ចំពោះអ្នកដែលចាំបាច់ត្រូវគេងយប់ជ្រៅរាល់ថ្ងៃ ឬគេងមិនគ្រប់គ្រាន់ញឹកញាប់ រាងកាយប្រាកដជាល្ហិតល្ហៃ។ ប៉ុន្តែអាហារមួយចំនួន អាចជួយបានដូចជា ៖
-តៅហ៊ូ សាច់មាន់ ស៊ុត និងសណ្តែកក្រហម ៖ អាហារទាំងនេះ មានខូលីន ជួយផលិតសារធាតុគីមីក្នុងខួរក្បាល។ វាជាសារធាតុចាំបាច់សម្រាប់អ្នកគេងយប់ជ្រៅ ព្រោះអាចជួយឱ្យខួរក្បាលដែលនឿយហត់ពីការគេងមិនគ្រប់គ្រាន់ បានទទួលសារធាតុអាហារទៅបំប៉នជំនួសសារធាតុគីមីខួរក្បាលធម្មជាតិដែលរាងកាយ មិនអាចផលិតដោយខ្លួនឯងបានព្រោះអត់ងងុយ ធ្វើឱ្យខួរក្បាលនៅស្រស់ស្រាយ ទោះមិនបានសម្រាកគ្រប់គ្រាន់ពីមុនមកក៏ដោយ។
-អង្ករសំរូប និងគ្រាប់ធញ្ញជាតិ ៖ សារធាតុហ្កាបា (GABA) ជាសារធាតុដែលរាងកាយត្រូវការពីអង្ករសំរូប និងធញ្ញជាតិ ដោយហ្កាបា អាចជួយឱ្យខួរក្បាលដែលស្ពឹកៗស្រពន់ធ្វើការបានល្អ។ វីតាមីន B ដែលមានក្នុងអាហារទាំងនេះ ជួយជំរុញប្រព័ន្ធប្រសាទ និងខួរក្បាលឱ្យស្រស់ស្រាយទៀតផង។
-ទឹក ៖ ការពិសាទឹកឱ្យគ្រប់គ្រាន់នឹ់ងតម្រូវការរបស់រាងកាយ ជាការសំខាន់បំផុត ព្រោះទឹកអាចជួយឱ្យបរិមាណអុកស៊ីហ្សែនក្នុងរាងកាយកើនឡើង ធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ។ ប៉ុន្តែត្រូវពិសាទឹកសីតុណ្ហភាពធម្មតា ព្រោះរាងកាយអាចបឺតស្រូបទៅក្នុងឈាមបានងាយជាងទឹកត្រជាក់។ ទោះទឹកត្រជាក់ ធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ ប៉ុន្តែប្រសិនចង់បាត់ងងុយគេង ឆាប់ៗ គួរពិសាទឹកសីតុណ្ហភាពធម្មតាល្អជាង។
-ពិសាសូកូឡាខ្មៅ ឬកាកាវ ជំនួសកាហ្វេ ៖ សាកល្បងពិសា សូកូឡាខ្មៅ ឬកាកាវជំនួសកាហ្វេ ព្រោះក្នុងភេសជ្ជៈទាំងពីរប្រភេទនេះ មានហ្វវ៉្លាណូយដ៍ សារធាតុជំរុញឱ្យឈាមទៅចិញ្ចឹមខួរក្បាលបានល្អ។
-បន្លែ ផ្លែឈើ ៖ មានបរិមាណវីតាមីន B និងវីតាមីន C ច្រើន រួមទាំងសារធាតុរ៉ែដែលមានប្រយោជន៍ចំពោះការធ្វើការរបស់ក្រពេញ ភីនីល (Pineal Gland) ព្រោះបើគេងមិនគ្រប់ពេលណា ក្រពេញ ភីនីល នឹងមិនចង់ធ្វើការ រហូតធ្វើឱ្យមានអារម្មណ៍ល្ហិតល្ហៃទៅតាមនោះដែរ។ ដូច្នេះ ប្រសិនចង់ឱ្យស្រស់ស្រាយបន្លែ និងផ្លែឈើកិនស្រស់ អាចជួយបាន។
-ទឹកស្លឹកត្រចៀកក្រាញ់ ៖ នៅពេលគេងមិនឆ្អែតញឹកញាប់ រាងកាយងាយប្រឈមចំពោះការរលាកបរិវេណផ្សេងៗ។ ស្លឹកត្រចៀកក្រាញ់ អាចជួយបន្ថយហានិភ័យទាំងនោះបាន។ ដូច្នេះ ប្រសិនគេងតិច គួរពិសាទឹកត្រចៀកក្រាញ់កិនស្រស់មួយកែវ។
-ប្រូតេអ៊ីន ៖ ជាពិសេសអាហារពេលព្រឹកនិងថ្ងៃត្រង់។ សារធាតុដែលរាងកាយគួរបានទទួល ត្រូវមានប្រូតេអ៊ីនពីអាហារប្រភេទ ទឹកដោះគោ នំប៉័ងហូលក្រេន និងវីតាមីនពីបន្លែផ្លែឈើឱ្យគ្រប់គ្រាន់ ដើម្បីឱ្យរាងកាយមានថាមពលទៅធ្វើកិច្ចការផ្សេងៗពេញមួយថ្ងៃ និងឱ្យវីតាមីននិងអំបិលរ៉ែ ជួយដល់ដំណើរការប្រព័ន្ធប្រសាទ និងខួរក្បាល។
-សណ្តែកប្រភេទផ្សេងៗ ៖ ជារុក្ខជាតិ ដែលសម្បូរដោយប្រូតេអ៊ីន និងសារធាតុរ៉ែខ្ពស់ ថែមទាំងមានប៉ូតាសស្យូមដែលជួយក្នុងការធ្វើការរបស់ប្រព័ន្ធប្រសាទ និងខួរក្បាលផងដែរ។ ដូច្នេះ ពេលថ្ងៃណា ដែលល្ហិតល្ហៃព្រោះគេងបានតិច កុំភ្លេចទទួលទានសណ្តែកបន្ថែមផង៕