Friday, January 31, 2025
Homeព័ត៌មានជាតិផឹក​ស្រវឹង​ទាស់​សម្តី ទាញ​ពូថៅ​កាប់ មិត្ត​ភក្តិ​ស្លាប់

ផឹក​ស្រវឹង​ទាស់​សម្តី ទាញ​ពូថៅ​កាប់ មិត្ត​ភក្តិ​ស្លាប់

ខេត្តកំពង់ស្ពឺ ៖ បុរស២នាក់ជាក្លើម្រាក់ (មិត្តភក្តិសម្លាញ់នឹងគ្នា) បានទិញស្រាផឹក រហូត ដល់ស្រវឹងជោក ស្រាប់តែកើតមានទំនាស់ពាក្យ សម្តីនឹងគ្នាតិចតួច ស្រាប់តែភាគីម្ខាងផ្ទុះកំហឹង ទាញពូថៅកាប់ក្លើរបស់ខ្លួន បណ្តាលឱ្យស្លាប់ ក្នុងថ្លុកឈាមគួរឱ្យរន្ធត់ កាលពីវេលាម៉ោង៦ និង៤០នាទីព្រលប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០១៧ នៅចំណុចមុខផ្ទះជនដៃដល់ ស្ថិត ក្នុងភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី។

បុរសរងគ្រោះដែលត្រូវមិត្តភក្តិស្និទ្ធស្នាល កាប់១ពូថៅស្លាប់ក្នុងថ្លុកឈាម មានឈ្មោះសំ នូច អាយុ៣៦ឆ្នាំ មុខរបរជាងសំណង់ មាន លំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនដៃដល់ជាឃាតករមានឈ្មោះង៉ែត សុវណ្ណ ហៅ និត អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែ មានលំនៅ ក្នុងភូមិជាមួយគ្នា។

តាមសម្តីរបស់បុរសឈ្មោះណេន ពុទ្ធិគង់ អាយុ២៤ឆ្នាំ មុខរបរធ្វើស្រែ ត្រូវជាប្អូនរបស់ ជនរងគ្រោះបានរៀបរាប់ប្រាប់ថា រវាងបងប្រុសរបស់គាត់ (ជនរងគ្រោះ) និងជនសង្ស័យ ជាឃាតករ គឺជាក្លើម្រាក់ (មិត្តភក្តិស្និទ្ធស្នាល នឹងគ្នា)។ នៅមុនពេលកើតហេតុ ជនរងគ្រោះ បានទៅធ្វើផ្ទះឱ្យប្រជាពលរដ្ឋនៅក្នុងភូមិជាមួយគ្នា រួចក៏មានការជួបជុំគ្នាផឹកស៊ីនៅទីនោះ ចំណែកជនសង្ស័យជាឃាតករក៏បានទៅចូល រួមផឹកស៊ីជាមួយគេដែរ។ លុះក្រោយពីផឹក ស្រាស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ជនរងគ្រោះ និងជនសង្ស័យបាននាំគ្នាដើរត្រឡប់មកផ្ទះវិញ ហើយនៅតាមផ្លូវពួកគេទាំង២នាក់ ក៏បានទាស់ សម្តីគ្នាតិចតួច តែត្រូវអ្នកភូមិក្បែរគ្នាជួយចាប់ ចេញ ទើបមិនកើតជាអំពើហិង្សាអ្វីនោះទេ ហើយអ្នកទាំង២ក៏បានធ្វើការសម្របសម្រួល គ្នាស្ងាត់ៗដែរ។

ប្រភពដដែលបន្តថា លុះដល់ម៉ោងជាង ៦ព្រលប់ថ្ងៃដដែល អ្នកទាំង២ក៏កើតមានទំនាស់ នឹងគ្នាម្តងទៀត បន្ទាប់មក ជនរងគ្រោះបាន ដើរសំដៅទៅផ្ទះរបស់ជនសង្ស័យ ក្នុងបំណង ទៅសុំទោសបញ្ចប់រឿង។ លុះពេលទៅដល់ មុខផ្ទះរបស់ជនសង្ស័យ ក៏ឮសំឡេងជនសង្ស័យ ស្រែកថា កុំដើរចូលមកប្រយ័ត្នអញកាប់ តែ ពេលនោះជនរងគ្រោះនៅតែបន្តដើរចូលទៅ រកជនសង្ស័យបំណងសុំទោសតែប៉ុណ្ណោះ ស្រាប់ តែត្រូវជនសង្ស័យទាញពូថៅកាប់ប្រហារជនរងគ្រោះចំសៀតផ្កាខាងឆ្វេង១ពូថៅ បណ្តាល ឱ្យជនរងគ្រោះដួលដេកស្លាប់ក្នុងថ្លុកឈាមតែ ម្តង ចំណែកជនសង្ស័យនៅពេលឃើញសភាព បែបនេះ ក៏រត់គេចខ្លួនបាត់ស្រមោល។

តាមរបាយការណ៍របស់សមត្ថកិច្ចស្រុក គងពិសី បានបញ្ជាក់ឱ្យដឹងថា ករណីហឹង្សាដោយ ចេតនាបង្កឱ្យមនុស្សស្លាប់នេះ គឺដំបូងឡើយ ឈ្មោះង៉ែត សុវណ្ណ ហៅនិត បានផឹកស្រាជាមួយឈ្មោះសំ នូច រួចក៏កើតមានទំនាស់ពាក្យ សំដី រហូតមានការវាយតប់គ្នា ពេលនោះឈ្មោះ ង៉ែត សុវណ្ណ ហៅនិត បានយកពូថៅមកកាប់ ឈ្មោះសំ នូច ចំក្បាល បណ្តាលឱ្យស្លាប់នៅ កន្លែងកើតហេតុតែម្តង។

សមក្ថកិច្ចកំពង់ធ្វើការស្រាវជ្រាវរកចាប់ ខ្លួនជនសង្ស័យ ដើម្បីនាំយកមកចាត់ការតាម និតិវិធី។ ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អ៊ុំ ណូន

RELATED ARTICLES