Sunday, November 24, 2024
Homeនយោបាយបក្ស​ប្រឆាំង សម្រេច​ចិត្ត​មិនរុះ​រើក្បាល ម៉ា​ស៊ីន​ថ្មី ប្រធាន១ អនុ​ប្រធាន​៣

បក្ស​ប្រឆាំង សម្រេច​ចិត្ត​មិនរុះ​រើក្បាល ម៉ា​ស៊ីន​ថ្មី ប្រធាន១ អនុ​ប្រធាន​៣

ភ្នំពេញ ៖ គណបក្សប្រឆាំង (គណបក្សសង្គ្រោះជាតិ) បានសម្រេចមិនរុះរើក្បាលម៉ាស៊ីន ថ្មី ដែលបានជ្រើសតាំងក្នុងសមាជវិសាមញ្ញ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ នោះទេ ដោយរក្សាទុកនៅដដែល គឺប្រធាន១ អនុប្រធាន៣ ទោះបីក្រសួងមហាផ្ទៃ បញ្ជាក់ថា ការជ្រើសតាំងក្បាលម៉ាស៊ីនថ្មីនោះ ខុសលក្ខន្តិកៈ ដែលជាច្បាប់កំពូលរបស់គណបក្សនេះ ក៏ដោយ ប៉ុន្តែគណបក្សប្រឆាំងនេះ បានចេញ សេចក្តីប្រកាសជាលាយលក្ខណ៍អក្សរ ដកចេញ នូវចំណងជើងពាក្យស្លោក “ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ” ចេញពីលើគោលនយោ- បាយអាទិភាព៥ចំណុច តាមការទាមទាររបស់ គណបក្សប្រជាជនកម្ពុជា និងក្រសួងមហាផ្ទៃ។

សេចក្តីសម្រេចរបស់គណបក្សសង្គ្រោះជាតិខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំ គណៈកម្មាធិការនាយកគណបក្ស កាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៧។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការនាយក បានបញ្ជាក់ថា “នៅរសៀលថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៧ គណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ បានបើកកិច្ចប្រជុំរបស់ខ្លួន ដែលមានការចូលរួមជាអធិបតី ពីលោកកឹម សុខា ប្រធានគណបក្ស បន្ទាប់ពីបាន ទទួលលិខិតលេខ៤៨០ សជណ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ និងលិខិតលេខ ៥៧២ សជណ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ របស់ក្រសួង មហាផ្ទៃ។

បន្ទាប់ពីបានឃើញ និងពិនិត្យលើខ្លឹមសារ លិខិតរបស់ក្រសួងមហាផ្ទៃ អង្គប្រជុំគណៈកម្មាធិការនាយកគណបក្ស បានសម្តែងការអបអរ សាទរសាជាថ្មីម្តងទៀត ដល់លោកកឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិ រហូតដល់ចប់ អាណត្តិ ជំនួសលោកសម រង្ស៊ី ដែលបាន លាឈប់ ស្របតាមប្រការ៤៧ថ្មី នៃលក្ខន្តិកៈ គណបក្ស។ ជាមួយគ្នានេះ គណៈកម្មាធិការនាយក បានសម្រេចជាឯកច្ឆន្ទនៃសមាជិកវត្តមាន ៖

១-ផ្តល់ការគាំទ្រជាថ្មីម្តងទៀត ដល់ សមាសភាពអនុប្រធានគណបក្ស គឺលោកប៉ុល ហំម លោកស្រីមួរ សុខហួរ លោកអេង ឆៃអ៊ាង ស្របតាមប្រការ៤៧ថ្មី នៃលក្ខន្តិកៈគណបក្ស។

២-ដកចំណងជើង “ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ” ចេញពីគោលនយោបាយ អាទិភាព៥ចំណុច របស់គណបក្សសង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ- សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧”។

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការ នាយកគណបក្សសង្គ្រោះជាតិ នៅថ្ងៃនោះ អនុ- ប្រធានគណបក្សសង្គ្រោះជាតិ លោកអេង ឆៃអ៊ាង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ការប្រជុំគណៈកម្មាធិការនាយកគណបក្ស ដើម្បី ជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំបក្សថ្មីនេះ គឺ តម្រូវតាមការចង់បានរបស់ក្រសួងមហាផ្ទៃ។ ដូច្នេះការសម្រេចរក្សាតំណែងទាំងនេះ គឺស្រប តាមប្រការ៤៧ថ្មី នៃលក្ខន្តិកៈគណបក្ស ដែល បានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។

លោកអេង ឆៃអ៊ាង មានប្រសាសន៍នៅ ពេលនោះថា “ឥឡូវនេះយើងធ្វើស្រប ព្រោះ តាមការពិត លក្ខន្តិកៈរបស់យើង ក្រោយធ្វើ វិសោធនកម្មហើយហ្នឹង គឺវាចូលជាធរមាន ភ្លាមហើយ។ អ៊ីចឹងលោកកឹម សុខា ហ្នឹង លោក ក្លាយជាប្រធានគណបក្សដោយស្វ័យប្រវត្តិ អត់ មានចាំបាច់បោះឆ្នោតអីទេ។ លក្ខន្តិកៈចែង អ៊ីចឹង។ ច្បាស់អ៊ីចឹងហើយ ក្រសួងមហាផ្ទៃបាន ទទួលស្គាល់ហើយ រហូតដល់ចប់អាណត្តិ ព្រោះ អាណត្តិរបស់ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវចប់យ៉ាងយូរនៅថ្ងៃទី៧ ខែ៤ ឆ្នាំ២០១៨”។

