Sunday, January 19, 2025
Homeព័ត៌មានជាតិចង់សម្រកសន្សឹមៗ តែ​មិនធាត់វិញធ្វើដូចម្តេច ?

ចង់សម្រកសន្សឹមៗ តែ​មិនធាត់វិញធ្វើដូចម្តេច ?

ស្ត្រីខ្លះចង់សម្រកទម្ងន់ រហូតដល់មិនហ៊ានពិសាអាហារច្រើនពេល ពិសា មួយពេល អត់មួយពេល។ ប៉ុន្តែហេតុអ្វីនៅតែមិនស្រកទម្ងន់ ? តិចនិកខាង ក្រោម អាចជួយក្នុងរឿងនេះបាន។

ពិសាតែបៃតង ៖ ការសិក្សាបានរកឃើញថា ការពិសាតែបៃតង អាចជួយដុតបំផ្លាញថាមពលកើនឡើងប្រមាណ៧០កាឡូរី ក្នុងរយៈពេល២៤ម៉ោង បានន័យថា ទម្ងន់របស់អ្នកនឹងស្រកចុះ៣គីឡូក្រាម ក្នុងមួយឆ្នាំ។ គេជឿថា ការដុតបំផ្លាញថាមពលដែលកើនឡើង ក៏ព្រោះតែសារធាតុខាតេជីនស៍ (Catechins) ដែលមាននៅក្នុងតែបៃតងនោះតែម្តង។

លើកដុំទម្ងន់ ៖ ព្រោះជាការហ្វឹកហាត់ភាពរឹងមាំ និងបង្កើតសាច់ដុំ ជួយឱ្យរាងកាយដុតបំផ្លាញកាឡូរីបានច្រើន។ នៅពេលអ្នកមានសាច់ដុំកើនឡើង ជាតិខ្លាញ់ក៏ថយចុះ ឯទម្ងន់ក៏ស្រកចុះបានលឿនទៀតផង។ ដើម្បីបង្កើនភាពរឹងមាំរបស់សាច់ដុំ អ្នកអាចហាត់កាយវិការងាយៗ ដូចជា Push Ups, Squats ជាការហាត់ប្រាណបែបងាយ ដោយមិនបាច់ប្រើឧបករណ៍អ្វីក្រៅពីរាងកាយរបស់អ្នក។ បើហាត់ដោយមានការលើកដុំទម្ងន់ផង រឹតតែប្រសើរ ធ្វើ ៣-៤ដងក្នុងមួយសប្តាហ៍ រូបរាងរបស់អ្នកនឹងប្រែប្រួលមិនខាន។

កុំបង្អត់អាហារ ៖ ភាគច្រើនគិតថា បើបង្អត់អាហារនឹងធ្វើឱ្យស្រកទម្ងន់បានលឿន តាមពិតគឺផ្ទុយស្រឡះទៅវិញទេ ព្រោះរាងកាយរបស់អ្នកគិតថា អាហារដែលបានទទួលទានចូលទៅ មានបរិមាណតិច ទើបធ្វើឱ្យមានការដុតបំផ្លាញថាមពលយឺត ដើម្បីសន្សំថាមពលទុក។ នៅពេលអ្នកពិសាអាហារចូលទៅម្តងទៀត រាងកាយនឹងសន្សំអាហារទាំងនេះទុក ដើម្បីសន្សំថាមពលបម្រុង និងមិនត្រូវបានដុតបំផ្លាញទេ។ នេះទើបជាមូលហេតុដែលធ្វើឱ្យអ្នកមិនអាចស្រកទម្ងន់បាន។ ហេតុនេះកុំបង្អត់អាហារឱ្យសោះ ប៉ុន្តែឱ្យពិសាតិចតួចតែញឹកញាប់វិញ ទើបបានលទ្ធផលល្អ។

សម្រាកឱ្យគ្រប់គ្រាន់ ៖ អ្នកធ្លាប់ឮមកហើយថា បើអត់ងងុយនឹងធ្វើឱ្យឆាប់ធាត់ ព្រោះការអត់ងងុយ នាំឱ្យរាងកាយបញ្ចោញអ័រម៉ូននៃការលូតលាស់ ចេញមកជួសជុលរាងកាយមិនបានល្អ បណ្តាលឱ្យប្រព័ន្ធដុតបំផ្លាញថាមពលកាន់តែយ៉ាប់យ៉ឺនថែមទៀត។

ហាត់ប្រាណយ៉ាងតិច ៣០នាទី ក្នុងមួយថ្ងៃ ៖ មិនគួរយកលេសថា គ្មានពេលហាត់ប្រាណនោះទេ ព្រោះថា អ្នកអាចធ្វើបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដូចជា ដើរទៅចំណតរថយន្ត ជិះកង់ទៅធ្វើការ ឬដើរឡើងជណ្តើរ ដោយមិនប្រើជណ្តើរយន្ត។ លើសពីនោះទៅទៀត ក្លឹបហាត់ប្រាណក៏មាននៅច្រើនកន្លែង បង្កលក្ខណៈងាយស្រួលដល់អ្នក គ្រាន់តែឆ្លៀតពេលត្រឹម ៣០នាទីក្នុងមួយថ្ងៃ នឹងអាចដុតបំផ្លាញថាមពលបានដល់ទៅ ៣០០កាឡូរីឯណោះ។

បន្ថយអំបិល ៖ ដោយសារអំបិល ជួយឱ្យមានការផ្ទុកជាតិទឹកក្នុងខ្លួនកាន់តែច្រើន នាំឱ្យខ្លួនឡើងហើម។ តាមពិតមិនគួរពិសាអំបិលឱ្យលើសពី ២៤០០មិល្លីក្រាម ឬប្រមាណ ១ស្លាបព្រាកាហ្វេ ក្នុងមួយថ្ងៃឡើយ។ ប៉ុន្តែ ភាគច្រើនតែងតែពិសាអំបិលលើសនេះ ២-៣ដងឯណោះ។ បើអ្នកចង់សម្រកទម្ងន់ គួរពិចារណាលើការទទួលទាន ជាពិសេស អាហារដែលមានជាតិអំបិលច្រើន ដូចជា ស៊ុប អាហារកំប៉ុង។

ចេញដើរលេងៗខ្លះ នៅពេលល្ងាច ៖ ទោះជាអ្នកហាត់ប្រាណពេលណា ក៏ល្អចំពោះសុខភាពដែរ ជាពិសេស ពេលល្ងាច មានប្រយោជន៍ខ្លាំង ដោយសារការដុតបំផ្លាញថាមពលចាប់ផ្តើមធ្វើការយឺត។ ដូច្នេះ បើដឹងថា មិនអាចអត់អាហារពេលល្ងាចបាន គួរឆ្លៀតពេលចេញដើរលេងខ្លះ មុនពេលបាយល្ងាច ក៏ជាជម្រើសល្អដែរ។

ពិសាទឹកឱ្យបានច្រើន ៖ យ៉ាងតិច ២លីត្រ ក្នុងមួយថ្ងៃ ជាវិធីងាយបំផុត ដែលជួយសម្រកទម្ងន់បានឆាប់ ដោយសាររាងកាយត្រូវការជាតិទឹក ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការដុតបំផ្លាញជាតិខ្លាញ់។ បើពិសាទឹកតិច នឹងធ្វើឱ្យការដុតបំផ្លាញកាឡូរីបានតិច។ ដូច្នេះ គួរជំរុញខ្លួនឯងពិសាទឹកឱ្យបានច្រើនប្រសើរជាង ដើម្បីឱ្យប្រព័ន្ធផ្សេងៗក្នុងខ្លួន ធ្វើការបានរលូនល្អ និងជួយគ្រប់គ្រងទម្ងន់ខ្លួនផងដែរ៕

RELATED ARTICLES