Friday, January 31, 2025
Homeព័ត៌មានជាតិ អ្នក​ជំនាញ៖ សុវត្ថិ​ភាព​ចរាចរណ៍​បន្តជា​ចំណុច​ព្រួយ​បារម្ភ

 អ្នក​ជំនាញ៖ សុវត្ថិ​ភាព​ចរាចរណ៍​បន្តជា​ចំណុច​ព្រួយ​បារម្ភ

រាជធានីភ្នំពេញថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ៖ នៅទូទាំងសកលលោក មនុស្សប្រមាណ១.២៥លាននាក់ បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់​ចរាចរណ៍ជារៀងរាល់ឆ្នាំ ហើយ​គ្រោះថ្នាក់ចរាចរណ៍នៅតែ​ជាមូលហេតុ​ចម្បងទីមួយនៃការបាត់បង់ជីវិតរបស់​យុវវ័យអាយុពី១៥ទៅ២៩ឆ្នាំ ។

នៅក្នុងប្រទេសកម្ពុជា បណ្តាញផ្លូវថ្នល់ដែលអភិវឌ្ឍឥតឈប់ឈរបានសម្រួលការធ្វើដំណើរ ទៅដល់ភូមិ-ស្រុក​ឆ្ងាយៗ និងបានកាត់បន្ថយពេលវេលាធ្វើដំណើរបានយ៉ាងច្រើន ។ចំនួនអ្នកប្រើប្រាស់ផ្លូវថ្នល់ រួមមាន រថយន្ត​និងម៉ូតូ យានយន្តដឹកជញ្ជូនផ្សេងទៀត ក៏បាននិងកំពុងកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ។ទោះជាយ៉ាង​នេះក្តី គ្រោះថ្នាក់ចរាចរណ៍នៅតែជាឃាតករដ៏ធំមួយទោះមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងស្ថាប័នឯកជននិងអ្នកពាក់ព័ន្ធដ៏ទៃទៀត ក្នុងការកាត់បន្ថយគ្រោះ​ថ្នាក់ចរាចរណ៍​លើ​ដងផ្លូវក៏ដោយ ។

កាលពីខែមករា ឆ្នាំ២០១៥ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានចូលជាធរមាននៅទូទាំងប្រទេសកម្ពុជា ។ច្បាប់នេះ​ចែងយ៉ាងច្បាស់ពីគ្រប់ទិដ្ឋភាពនៃការប្រើប្រាស់ផ្លូវ និងប្រការសុវត្ថិភាព ក៏ដូចជាកំណត់ទោសទណ្ឌ​សម្រាប់​អ្នក​ល្មើស​ច្បាប់ផងដែរ ។លក្ខខណ្ឌតម្រូវសំខាន់បំផុតមួយ ដែលលើកកម្ពស់សុវត្ថិភាព ចរាចរណ៍ គួរ អោយ​កត់​សម្គាល់នោះ គឺការតម្រូវអោយអ្នកដំណើរតាមទោចក្រយានទាំងអស់ពាក់មួកសុវត្ថិភាព។

នៅប្រទេសកម្ពុជា យោងតាមអ្នកជំនាញអ្នកបើកបរម៉ូតូ គឺជាក្រុមអ្នកប្រើប្រាស់ផ្លូវ ដែលមានហានិភ័យ​ខ្ពស់​បំផុតក្នុងការជួប​ប្រទះគ្រោះថ្នាក់ចរាចរណ៍ ដែលអាចឈានដល់បាត់​បង់ជីវិត និងរងរបួសធ្ងន់ទោះបីអ្នកបើក​បរភាគច្រើនគោរពច្បាប់ ដោយពាក់មួកសុវត្ថិភាពបានត្រឹមត្រូវក៏ដោយ ។

