បញ្ហាពិបាកបន្ទោបង់ និងទល់លាមក ធ្វើឱ្យមានជាតិពុលច្រើនក្នុងខ្លួន។ បើបណ្តែតបណ្តោយទុកយូរ នឹងក្លាយជាបញ្ហាធំ។ ការលាងពោះវៀនជាវិធីធម្មជាតិមួយ ដែលអាចជួយបន្ថយការប្រឈមកើតជំងឺមហារីកពោះវៀន។
-ហេតុអ្វីត្រូវលាងពោះវៀន ៖ តាមធម្មតា រាងកាយមានប្រព័ន្ធកម្ចាត់ស្រាប់ហើយ ប៉ុន្តែបើជាតិពុលចូលក្នុងខ្លួនច្រើន កម្ចាត់មិនអស់ វានឹងនៅកកផ្តុំក្នុងខ្លួន ហើយទើរនៅក្នុងពោះវៀនយូរ ធ្វើឱ្យមិនស្រួលពោះ ឈានទៅរកការរលាកពោះវៀន និងជ្រៀតចូលទៅក្នុងចរន្តឈាម នាំឱ្យមានអាការខុសប្រក្រតី ហើយរាងកាយក៏ខ្វះតុល្យភាព។ ទោះបីពិសាវីតាមីន ឬអាហារបំប៉នមានប្រសិទ្ធភាពច្រើនយ៉ាងណាក្តី ក៏មិនអាចជួយអ្វីបានដែរ ព្រោះជាតិពុលនៅក្នុងខ្លួន មិនអាចបឺតស្រូបយកវីតាមីនទាំងនោះបានទេ។
-សុខភាពល្អ មើលពោះវៀន ៖ ពោះវៀនតូច មានតួនាទីបឺតស្រូបសារធាតុអាហារ និងវីតាមីនចូលទៅក្នុងរាងកាយដោយផ្ទាល់។ បើមានការរលាក ឬមានសារធាតុពុលជ្រាបចេញពីពោះវៀនចូលទៅក្នុងចរន្តឈាម នឹងធ្វើឱ្យកើតជាជំងឺផ្សេងៗដូចជា កើតមុន រ៉ាំរ៉ៃ ជំងឺប្រតិកម្ម ជំងឺប្រកាំង ជំងឺហើមសន្លាក់ ជំងឺរលាកក្រពេញទីរ៉ូអ៊ីដ ឈឺចុករួយសាច់ដុំ ឆាប់អស់កម្លាំង និងប៉ះពាល់ដល់ប្រព័ន្ធដុតបំផ្លាញថាមពលក្នុងរាងកាយ។
ចំណែកពោះវៀនធំ មានតួនាទីកម្ចាត់វត្ថុកាកសំណល់ និងសារធាតុពុលផ្សេងៗ ដែលបញ្ជូនមកពីពោះវៀនតូច។ បើពោះវៀនធំធ្វើការល្អ សុខភាពរបស់អ្នកក៏ល្អទៅតាមនោះដែរ។ បើពិបាកបន្ទោបង់ ឬមានអ្វីសេសសល់នៅក្នុងពោះវៀនធំ វាជាមូលហេតុនាំឱ្យទល់លាមក កើតឫសដូងបាត និងមហារីកពោះវៀន។
ការលាងពោះវៀន ជាវិធីមួយជួយកម្ចាត់ជាតិពុល និងបន្ថយការរលាកពោះវៀន ធ្វើឱ្យពោះវៀនបឺតស្រូបយកសារធាតុអាហារបានតាមធម្មតា និងជួយឱ្យសាច់ដុំពោះវៀនកន្ត្រាក់ខ្លួនបានល្អទៀតផង។ ទោះជាយ៉ាងនេះក្តី អាចមានការបាត់បង់ជាតិខនិជ និងបាក់តេរីល្អៗមួយផ្នែកដែរ។ ដូច្នេះ គួរលាងពោះវៀន ដោយឋិតនៅក្រោមការថែទាំពីគ្រូពេទ្យជំនាញប៉ុណ្ណោះ មិនអាចធ្វើដោយខ្លួនឯងនៅផ្ទះបានទេ ព្រោះប្រឈមបញ្ហាសុវត្ថិភាព និង អនាម័យ។
-សុខភាពល្អ ចាំបាច់ត្រូវលាងពោះវៀនដែរឬទេ ? ទោះបីមានការ បន្ទោបង់ជាប្រចាំរាល់ថ្ងៃក្តី ក៏អាចនៅមានវត្ថុសំណល់សេសសល់ នៅជាប់តាមជញ្ជាំងពោះវៀនដែរ។ ចំពោះអ្នកដែលបន្ទោបង់រាល់ថ្ងៃ គ្រូពេទ្យណែនាំឱ្យលាងពោះវៀន ៦ខែម្តង។
-លាងពោះវៀនញយដង ធ្វើឱ្យពោះវៀនស្តើងឬទេ ? ពេលលាង ពោះវៀនជាលើកដំបូង អ្នកនឹងមានអារម្មណ៍ស្រាលពោះ ហាក់ដូចជាបាន លាងយកជាតិកខ្វក់ដែលនៅជាប់ក្រាំងនឹងពោះវៀនជាយូរមកហើយ ចេញ អស់យ៉ាងនោះដែរ រហូតដល់ចង់លងាពោះវៀនម្តងហើយម្តងទៀត។ គ្រូពេទ្យបានណែនាំថា ការលាងពោះវៀនអាចធ្វើបានញឹកបំផុតគឺ ២សប្តាហ៍ម្តង ដើម្បីការពារកុំឱ្យបាត់បង់បាក់តេរីល្អ ដែលមានប្រយោជន៍ចំពោះពោះវៀន ហើយក៏ជាវិធីធម្មជាតិ ដែលពុំមានគ្រោះថ្នាក់ដល់ពោះវៀននោះទេ។
ការលាងពោះវៀន ជាការបញ្ចូលសារធាតុរំលាយចូលទៅយឺតៗជាធម្មតា ពុំមានការប្រើកម្លាំងបាញ់បញ្ចូលនោះទេ។ ចំណែកសារធាតុរំលាយ នោះ ក៏មិនកាត់ពោះវៀនអ្វីដែរ ទើបពុំមែនជាមូលហេតុឱ្យពោះវៀនស្តើង។ ការកម្ចាត់ជាតិពុលនៅក្នុងពោះវៀន គ្រាន់តែជាការជំរុញពោះវៀន ដោយប្រើសារធាតុរំលាយជាតិខនិជ លាយជាមួយទឹកក្តៅឧណ្ហៗប៉ុណ្ណោះ ពុំមែនប្រើសារធាតុគីមីដូចជា ឱសថបញ្ចុះនោះទេ ។
ដូច្នេះ ការលាងពោះវៀនញឹកញាប់ ទើបមិនបង្កឱ្យពោះវៀនស្តើង ឬមានបញ្ហាពិបាកបន្ទោបង់ ដូចការប្រើឱសថបញ្ចុះជាប្រចាំឡើយ។
-អ្នកណាខ្លះ មិនគួរលាងពោះវៀន ? គឺស្ត្រីមានផ្ទៃពោះ អ្នកដែល ធ្លាប់វះកាត់ពោះវៀន ឬវះកាត់ពោះក្នុងរយៈពេល៣ខែកន្លងទេៅមានបញ្ហា លើសឈាម មានជំងឺបេះដូង និងអ្នកដែលមានសុខភាពខ្សោយ៕