Friday, January 31, 2025
Homeព័ត៌មានជាតិរថយន្ត​នីហ្សាន់បុក​ម៉ូតូ​កិន​បុរស២​នាក់​ស្លាប់

រថយន្ត​នីហ្សាន់បុក​ម៉ូតូ​កិន​បុរស២​នាក់​ស្លាប់

​ភ្នំពេញ ៖ បុរស០២នាក់បានស្លាប់​ភ្លាមៗនៅនិងកន្លែង ខណៈពេលជិះម៉ូតូ​ឌុបគ្នាតាមដងផ្លូវត្រូវ រថយន្តបុកនិងកិនពីក្រោយពេញទំហឹង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៦ល្ងាចថ្ងៃទី៣០ខែមីនា ឆ្នាំ២០១៧​ នៅ​ខាងត្បូងវត្តឃ្មួញលើកំណាត់ផ្លូវភ្នំពេញហាណូយ ភូមិបន្លាស្អិតសង្កាត់ ឃ្មួញ ខណ្ឌសែនសុខ ។

សពត្រូវបានគេស្គាល់ទី១មានឈ្មោះ ជួន បញ្ញារិទ្ធ ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ចំណែកម្នាក់ទៀតពុំទាន់ស្គាល់ អត្តសញ្ញាណទេ។

ចំណែកអ្នកបើករថយន្តបង្កឈ្មោះ ផាន់ វ៉ន ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ​មានស្រុកកំណើតនៅភូមិក្រាំងចិន ឃុំក្រាំងយ៉ង ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ប្រភពបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញយុវជនរងគ្រោះទាំងពីនាក់បានជិះម៉ូតូ១គ្រឿងម៉ាកហុងឌ្រីម សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ​ពាក់ស្លាកលេខភ្នំពេញ1DF-5373 ជិះឌុបគ្នាក្នុងទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែ ឃើញរថយន្តប្រភេទដឹកទំនិញម៉ាកនីសាន់ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3A.3633 បើកមកពីក្រោយក្នុងល្បឿនចាប់ហ្រ្វាំងមិនទាន់ជ្រុលបុកនិងកិនពីក្រោយបណ្តាល
អោយដេករណូករណែលកណ្តាលផ្លូវស្លាប់ទាំង២នាក់​យ៉ាងអាណោចអាធម៍តែម្តង ។ ចំណែកម៉ូតូកៀបជាប់ពីក្រោមរថយន្តអូសប្រមាណជាង១០០ម៉ែត្រទើបអស់ល្បឿនទៅមុខលែងរួចហើយត្រូវប្រជាពលរដ្ឋនាំគ្នាជួយចាប់អ្នកបើកបរបានវាយម្នាក់មួយដៃមួយជើងទើបប្រគល់អោយសមត្ថកិច្ច។

ក្រោយកើតហេតុគេឃើញមាននគរបាលផ្នែកចរាចរណ៍ខណ្ឌសែនសុខចុះមកដល់កន្លែងនិងទាក់ទងទៅនគរបាលចរាចរណ៍រាជធានីធ្វើការវាស់វែងយកម៉ូតូនិងរថយន្តបង្ករទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរជើងគោករាជធានីភ្នំពេញដោះស្រាយនៅពេល
ក្រោយ។ ចំណែកសពយុវជនម្នាក់ឈ្មោះ ជួន បញ្ញារិទ្ធ ត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកសពយុវជនម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណត្រូវបានយកទៅតំគាល់ទុកនៅវត្តទឹកថ្លាដើម្បីរកសាច់ញតិ៕ ស៊ីឌី

RELATED ARTICLES