Friday, January 31, 2025
Homeព័ត៌មានជាតិប្តី​ស្រវឹង​ខឹង​គេ​ញ៉ែ​ប្រពន្ធ ទាញ​កាំ​កង់​ម៉ូតូ​ចាក់

ប្តី​ស្រវឹង​ខឹង​គេ​ញ៉ែ​ប្រពន្ធ ទាញ​កាំ​កង់​ម៉ូតូ​ចាក់

ខេត្តកំពង់ចាម ៖ បុរសម្នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែកក៏ផ្ទុះភ្លើងប្រចណ្ឌចោទ បុរសជាអ្នកផឹករួមវង់ជាមួយគ្នាម្នាក់ថា បាន ញ៉ែប្រពន្ធរបស់ខ្លួន រួចក៏ស្ទុះទៅទាញកាំកង់ ម៉ូតូចាក់ប្រហារជនរងគ្រោះ បណ្តាលឱ្យធ្លាយ ខ្នងរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមាត់ទន្លេមេគង្គ ស្ថិតក្នុង ភូមិកោះថ្មី ហៅភូមិទី១ ឃុំកោះសូទិន ស្រុក កោះសូទិន។

បុរសរងគ្រោះដែលត្រូវគេចោទថា ញ៉ែ ប្រពន្ធគេ រួចត្រូវគេចាក់ឱ្យរងរបួសធ្ងន់ មាន ឈ្មោះស៊ាប ដៀប អាយុ៣៣ឆ្នាំ មុខរបរ កម្មករដាំបង្គោលភ្លើង ធ្វើការនិងស្នាក់នៅក្នុង ភូមិកើតហេតុខាងលើ និងមានស្រុកកំណើត នៅភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ។ ចំណែកជនដៃដល់មានឈ្មោះសេង ចាន់ថេង អាយុ៣៦ឆ្នាំ មុខរបរអ្នកបើកសាឡង់ដឹកក្រួសខ្សាច់ធ្វើការ និងស្នាក់នៅក្នុងភូមិកើតហេតុ ខាងលើជាមួយគ្នា និងមានស្រុកកំណើតនៅ ភូមិថ្មី ឃុំរំចេក ស្រុកកំពង់សៀម។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនបង្កហេតុ បានជួបជុំគ្នាទិញស្រា មកអង្គុយផឹកយ៉ាងសប្បាយក្អាកក្អាយ លុះដល់ យប់ជ្រៅ ក្រោយពេលស្រវឹងធ្លាក់ភ្នែករៀងៗ ខ្លួន ស្រាប់តែជនបង្កផ្ទុះចិត្តប្រចណ្ឌ ក៏បានចោទ ប្រកាន់ថា ជនរងគ្រោះធ្លាប់បានញ៉ែប្រពន្ធរបស់ ខ្លួន តែភ្លាមនោះជនរងគ្រោះ បានព្យាយាម ប្រកែកថា ជារឿងយល់ច្រឡំទេ ព្រោះរូបគេ មិនធ្លាប់បានញ៉ែប្រពន្ធរបស់ជនបង្កហេតុនោះ ឡើយ ប៉ុន្តែជនបង្កមិនព្រមស្តាប់ ក៏កើតជា ទំនាស់យ៉ាងក្តៅគគុក រហូតដល់ជនបង្កហេតុ ទប់កំហឹងមិនបាន ក៏ស្ទុះទៅទាញកាំកង់ម៉ូតូមក ចាក់ប្រហារទៅលើជនរងគ្រោះចំបោះដៃផុត ចំនួន២កន្លែង និងចំខ្នងចំនួន៣កន្លែង បណ្តាល ឱ្យរងរបួសធ្ងន់ និងត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដើម្បី សង្គ្រោះជីវិត។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ចាប់ឃាត់ខ្លួនជនដៃដល់នាំយកមក សាកសួរនៅអធិការដ្ឋាននគរបាលស្រុកកោះសូទិន។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុបាន សារភាពថា រូបគេពិតជាបានចាក់ប្រហារជនរងគ្រោះប្រាកដមែនមូលហេតុ ក៏ព្រោះតែរូប គេផឹកស្រាស្រវឹងខ្លាំងពេក ម៉្យាងប្រចណ្ឌនឹងជនរងគ្រោះដែលធ្លាប់បានញ៉ែប្រពន្ធរបស់ខ្លួន ទើបទប់ចិត្តមិនបានក៏ទាញកាំកង់ម៉ូតូចាក់ ដើម្បីស្រាយកំហឹងតែម្តង។

ជនបង្កហេតុត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលា ដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕ សុភ័ណ្ឌ

RELATED ARTICLES