លោកស្រីលឹមសុខជាទីប្រឹក្សាជាន់ខ្ពស់អង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក (CRY) ដែលនឹងចូលរួម​រៀបចំទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៧ នាពេលឆាប់ៗខាងមុខនេះបានមាន​ប្រសាសន៍ថា “ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំនេះ យើងចង់ឆ្លុះបញ្ចាំងពីបញ្ហាកំពុងបន្ត​នៃគ្រោះថ្នាក់​ចរាចរណ៍ ព្រម​ទាំងអប់រំប្រជាពលរដ្ឋបន្ថែមទៀតអំពីរបៀបប្រើប្រាស់ផ្លូវដោយសុវត្ថិភាព។យើង​មានមោទនភាព​មែនទែន ដោយមាន​កិច្ចសហការពីមូលនិធិព្រូដិនស៍និង“កម្មវិធីអប់រំវិធានការសុវត្ថិ​ភាពស្តីពីសុវត្ថិភាពចរាចរណ៍​ផ្លូវគោក” (Safe Steps Road Safety)ក្នុងការអនុវត្តកិច្ចការដ៏សំខាន់នេះ ។”

“កម្មវិធីអប់រំវិធានការសុវត្ថិភាពស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក” ត្រូវបានបង្កើតឡើងដោយមូលនិធិព្រូដិនស៍ ក្រោម​ភាពជាដៃគូជាមួយនឹងប៉ុស្តិ៍ទូរទស្សន៍ National Geographic Channel និងសហព័ន្ធយានយន្ត​អន្តរជាតិ (FIA) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព។ រាល់សារអប់រំទាំង​អស់ដែលផ្សព្វផ្សាយក្នុងកម្មវិធីនេះ ត្រូវបានអនុម័តដោយសហព័ន្ធអន្តរជាតិកាកបាទក្រហមនិងអឌ្ឍច័ន្ទ​ក្រហម ។

“កម្មវិធីអប់រំវិធានការសុវត្ថិភាពស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក” មានការចាក់វីដេអូអប់រំខ្លីៗ របស់លោកស្រី​Michelle Yeohជាតារា​​សម្តែងលំដាប់អន្តរជាតិ និងជាទូតសុឆន្ទៈរបស់កម្មវិធី ដោយក្នុងនោះលោក​ស្រីនឹង​ចែករំលែក​គន្លឹះ និងដំបូន្មានច្បាស់លាស់ និងមានសារប្រយោជន៍ដល់អ្នកប្រើប្រាស់ផ្លូវទាំង​អស់ រួមមានដូចជា​បង្កើនការប្រុងប្រយ័ត្នពេលបើកបរ កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ប្រុងប្រយ័ត្ន​ចំពោះអ្នកបើកបរម៉ូតូ និង​អ្នកថ្មើរជើង ពាក់ខ្សែក្រវាត់សុវត្ថិភាពអោយបានត្រឹមត្រូវ និងបើកបរតាមល្បឿន​កំណត់ ។ បន្ថែមពីលើ​វីដេអូ​អប់រំ​ទាំងនេះ ក៏មានការផ្សព្វផ្សាយតាមរយៈផ្ទាំងរូបភាព និងខិត្តប័ណ្ណផងដែរ ដើម្បីធានាថាមនុស្សច្រើន​បំផុត​អាចទទួល​បាន​ព័ត៌មានដ៏សំខាន់ទាំងនេះ ។

កម្មវិធីនេះ នឹងសម្ពោធជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១០ ក្នុង​ខេត្ត​ព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

វីដេអូអប់រំរបស់“កម្មវិធីអប់រំវិធានការសុវត្ថិភាពស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក” នឹងត្រូវចាក់ផ្សាយលើកញ្ចក់​ទូរទស្សន៍ CTN និង​មានការផ្សព្វផ្សាយព័ត៌មានអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើវិទ្យុ Radio One ផងដែរ ។ បន្ទាប់ពីការ​សម្ពោធកម្មវិធីថ្នាក់ជាតិនេះជាផ្លូវការ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា នឹងដឹកនាំក្រុមអ្នក​ស្ម័គ្រចិត្ត​និង​បុគ្គលិក​ក្រុមហ៊ុន ដើម្បីរៀបចំសកម្មភាពផ្សព្វផ្សាយបន្ថែមនៅក្នុងខេត្ត​មួយចំនួនទៀត ជាពិសេសតំបន់ដែល​មាន​អត្រា​គ្រោះថ្នាក់ចរាចរណ៍ខ្ពស់៕

RELATED ARTICLES