ខេត្តព្រៃវែង ៖ បុរសម្នាក់ ព្រោះតែខឹង ស្ត្រីជាអ្នកភូមិម្នាក់ ជំពាក់ប្រាក់យូរណាស់មក ហើយ មិនព្រមសងចេះតែឆ្លើយដោះសារម្តង ថាថ្ងៃនេះ ម្តងថ្ងៃនោះ រកការពិតមិនឃើញក៏ ផ្ទុះជម្លោះតឹងសរសៃកដាក់គ្នា រហូតដល់ទប់ កំហឹងលែងបាន ទាញបំពង់ទីបវាយសំពងទៅ លើស្ត្រីជាកូនបំណុល បណ្តាលឱ្យរយះក្បាល និងបាក់ដៃម្ខាង រងរបួសធ្ងន់ បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវែលាម៉ោង៩និង៣៥ នាទីព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នៅ ចំណុចភូមិរកា ឃុំរកា ស្រុកពារាំង។
បុរសដៃដល់ ដែលវាយស្ត្រីជាកូនបំណុល បែកក្បាល និងបាក់ដៃ ព្រោះតែខឹងជំពាក់លុយ មិនសងនេះ មានឈ្មោះសន ឡៃ អាយុ៥១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុ ខាងលើ។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះរស់ ធូ អាយុ៣៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុង ភូមិជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា ស្ត្រីរងគ្រោះបានជំពាក់ប្រាក់ជនដៃដល់ជា យូរមកហើយ តែមិនដឹងថា ចំនួនប៉ុន្មាននោះទេ ហើយជារឿយៗជនដៃដល់តែងមកទាររកប្រាក់ដែរ តែស្ត្រីរងគ្រោះចេះតែសន្យា ម្តងថាថ្ងៃនេះ ម្តងថ្ងៃនោះ រកការពិតមិនឃើញសោះ។ លុះ មកដល់វេលាកើតហេតុខាងលើ ជនដៃដល់ បានមកទារលុយពីស្ត្រីរងគ្រោះម្តងទៀត តែ ត្រូវស្ត្រីរងគ្រោះបន្ទោសថា មកទារលុយអីទាំង ព្រឹក ទើបកើតមានជាជម្លោះតឹងសរសៃកដាក់ គ្នា រហូតដល់ភាគីបុរសជាម្ចាស់បំណុលទប់ចិត្ត មិនបាន ក៏ទាញបំពង់ទីបពណ៌ខ្មៅ ទំហំប៉ុន មេជើង ប្រវែងជាង១ម៉ែត្រ ស្ទុះទៅវាយលើ ស្ត្រីរងគ្រោះទាំងកំរោល បណ្តាលឱ្យចំក្បាល បែកហូរឈាម និងវាយថែម១បំពង់ទីបទៀត តែត្រូវស្ត្រីរងគ្រោះ លើកដៃខាងស្តាំរង បណ្តាល ឱ្យបាក់ឆ្អឹងកំភួនដៃខាងស្តាំមួយកន្លែងទៀត។
ក្រោយពេលកើតហេតុ បុរសជាម្ចាស់ បំណុលបានបោះបំពង់ទីបចោល រួចរត់គេចខ្លួន បាត់ស្រមោលតែម្តង។ ចំណែកជនរងគ្រោះត្រូវ បានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។
ជុំវិញករណីហិង្សាខាងលើនេះ សមត្ថកិច្ច បានចុះដល់ទីតាំងកើតហេតុ ដកហូតបានបំពង់ទីប១ដើមប្រវែងជាង១ម៉ែត្រ យកមករក្សាទុកធ្វើជាវត្ថុតាង និងកំពុងស្រាវជ្រាវតាមចាប់ ខ្លួនជនដៃដល់ ដើម្បីនាំយកមកចាត់ការបន្ត តាមនីតិវិធី៕