ខេត្តកំពង់ឆ្នាំង ៖ បុរសជាអ្នកកាសែតម្នាក់ ត្រូវបានប្អូនថ្លៃរបស់ខ្លួនកាប់ប្រហារ បណ្តាល ឱ្យស្លាប់ក្នុងថ្លុកឈាម លុះប្រពន្ធស្ទុះចូលមក ជួយក៏ត្រូវជនសង្ស័យកាប់បន្ថែមទៀត បណ្តាល ឱ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធក្នុងថ្លុកឈាមយ៉ាង អាណោចអាធ័ម កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិសំរោង ឃុំលង្វែក ស្រុកកំពង់ត្រឡាច។
បុរសជាអ្នកកាសែតដែលត្រូវប្អូនថ្លៃកាប់ ស្លាប់នោះ មានឈ្មោះ ហែម ឆន ជាប្រធាន គណៈកម្មការហិរញ្ញវត្ថុនៃសមាគមអ្នកកាសែត ខ្មែរសន្តិភាព។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ ឈ្មោះម៉ុន ចាន់ថន រីឯជនដៃដល់ជាឃាតករដៃឆៅ ឈ្មោះម៉ុន តាអូន អាយុ៣៥ឆ្នាំ ជាជនជាតិខ្មែរ ត្រូវជាប្អូនបង្កើតរបស់ស្ត្រីរងគ្រោះជា ប្រពន្ធ និងត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះជា អ្នកកាសែត។ ទាំង៣នាក់ សព្វថ្ងៃស្នាក់នៅភូមិ កើតហេតុខាងលើជាមួយគ្នា។
លោកឧត្តមសេនីយ៍ត្រី ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ក្រោយកើតហេតុករណីឃាតកម្មដ៏សាហាវឃោរឃៅខាងលើនេះ លោកបានបញ្ជាឱ្យកម្លាំង នគរបាលជំនាញ និងកម្លាំងនគរបាលមូលដ្ឋាន តាមស្រាវជ្រាវ និងចាប់ខ្លួនជនដៃដល់ ដែលបាន កាប់សម្លាប់បងស្រីបង្កើតរបស់ខ្លួន និងបងថ្លៃ ជាអ្នកកាសែត បណ្តាលឱ្យស្លាប់ទាំង២នាក់ ស្ថិត នៅភូមិសំរោង ឃុំលង្វែក ស្រុកកំពង់ត្រឡាច។
លោកស្នងការបានឱ្យដឹងថា ដំបូងឡើយ ជនដៃដល់បានកាប់ប្រហារទៅលើជនរងគ្រោះ ប្តី ចំណែកស្ត្រីរងគ្រោះជាប្រពន្ធឃើញបែបនេះ ក៏រត់ទៅឱ្យគេជួយ តែដោយសារផ្ទះគាត់នៅ ឆ្ងាយពីគេ ហើយនៅក្បែរនោះមានតែស្ត្រីទើប ឆ្លងទន្លេ គ្មានអ្នកផ្សេងអាចជួយបាន ទើបស្ត្រី រងគ្រោះជាប្រពន្ធរត់ត្រឡប់មកមើលប្តីវិញ ក៏ ត្រូវជនដៃដល់បានកាប់បងស្រីខ្លួនឯងបន្តទៀត រហូតស្លាប់ទាំង២នាក់តែម្តង។ ចំណែកជនដៃដល់ក្រោយពីបង្កហេតុ រួចបានរត់គេចខ្លួន បាត់ស្រមោល។
ជុំវិញករណីឃាតកម្មដ៏សាហាវឃោរឃៅ ខាងលើនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ ឱ្យច្បាស់ពីមូលហេតុនៅឡើយ ដោយសង្ស័យ ថា ជនសង្ស័យជាមនុស្សវិកលចរឹក ហើយ កាលពីមុនក៏ធ្លាប់ដេញកាប់គេផងដែរ។ ពេល នេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីចាប់ខ្លួន ជនសង្ស័យ មកចាត់ការតាមច្បាប់។
ដោយឡែក សពជនរងគ្រោះទាំង២នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