Sunday, November 24, 2024
Homeនយោបាយបក្ស​កាន់​អំណាច ត្រៀម​កម្លាំង​និង មធ្យោ​បាយ​សរុប ធ្វើ​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត

បក្ស​កាន់​អំណាច ត្រៀម​កម្លាំង​និង មធ្យោ​បាយ​សរុប ធ្វើ​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានធ្វើលិខិតជម្រាប មកប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយ រាជធានី-ខេត្ត និងប្រធានគណៈកម្មាធិការគណ- បក្សរាជធានី-ខេត្ត ស្តីពីការត្រៀមកម្លាំង និង មធ្យោបាយសរុបសម្រាប់ការធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤ ព្រមទាំងការរលឹកខួបនៃការគោរពវិញ្ញាណក្ខន្ធ ដល់អ្នកស្លាប់ ក្នុងសម័យប៉ុល ពត នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៧ ចំថ្ងៃបើកដំបូងនៃ យុទ្ធនាការឃោសនាបោះឆ្នោត។

លិខិតរបស់គណៈកម្មាធិការកណ្តាល នៃ គណបក្សប្រជាជនកម្ពុជា លេខ ០១៣/១៧ លក.គក ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយសម្តេចសាយ ឈុំ អនុប្រធានគណបក្ស បានជម្រាបជូនប្រធាន ក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីខេត្ត និងប្រធានគណៈកម្មាធិការគណបក្សរាជធានី -ខេត្តថា “គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ កណ្តាល សូមជម្រាបជូនសម្តេច ឯកឧត្តម លោកជំទាវ មេត្តាជ្រាបថា ថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៧ គឺជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ ទី៤ និងជាថ្ងៃខួបរំលឹកវិញ្ញាណក្ខន្ធចំពោះប្រជាជនកម្ពុជា ដែលបានទទួលមរណភាពនៅក្នុង របបប្រល័យពូជសាសន៍ ប៉ុល ពត ហើយដែល គណបក្សយើងធ្លាប់ធ្វើពិធីនេះជារៀងរាល់ឆ្នាំ។ ផ្អែកលើនេះ សូមសម្តេច ឯកឧត្តម លោកជំទាវ យកចិត្តទុកដាក់សម្រាប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ នេះ ដូចតទៅ ៖

១-ទន្ទឹមនឹងការរៀបចំបើកយុទ្ធនាការ ឃោសនាបោះឆ្នោតនៅគ្រប់ឃុំ-សង្កាត់ ក៏គប្បី ពិនិត្យលទ្ធភាពរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធ តាម ជាក់ស្តែង ដូចដែលធ្លាប់បានធ្វើជារៀងរាល់ឆ្នាំ កន្លងមក ។

២-ត្រូវដឹកនាំនិងជំរុញឱ្យក្រុមការងារ គណបក្ស និងគណៈកម្មាធិការគណបក្សគ្រប់ ថ្នាក់ ចំណុះរាជធានី-ខេត្តនីមួយៗ ចាត់ចែង ប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បី រួមគ្នាធ្វើយុទ្ធនាការឃោសនាចំណុចកំពូល រយៈ ពេល១៤ថ្ងៃ (ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០១៧) នៅគ្រប់ឃុំ-សង្កាត់ ទាំងអស់ តាមផែនការដែលបានគ្រោងទុក និង ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះ- ឆ្នោត។

៣-ត្រូវសរុបរាយការណ៍អំពីសកម្មភាព ឃោសនាខាងលើ ជាប្រចាំថ្ងៃ ជូនគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល”។

