖ ទោះជាអ្នកឋិតក្នុងអារម្មណ៍បែបណាក៏ដោយ អាហារឆ្ងាញ់ៗអាចជួយអ្នកបាន។ ពេលចេញពីធ្វើការ អាចបបួលមិត្តភក្តិ ស្រីៗ ទៅរកទទួលទានអាហារឆ្ងាញ់ជុំគ្នា អ្នកនឹងបាត់តានតឹងមិនខាន។
សម្គាល់ ៖ ការទទួលទានអាហារ ជាមួយនឹងអារម្មណ៍តានតឹង តែងតែទំពោភ្លចខ្លួន រហូតដល់ឡើងទម្ងន់ ដោយមិនដឹងខ្លួន។ ដូច្នេះកុំភ្លេចហាមឃាត់ខ្លួនឯងផង។
-ជជែកគ្នាជាមួយមិត្តភក្តិ ៖ ទោះជារឿងនេះរឿងនោះ រឿងក្នុងឬក្រៅកន្លែងធ្វើការក្តី ការដែលបានជជែកគ្នា ជាមួយមិត្តយល់ចិត្តទាំងនោះ នឹងធ្វើឱ្យអ្នកបានសប្បាយរីករាយចិត្តឡើងវិញមិនខាន។
សម្គាល់ ៖ កុំជជែកគ្នា ក្នុងពេលម៉ោងធ្វើការ យកល្អអ្នកគួរទៅដល់កន្លែងធ្វើការមុនពេលកន្លះម៉ោង នឹងអាលបានជជែកគ្នាជាមួយមិត្តយល់ចិត្តទាំងនោះ ដោយមិនបារម្ភ៕
វិធីបំបាត់ភាពធុញទ្រាន់ការងារ
RELATED ARTICLES