Sunday, January 19, 2025
Homeព័ត៌មានជាតិក្រោយពេលវះកាត់​ ត្រូវតមអាហារអ្វីខ្លះ ?

ក្រោយពេលវះកាត់​ ត្រូវតមអាហារអ្វីខ្លះ ?

ទោះបីត្រឹមតែវះកាត់ធ្វើត្របកភ្នែក ២ជាន់ ឬគ្រាន់តែកាត់ស្លាបច្រមុះបង្រួមឱ្យតូចបន្តិចក្តី សល្យកម្មទាំងនោះ នៅតែជាការវះកាត់មួយ ត្រូវមានការប្រុងប្រយ័ត្នក្នុងការពិសាអាហារផង។

វីតាមីន E និងស្លឹកប៉ិកួយ ៖ អាហារបំប៉នប្រភេទវីតាមីន E និងស្លឹកប៉ិកួយ (Ginkgo Biloba) មិនល្អទេសម្រាប់ការវះកាត់។ ព្រោះទាំង ២មុខ នេះ ទៅជំរុញចរន្តឈាមរត់ ធ្វើឱ្យចេញឈាមច្រើនខុសប្រក្រតី។ ដូច្នេះ ចូរផ្អាកពិសាអាហារបំប៉នទាំងនេះ មុននិងក្រោយការវះកាត់ យ៉ាងតិច១សប្តាហ៍។ បើមិនដូច្នេះទេ ពេលវះកាត់អាចបាត់បង់ឈាមច្រើន។ បើឈាមហូរមិនឈប់ អាចប្រឈមនឹងការបាត់បង់ជីវិតក៏សឹងមាន។

អាហារផ្អាប់ ជ្រក់ ឬត្រាំ ៖ ព្រោះអាហារទាំងនេះ បើធ្វើមិនស្អាត នឹងមានមេរោគ បាក់តេរី លាយឡំច្រើន។ ទោះបីពីមុនអ្នកមិនធ្លាប់ឆ្លងមេរោគក្តី ប៉ុន្តែក្រោយពេលវះកាត់ថ្មីៗ រាងកាយនឹងចុះខ្សោយ នាំឱ្យមេរោគមានឱកាសវាយលុកក៏ថាបាន បើប្រហែសអាចមានបញ្ហាឆ្លងមេរោគនៅមុខរបួស ដែលនឹងក្លាយជារឿងធំមិនខាន។

បុកល្ហុង ៖ ពិសេសក្តាមប្រៃនិងទឹកប្រហុក ដែលនៅក្នុងបុកល្ហុងនោះ ជាបញ្ហា ព្រោះជាប្រភេទអាហារផ្អាប់។ គួររង់ចាំឱ្យរបួសជាស្រួលបួលសិន ទើបជាការល្អ។

អាហារធ្វើឱ្យក្តៅក្នុង ៖ ដូចជា អាហារបំពង ទុរេន បាយដំណើបខ្ទិះ មៀន ត្រូវផ្អាកជាបណ្តោះអាសន្នសិន ព្រោះបើសីតុណ្ហភាពក្នុងខ្លួនកើនឡើង របួសនឹងមិនងាយជា ឬអាចក្លាយជាដំបៅរលួយ។

ភេសជ្ជៈគ្រឿងស្រវឹង ៖ ក្នុងភេសជ្ជៈទាំងនេះ មានជាតិស្ករខ្ពស់ ហើយជាតិស្ករនេះនឹងធ្វើឱ្យជាលិកាក្រសះស្បើយ ឱ្យរបួសក្រជាជាងធម្មតា។ បើមានជាតិស្រវឹងក្នុងខ្លួន នឹងនាំឱ្យបាត់បង់ការទប់លំនឹងខ្លួន។ ប្រសិនដួលផ្កាប់មុខ នឹងធ្វើឱ្យរបួសសល្យកម្មសម្រស់អាចវៀច ត្រូវចូលគ្លីនិកកែសម្រស់ ឬចូលមន្ទីរពេទ្យម្តងទៀតមិនខាន។

អាហាររសជាតិខ្លាំង ៖ ក្រោយពេលវះកាត់ថ្មីៗ គួរពិសាអាហារប្រភេទស្រាលៗ ងាយស្រួលរំលាយ រាងកាយមិនសូវធ្វើការធ្ងន់។ អាហាររសជាតិ ហឹរ នឹងជំរុញប្រព័ន្ធដុតបំផ្លាញថាមពល នាំឱ្យពិបាកគេង ដែលពេលនោះជាពេលត្រូវសម្រាកឱ្យបានច្រើន ៕

RELATED ARTICLES