ទាក់ទងដល់ការត្រៀមកម្លាំង និងមធ្យោបាយសរុបក្នុងការធ្វើយុទ្ធនាការឃោសនាបោះ- ឆ្នោតឃុំ-សង្កាត់ ដូចមានបញ្ជាក់ក្នុងខ្លឹមសារ លិខិតខាងលើនេះ អ្នកនាំពាក្យគណបក្សប្រ- ជាជនកម្ពុជា លោកសុខ ឥសាន បានលើក ឡើងថា លោកមិនមានអ្វីត្រូវបញ្ជាក់បន្ថែមទេ ព្រោះក្នុងសេចក្តីណែនាំនោះបានបញ្ជាក់ច្បាស់ ហើយ គឺកម្លាំងរបស់គណបក្សមានគ្រប់គ្រាន់ សម្រាប់ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។

ដោយឡែក ជុំវិញការយកថ្ងៃទី២០ ឧសភា រំលឹកវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងរបបប៉ុល ពត ជា រៀងរាល់ឆ្នាំនោះ លោកសុខ ឥសាន បញ្ជាក់ ថា ថ្ងៃនោះ គឺជាថ្ងៃដែលប៉ុល ពត សាបព្រោះ នូវរបបប្រល័យពូជសាសន៍។ ដូច្នេះជារៀងរាល់ ឆ្នាំ តែងរំលឹកវិញ្ញាណក្ខន្ធប្រជាជនកម្ពុជា ដែល បានបាត់បង់ជីវិតក្នុងរបបនោះ។

លោកសុខ ឥសាន មានប្រសាសន៍ថា “បាទ! ជារៀងរាល់ឆ្នាំ យើងមិនមែនទើបនឹង ធ្វើឯណា យើងធ្វើតាំងពី៧៩មក ដល់អ៊ីចឹងទៅ អាហ្នឹងវាជាទម្លាប់របស់យើងពីមុនមក អ៊ីចឹងទេ វាចំជាន់គ្នាថ្ងៃបើកយុទ្ធនាការឃោសនាបោះ- ឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។ អ៊ីចឹងទេគ្រប់ មូលដ្ឋានទាំងអស់ ត្រូវតែធ្វើគួបផ្សំនឹងយុទ្ធនា- ការឃោសនាបោះឆ្នោតហ្នឹងតែម្តង កុំឱ្យធ្វើពីរ ដង អាហ្នឹងមានការណែនាំនៅក្នុងខ្លឹមសារហ្នឹង រួចហើយ”។

គួរបញ្ជាក់ដែរថា សម្រាប់គណបក្សប្រឆាំង ក្នុងកាលប៉ុន្មានឆ្នាំកន្លងមក ដឹកនាំដោយលោក សម រង្ស៊ី បានកំណត់យកថ្ងៃទី១៧ ខែមេសា ធ្វើជាថ្ងៃគោរពវិញ្ញាណក្ខន្ធ ធ្វើបុណ្យបង្សុ- កូលឧទ្ទិសកុសលដល់អ្នកស្លាប់ក្នុងរបបប្រល័យ ពូជសាសន៍ប៉ុល ពត នៅសារមន្ទីរជើងឯក។

សម្រាប់ពិធីបង្សុកូលគោរពវិញ្ញាណក្ខន្ធ ដល់ប្រជាជនកម្ពុជា ដែលបានបាត់បង់ជីវិត ក្រោមរបបប្រល័យពូជសាសន៍ប៉ុល ពត នៅ មជ្ឈមណ្ឌលជើងឯក កាលពីព្រឹកថ្ងៃទី១៧ ខែ មេសា ឆ្នាំ២០១៧ ដែលរៀបចំដោយគណបក្ស សង្គ្រោះជាតិ ត្រូវបានប្រារឰធ្វើក្រោមអធិបតី- ភាពលោកគង់ គាំ អតីតប្រធានគណបក្ស សម រង្ស៊ី និងជាទីប្រឹក្សាជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិ តំណាងលោកសម រង្ស៊ី ដែលកំពុង រស់នៅប្រទេសបារាំង គ្មានឱកាសបានមកចូល រួមដោយផ្ទាល់ដូចលើកមុនៗ។

ទោះបីយ៉ាងណា អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោកសុខ ