ភ្នំពេញ ៖ ស្ត្រីជាម្តាយជនសង្ស័យម្នាក់ បានប្តឹងទៅនគរបាលខណ្ឌសែនសុខ បន្ទាប់ពីកូនប្រុសរបស់គាត់ ធ្វើបាបមកលើរូបគាត់ព្រមទាំងអាមេកាំភ្លើងគំរាមបាញ់សម្លាប់ ទើបគាត់ដាច់ចិត្តប្តឹងសមត្ថកិច្ច ឃាត់ខ្លួនរួមនិងបក្សពួក៣នាក់ ដកហូតបានកាំភ្លើងខ្លី K54 មួយដើម ថ្នាំញៀន២កញ្ចប់ ជញ្ជីងថ្លឹងមួយ និងសំភារះមួយចំនួនទៀត កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១៧ ខែកក្តដា នៅចំណុចផ្ទះលេខ៧៣ ក្រុម៦ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១ មានឈ្មោះ គ្រី ម៉េងហុង ជាកូនម្ចាស់ផ្ទះ និងជាម្ចាស់កាំភ្លើង K54 មុខរបរមិនពិតប្រាកដ ទី២ឈ្មោះ ហេង ចាន់វិរៈ អាយុ២៧ឆ្នាំ ហៅអារ៉ា ហៅអាម៉ាប់ ហៅអាសិទ្ធ ហៅអាយក្សស្នាក់នៅពោធិចិនតុង មានមុខរបរមិនពិតប្រាកដ ទី៣ឈ្មោះ ចាន់ សិលា អាយុ ២២ឆ្នាំ ស្នាក់នៅអូរបែកក្អម មុខរបរមិនពិតប្រាកដ និងទី៤ ហេង សំភាស់ អាយុ២០ឆ្នាំ ស្នាក់នៅម្តុំផ្សារដីហុយ មុខរបរមិនពិតប្រាកដ ។
តាមសម្តីស្ត្រីជាម្ចាស់ផ្ទះឈ្មោះ ព្រំ ស្រី អាយុ ៤៤ឆ្នាំ ជាស្ត្រីមេម៉ាយ មុខរបរអ៊ុតសក់ និងត្រូវជាម្តាយឈ្មោះ គ្រី ម៉េងហុង មានប្រាប់ឲ្យដឹងថា ដោយសារតែកូនគាត់ធ្វើបាបទាំងចិត្តទាំងកាយ បំផ្លិចបំផ្លាញរបស់របរក្នុងផ្ទះ ជារឿយៗ និងហៅមិត្តភក្តិចេញចូលផ្ទះតាមចិត្ត ហើយគាត់ជាម្តាយក៏បានប្តឹងនគរបាលប៉ុស្តិ៍អប់រំជាច្រើនលើកមកហើយដែរ តែនៅថ្ងៃកើតហេតុនេះគាត់បានស្តីអោយកូនថា កុំឲ្យហៅមិត្តភក្តិចេញចូលផ្ទះស្រេចតែចិត្តបែបនេះទៀតវាមិនល្អទេ ទើបជនសង្ស័យជាកូនខឹងម្តាយ បានយកកាំភ្លើងមកអាំមេគំរាមបាញ់គាត់ ដោយគាត់មិនដឹងថា កូនខ្លួនមានកាំភ្លើងប្រើប្រាស់សោះ បន្ទាប់មកគាត់បានទូរស័ព្ទទៅប្តឹងនគរបាលខណ្ឌសែនសុខ ។
ដោយឡែកលោកវេរសេនីយន៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ លោកបានប្រាប់ឲ្យដឹងថា បន្ទាប់ដោយទទួលបានពត៍មានខាងលើនេះភ្លាម លោកបានសុំយោបល់ពីលោកស្នងការនគរបាលរាជធានីភ្នំពេញ និង ដោយមានការសម្របសម្រួលពីលោក ងិន ពេជព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់មកលោកបានដឹកនាំកំលាំងដោយផ្ទាល់ជាច្រើនអ្នកចុះទៅកន្លែងកើតហេតុភ្លាម និងឃាត់បានបក្សពួក៣នាក់ភ្លាមដែលបំរ៉ុងរត់គេពីកន្លែងកើតហេតុ និងបន្តចាប់ជនសង្ស័យដែលជាកូនម្ចាស់ផ្ទះដែលរត់គេចពីផ្ទះមុខពេលកំលាំងបានទៅដល់ បន្ទាប់ពីឃាត់បានអស់ហើយ លោកបាននាំជនសង្ស័យទៅឆែកឆេរក្នុងបន្ទប់ឈ្មោះ គ្រី ម៉េងហុង រកឃើញកាំភ្លើងខ្លី K54 មួយដើមមានគ្រាប់៨គ្រាប់ សំបកគ្រាប់ចំនួន២ ថ្នាំញៀន២កញ្ចប់ ជញ្ជីងថ្លឹងមួយ និងសំភារះប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀតផង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាង បញ្ជូនមកអធិការនគរបាលខណ្ឌសែនសុខ ដើម្បីកសាងសាកសួរនាំក្រែងមានពាកព័ន្ធនិងករណីផ្សេងទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការ ចាត់ការតាមនិតិវិធី ។
គួរបញ្ជាក់ថាផ្ទះដែលធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺជនសង្ស័យខាងលើដែលជាកូនគឺយូរៗមកម្ដងនោះទេ ដោយសារតែគេមានផ្ទះស្នាក់នៅខាងក្រៅ ហើយឲ្យតែពេលគេមកផ្ទះម្ដងៗ គឺតែងតែរករឿងរកលុយម្ដាយនិងស្រែកជេរម្ដាយគ្មានសំចៃមាត់នោះឡើយ ទើបធ្វើឲ្យលើកនេះរូបគាត់ទ្រាំលែងបានដូចនេះ ៕
សោល វណ្ណៈ