ខេត្តក្រចេះ ៖ ជនដៃដល់ជាឃាតករដៃឆៅ ដែលបានធ្វើសកម្មភាពចាក់ប្រហារស្ត្រីមេម៉ាយ កូន២ម្នាក់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ក្នុងបន្ទប់ទឹកផ្ទះស្ត្រីរងគ្រាះ ស្ថិតក្នុងភូមិអូរ- គ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ ត្រូវបាន សមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបានហើយ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ នៅឯ ទឹកដីខេត្តបាត់ដំបង។
ជនសង្ស័យជាឃាតករដៃឆៅ ដែលសមត្ថកិច្ចចាប់ខ្លួនបាន មានឈ្មោះកាន់ វណ្ណៈ ហៅ ណាក់ អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅឃុំ អូរគ្រៀង ស្រុកសំបូរ និងក៏ជាមុខសញ្ញាធ្លាប់ ជាប់ពន្ធនាគារម្តងរួចមកហើយ ពាក់ព័ន្ឋនឹង ករណីអំពើរលួចសម្ភារៈរបស់ក្រុមហ៊ុនចិន ប្រព្រឹត្ត នៅស្រុកសំបូរ។ ចំណែកស្ត្រីរងគ្រាះដែលត្រូវ ឃាតករចាក់សម្លាប់យ៉ាងសាហាវឃោរឃៅ មានឈ្មោះអេង ម៉េងជា អាយុ៣៣ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូនក្នុងបន្ទុកចំនួន២នាក់ (ប្រុស១ ស្រី១)សព្វថ្ងៃស្នាក់នៅផ្ទះកើតហេតុខាងលើ។
យ៉ាងណាក្តី សមត្ថកិច្ចនៅមិនទាន់បាន កំណត់ឱ្យច្បាស់នៅឡើយទេថា មូលហេតុអ្វី បានជាជនដៃដល់ចាក់វាយសម្លាប់ស្ត្រីរងគ្រោះ យ៉ាងសាហាវបែបនេះ ខណៈដែលពេលនេះ ជនដៃដល់នៅមិនទាន់ឆ្លើយសារភាពគ្រប់គ្រាន់ នៅឡើយ។ ប៉ុន្តែបើយោងតាមការសន្និដ្ឋាន គឺ អាចផ្តើមចេញពីរឿងទំនាស់រវាងជនដៃដល់ និងស្ត្រីរងគ្រោះ ដែលកន្លងមកស្ត្រីរងគ្រោះ ធ្លាប់បានជួលជនដៃដល់ឱ្យធ្វើទ្រុងជ្រូកនៅក្នុងផ្ទះ។
សមត្ថកិច្ចបញ្ជាក់ថា ជនដៃដល់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី០១ ខែមេសា ឆ្នាំ ២០១៧ នៅខេត្តបាត់ដំបង ក្រោយពីជននេះ បានធ្វើសកម្មភាពរួច បានគេចខ្លួនទៅសម្ងំនៅ ទីនោះមានរយៈពេលជាង១ខែរួចមក។ សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការ តាមនីតិវិធី។
គួររំលឹកថា ស្ត្រីមេម៉ាយកូន២ម្នាក់ ត្រូវ ឃាតករដៃឆៅមិនស្គាល់មុខលបចូលចាក់សម្លាប់ នៅក្នុងបន្ទប់ទឹក បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ នៅចំណុចបន្ទប់ទឹកផ្ទះស្ត្រីរងគ្រាះ ស្ថិតក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុក សំបូរ។
តាមប្រភពព័ត៌មានពីអ្នកជិតខាងស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេល កើតហេតុពួកគាត់បានលាន់ឮសំឡេងក្តុងក្តាំង ចេញពីផ្ទះស្ត្រីរងគ្រោះដែរ តែមិនបានចាប់ អារម្មណ៍នោះទេ ព្រោះនឹកស្មានថា ជាសំឡេង ជ្រូកព្រោះផ្ទះស្ត្រីរងគ្រោះ មានចិញ្ចឹមមេជ្រូក ក្នុងនោះដែរ។ រហូតមកដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលកូនប្រុសស្រីរបស់ស្ត្រីរងគ្រោះត្រឡប់មកពីរៀនវិញចូលដល់ផ្ទះបាន បន្តិច ក៏រត់ចេញមកស្រែកឆោឡោហៅគេឯង ឱ្យជួយដោយប្រាប់ថា ម្តាយពួកគេបានស្លាប់ ហើយ។ ភ្លាមនោះ អ្នកជិតខាងក៏ផ្អើលចូលទៅ មើល ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះដេក ស្លាប់ក្នុងថ្លុកឈាមក្នុងបន្ទប់ទឹកទៅហើយ រួច ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមក ជួយអន្តរាគមន៍តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ ដល់ទីតាំងកើតហេតុ លុះធ្វើកោសល្យវិច័យ សពរួច ក៏បញ្ជាក់ប្រាប់ថា ស្ត្រីរងគ្រោះត្រូវ ជនដៃដល់ជាឃាតករចាក់ដោយអាវុធមុខស្រួច បណ្តាលឱ្យមុតត្រង់បំពង់ក និងក្រោយស្លឹកត្រចៀកផ្នែកខាងឆ្វេង ចំណែកកញ្ចឹងក ផ្នែកខាង ក្រោយមានស្នាមជាំ ព្រមទាំងមានស្លាកស្នាម ចាក់ប្រហារនៅលើដងខ្លួនផងដែរ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរង- គ្រោះត្រូវឃាតករចាក់សម្លាប់ តែមិនដឹងថា ជារឿងគំនុំ ឬជារឿងអ្វីផ្សេងនោះទេ ព្រោះ ថា តាមពិនិត្យមើលទ្រព្យសម្បត្តិក្នុងផ្ទះ មិន ឃើញមានបាត់បង់អ្វីទាំងអស់ ហេតុនេះបញ្ជាក់ ថា ឃាតករមានបំណងតែមួយគត់ គឺយកជីវិត របស់ស្ត្រីរងគ្រោះតែម្តង៕