Tuesday, January 28, 2025
Homeព័ត៌មានជាតិផឹក​ស្រវឹង​ដើរ​ចូល​ផ្ទះ​គេ ព្រួត​វាយ​សន្លប់​ចោទ​ថា​ប៉ុន​ប៉ង​រំលោភ

ផឹក​ស្រវឹង​ដើរ​ចូល​ផ្ទះ​គេ ព្រួត​វាយ​សន្លប់​ចោទ​ថា​ប៉ុន​ប៉ង​រំលោភ

ខេត្តស្វាយរៀង ៖ បុរសម្នាក់ ក្រោយពីផឹកស្រវឹងស្រាធ្លាក់ភ្នែក បានដើរទៅរកឪពុក តែបែរជាច្រឡំចូលផ្ទះគេ ទើបត្រូវម្ចាស់ផ្ទះ ស្រែកថាចោរៗ រួចព្រួតគ្នាវាយរហូតបាក់ឆ្អឹង ជំនី និងពកក្បាលសន្លប់ស្តូកស្តឹង តែសំណាងល្អ ត្រូវអ្នកស្គាល់មកឃាត់ទាន់ រួចដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យ ស្រាប់តែត្រូវម្ចាស់ផ្ទះប្តឹងសមត្ថកិច្ចដោយចោទប្រកាន់ថា បុរសខាងលើប៉ុនប៉ង រំលោភសេពសន្ថវៈទៅវិញ តែក្រុមគ្រួសារជនរងគ្រោះបដិសេធថា ជារឿងយល់ច្រឡំ ព្រោះ តែផឹកស្រាស្រវឹងប៉ុណ្ណោះ មិនមែនជារឿង ចោរកម្មឬប៉ុនប៉ងរំលោភសេពសន្ថវៈអ្វី ដូចការ ចោទប្រកាន់នោះទេ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិក្រួស ឃុំក្រួស ស្រុក ស្វាយជ្រំ មានបុរសម្នាក់ស្រវឹងស្រាជោកម្នាក់ ឈ្មោះសៀង សុខខឿន អាយុ៣៦ឆ្នាំ មាន ប្រពន្ធនៅភូមិបឹងរការ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង បានមកលេងផ្ទះឪពុកឈ្មោះងិន សារឿន អាយុ៥៩ឆ្នាំ ជាអាចារ្យវត្តក្រួស មាន លំនៅភូមិរវៀង ឃុំក្រួស ស្រុកស្វាយជ្រំ បាន ដើរវង្វេងសួរគេថា ផ្លូវណាទៅផ្ទះឪពុកខ្លួន ក្រោយមកដើរចូលទៅផ្ទះឈ្មោះអ៊ុក សុភាព ភេទស្រី អាយុ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយ នៅភូមិ កើតហេតុខាងលើ ទើបធ្វើឱ្យម្ចាស់ផ្ទះភ័យ ស្មានថាចោរ ក៏ស្រែកថាចោរៗៗ ធ្វើឱ្យផ្អើល ដល់អ្នកជិតខាង និងកូនៗម្ចាស់ផ្ទះគិតថាចោរ មែន ក៏ព្រួតវាយរហូតជនរងគ្រោះបាក់ឆ្អឹងជំនី ២ និងពកក្បាលហើមពោសន្លប់នៅនឹងកន្លែង។

ប្រភពដដែលបន្តថា ក្រោយមកអ្នកភូមិ ម្នាក់បានស្គាល់ថា បុរសស្រវឹងខាងលើ គឺជាកូន លោកតាងិន សារឿន អាចារ្យវត្តក្រួស ក៏បាន ឃាត់ឈប់ឱ្យវាយ ទើបជនរងគ្រោះផុតពីការ ស្លាប់។ បន្ទាប់មក អ្នកភូមិក៏ទូរស័ព្ទប្រាប់ឪពុក មកយកកូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈ នោះ លោកតាងិន សារឿន ក៏បានជិះម៉ូតូមក មើលកូន ពេលមកដល់ ស្រាប់តែឈ្មោះអ៊ុក សុភាព ស្រែកថា ឪធ្វើអាចារ្យ ឯកូនធ្វើចោរ និយាយហើយនិយាយទៀត ថែមទាំងចង្អុលមុខ លោកតាទៀត ធ្វើឱ្យអ្នកស្រុកខ្លះ ចង់ស្ទុះទៅ វាយទាំងលោកតាទៀត ដោយនិយាយថា ចង់ វាយអាឪនេះណាស់ ខ្លួនធ្វើអាចារ្យ តាមពិត កូនជាចោរ។

បន្ទាប់មក សមត្ថកិច្ចឱ្យក្រុមគ្រួសារបញ្ជូន ជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ប៉ុន្តែដោយស្ថានភាពរបួសធ្ងន់ ទើបបញ្ជូនបន្ត ទៅមន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះ។