ចំពោះការសម្រេចលុបពាក្យស្លោក “ដូរ មេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ” លោក អេង ឆៃអ៊ាង ពន្យល់ថា ដោយសារគណបក្ស ចង់ឱ្យមានការសម្របសម្រួល ហើយពាក្យស្លោក នេះទៀតសោត ក៏មិនសំខាន់ក្នុងការប្រកួតប្រជែងសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឡើយ ហើយគណបក្សក៏មិនទទួលខុសត្រូវដែរ ប្រសិនបើសកម្មជនបន្តយកពាក្យស្លោក នេះទៅឃោសនាបោះឆ្នោត នាពេលខាងមុខ។

ការប្រជុំគណៈកម្មាធិការនាយករបស់ គណបក្សសង្គ្រោះជាតិ បានធ្វើឡើងក្រោយ ពេលដែលប្រធានគណៈកម្មាធិការប្រតិបត្តិ គណបក្ស លោកយឹម សុវណ្ណ បានធ្វើលិខិត គោរពជូនសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយផ្ញើជូនសម្តេចនូវ លក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ ដែលបាន ធ្វើវិសោធនកម្ម ដោយសមាជវិសាមញ្ញ លើ ប្រការ៤៥ និងប្រការ៤៧ កាលពីថ្ងៃទី០២ ខែ មីនា ឆ្នាំ២០១៧ កន្លងមក។

ក្នុងលិខិតនោះ លោកយឹម សុវណ្ណ បាន បញ្ជាក់ជូនសម្តេច ស ខេង ថា ចំពោះករណី ដែលមិនទាន់យល់ស្របគ្នា គណបក្សសង្គ្រោះជាតិ នឹងរៀបចំកែសម្រួលក្រោយពេលលក្ខន្តិកៈ គណបក្ស ត្រូវបានទទួលស្គាល់ដោយក្រសួង មហាផ្ទៃ។

ដោយឡែក ជាការឆ្លយតបនឹងលិខិតនោះ សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង- មហាផ្ទៃ ក៏បានធ្វើលិខិតជម្រាបមកលោកយឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្ស សង្គ្រោះជាតិ វិញ ដោយបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានទទួលស្គាល់ដំណើរការសមាជ វិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ ហើយ ក្រសួងមហាផ្ទៃ ក៏មិនជំទាស់ការធ្វើវិសោធនកម្ម ប្រការ៤៥ និងប្រការ៤៧ នៃលក្ខន្តិកៈរបស់ គណបក្សសង្គ្រោះជាតិ ដែរ។

លិខិតរបស់សម្តេចស ខេង ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ មានខ្លឹមសារថា “ក្រសួង មហាផ្ទៃ ទទួលរួចហើយនូវលក្ខន្តិកៈ ដែលបាន ធ្វើវិសោធនកម្ម លើប្រការ៤៥ និងប្រការ៤៧ ដែលបានអនុម័តដោយសមាជវិសាមញ្ញរបស់ គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ តាមរយៈលិខិតលេខ៤៨០ សជណ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ របស់ក្រសួង មហាផ្ទៃ។

ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ សូមស្នើ គណបក្សសង្គ្រោះជាតិ បន្តយកចិត្តទុកដាក់ អនុវត្តឱ្យបានត្រឹមត្រូវតាមស្មារតីនៃលិខិតលេខ ៤៨០ សជណ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ។

អាស្រ័យហេតុនេះ សូមលោកប្រធាន គណៈកម្មាធិការប្រតិបត្តិជ្រាប និងចាត់ចែងអនុវត្តដោយការទទួលខុសត្រូវ…”។

ជុំវិញលក្ខន្តិកៈដែលបានធ្វើវិសោធនកម្មថ្មី និងក្បាលម៉ាស៊ីនថ្មី របស់គណបក្សសង្គ្រោះជាតិ ដែលនៅរក្សាទុករូបមន្ត ប្រធាន១ អនុប្រធាន៣ ខាងលើនេះ មិនទាន់ដឹងថា ក្រសួង មហាផ្ទៃ នឹងមានយោបល់យ៉ាងណា ឬទទួល ស្គាល់ឬអត់នោះទេ ខណៈដែលអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានបញ្ជាក់កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ថា សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹង ពិនិត្យលក្ខន្តិកៈថ្មីរបស់គណបក្សសង្គ្រោះជាតិ ហើយនឹងពិចារណាម្តងទៀត ចំពោះក្បាលម៉ាស៊ីនថ្មីរបស់គណបក្សប្រឆាំងនេះ ថាជ្រើស តាំងត្រឹមត្រូវតាមលក្ខន្តិកៈបក្សឬអត់ មុននឹង ប្រកាសទទួលស្គាល់ ឬមិនទទួលស្គាល់៕ កុលបុត្រ

RELATED ARTICLES