ភ្នំពេញ ៖ បុរសម្នាក់ កំពុងបើកម៉ូតូសុខៗ ក៏ត្រូវនារីម្នាក់បើកម៉ូតូមកបុក បណ្តាលឱ្យដួល បែកចង្កាហូរឈាម ចំណែកភាគីម្ខាងទៀត គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ លុះពេលកំពុង ដោះស្រាយគ្នា ស្រាប់តែសន្តិសុខក្លឹបម្នាក់ បាន ដើរមកស្រែក មិនឱ្យភាគីបង្កជានារីសងសំណង ទើបភាគីរងគ្រោះខឹងជេរប្រមាថ ធ្វើឱ្យបុរស ជាសន្តិសុខក្លឹបផ្ទុះកំហឹងធាក់បុរសរងគ្រោះ១ ជើងដួលផ្កាប់មុខ បង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ តាមបណ្តោយ ផ្លូវជាតិលេខ៤ ស្ថិតនៅភូមិព្រៃស្វាយ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះមានឈ្មោះសំ រដ្ឋា អាយុ ២៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមាន ស្រុកកំណើតនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បើកម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BJ-6104។
តាមសម្តីបុរសរងគ្រោះ បាននិយាយថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូ ម៉ាក ហុងដា ឌ្រីម ក្នុងទិសដៅពីកើតទៅលិច លុះ មកដល់ចំណុចកើតហេតុ ដែលមានចម្ងាយ ប្រមាណ១០០ម៉ែត្រពីក្លឹបរស្មីពេជ្រនិល ស្រាប់ តែមានម៉ូតូមួយគ្រឿង ម៉ាកវ៉េវបើកដោយនារី ម្នាក់ ក្នុងទិសដៅពីកើតទៅលិចស្របគ្នាបាន បើកជែងម៉ូតូរបស់គាត់ តែមិនផុត ក៏គេចមក ខាងស្តាំធ្វើឱ្យប៉ះម៉ូតូគាត់ដួលរងរបួសបែកចង្កា ហូរឈាម ចំណែកនារីជាអ្នកបើកម៉ូតូវ៉េវ គ្រាន់តែរលាត់ដៃជើងបន្តិចបន្តួចប៉ុណ្ណោះ។
ប្រភពដដែលបន្តថា បន្ទាប់ពីកើតហេតុ ពួកគាត់ទាំងសងខាងកំពុងតែចរចាគ្នាទាមទារ សំណង ស្រាប់តែលេចមុខសន្តិសុខក្លឹបរស្មីពេជ្រនិល ដើរមកដល់ស្រែកថា មិនបាច់សងវាទេ ព្រោះវាជាអ្នកខុស រួចហើយដើរចេញទៅវិញ ទើបគាត់ខឹង ក៏សួរថាលោកឯងចេះអី លោក ឯងជាប៉ូលិសមែនទេ បានជាដឹងថាអ្នកណាជា អ្នកខុស។ ភ្លាមៗនោះសន្តិសុខក្លឹបខាងលើបាន ស្ទុះមកធាក់គាត់មួយជើង បណ្តាលឱ្យដួលផ្កាប់ មុខ ហើយគេចចូលក្លឹបបាត់ ធ្វើឱ្យកើតមានរឿង ចលាចល ស្របពេលនោះគាត់រវល់តែតាមរក មុខជនបង្កហេតុ ដែលធាក់គាត់មួយជើង ស្រាប់ តែនារីដែលជាអ្នកបើកម៉ូតូបង្កហេតុបានលើក ម៉ូតូបើកចេញទៅបាត់។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវ បានមិត្តភក្តិជួយដឹកទៅព្យាបាលនៅគ្លីនិកឯក ជនក្បែរកន្លែងកើតហេតុ រួចហើយតាមស្វែង រកមុខជនបង្កហេតុមកដោះស្រាយគ្នា។ ចំណែក ជនបង្កហេតុជាសន្តិសុខ បានសារភាពថា ខ្លួន ពិតជាបានធាក់ជនរងគ្រោះមួយជើងមែន ដោយសារខឹងជនរងគ្រោះជេរគាត់។ ខណៈពេលដែល មានការចរចា ដើម្បីរកដំណោះស្រាយនោះ ថៅកែក្លឹបបានចេញមុខដោះស្រាយដោយចេញ ថ្លៃព្យាបាលរបួសចំនួន១៣០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕
ថោង ធឹម