លោកតាងិន សារឿន ជាឪពុកបុរសស្រវឹង ខាងលើ បញ្ជាក់ថា អ្វីដែលក្រុមគ្រួសារលោកតា ហួសចិត្តនោះ ស្រាប់តែស្ត្រីឈ្មោះអ៊ុក សុភាព ប្តូរបទចោទ បែរជាប្តឹងសមត្ថកិច្ចថា កូនប្រុស គាត់ជាជនរងគ្រោះ ពីបទប៉ុនប៉ងចាប់រំលោភ ដោយបានចោទថា កូនប្រុសគាត់ (ជនរងគ្រោះ) បានទៅដេកចាំក្នុងផ្ទះ មុនពេលខ្លួន (ស្ត្រីជា ម្ចាស់ផ្ទះ) ចូលទៅដល់ បន្ទាប់មក ម្ចាស់ផ្ទះ បានចោទថា កូនប្រុសគាត់ឈ្មោះសៀង សុខខឿន បានចាប់ឱបប៉ុនប៉ងរំលោភ ទើបស្រែក ឆោឡោ ធ្វើឱ្យកូនប្រុសគាត់ រត់ចេញមកក្រៅ ក៏ត្រូវកូនៗព្រួតវាយ ខណៈនោះអ្នកស្រុកក៏មក ជួយវាយរហូតសន្លប់តែម្តង។

លោកតាងិន សារឿន បន្តថា មុនពេល កើតហេតុ ប្អូនៗបានទូរសព្ទ័ហៅបងជាជនរងគ្រោះឱ្យមកលេង ហើយបាននាំគ្នាផឹកស៊ី លុះ ម៉ោង៦ល្ងាច លោកប្អូនបួសនៅវត្តក្រួស បាន ទូរសព្ទ័ហៅជនរងគ្រោះ មកលេងនៅវត្តក្រួស ក៏ទៅលេងលោកប្អូន បន្ទាប់ពីសួរសុខទុក្ខលោក ប្អូនហើយ ក៏លាលោកប្អូនត្រលប់ទៅផ្ទះឪពុក វិញ តែដោយនៅក្នុងវត្តក្រួស មានចាក់ធុង បាសរាំលេងក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរប្អូនៗបានបបួលបងជាជនរងគ្រោះចូលរាំ លេងកម្សាន្ត រហូតដល់ម៉ោង៨យប់ជនរងគ្រោះ បានប្រាប់ប្អូនថា ទៅបត់ជើងក៏ចេញទៅបាត់។ ហើយពេលកើតហេតុ ថ្លង់នឹងសំឡេងធុងបាស ទើបប្អូនៗមិនបានឮជនរងគ្រោះជាបងប្រុស ស្រែកឱ្យជួយ មិនគួរណាវាយហើយចោទថា ចោរចូលប្លន់ លុះសួរចុះសួរឡើង បែរជាប្តូរ បទចោទថា ប៉ុនប៉ងរំលោភទៅវិញសោះ។

តាមសម្តីជនរងគ្រោះនិយាយថា ក្រោយ ពីបទជើងរួច ខ្លួនវង្វេងច្រឡំផ្លូវក៏ដើរទៅសួរ មីងម្នាក់ឈ្មោះភាព ដែលមានផ្ទះជិតវត្តក្រួស ចម្ងាយប្រមាណ៣០ម៉ែត្រ ពីរបងវត្តថា មីង ផ្លូវណា ផ្លូវទៅផ្ទះឪខ្ញុំ មីងម្នាក់នោះ ប្រាប់ថា ទៅត្បូងទៅពេលដើរបានបន្តិច ស្រាប់តែស្ត្រី ឈ្មោះសុភាព ស្រែកឆោឡោថា ចោរៗ ពេល នោះ កូនៗរបស់ឈ្មោះភាព ចេញមកព្រួតវាយ តែម្តង​ ខ្លួនបានសំពះ ហើយប្រាប់ថា ខ្ញុំមិនមែន ចោរទេ ក៏ប៉ុន្តែគេមិនស្តាប់ព្រួតវាយរហូតរូបគេ សន្លប់តែម្តង។ លុះពេលដឹងខ្លួននៅឯមន្ទីរពេទ្យ ស្រាប់តែឈ្មោះអ៊ុក សុភាព ប្តឹងសមត្ថកិច្ចថា ខ្លួនប៉ុនប៉ងចាប់រំលោភទៅវិញ។

ពេលនេះជនរងគ្រោះកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យខេត្ត ដោយមានកម្លាំង សមត្ថកិច្ចនគរបាលស្រុក យាមកាមនៅខាងមុខ បន្ទប់ និងមន្ត្រីនគរបាលខេត្តបានមកសាកសួរ ធ្វើកំណត់ហេតុជនរងគ្រោះ នៅក្នុងមន្ទីរពេទ្យ ហើយប្រាប់ថា ឈ្មោះអ៊ុក សុភាព ប្តឹងថា ប៉ុនប៉ងចាប់រំលោភនេះជាទោសឧក្រិដ្ឋ ទើបក្រុម គ្រួសារលោកតាអាចារ្យអំពាវនាវរកយុត្តិធម៌។

ជុំវិញករណីខាងលើនេះនគរធំនៅមិន ទាន់អាចទាក់ទងសុំការបំភ្លឺ ពីភាគីស្ត្រីជាម្ចាស់ ផ្ទះឈ្មោះអ៊ុក សុភាព បាននៅឡើយទេ កាល ពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES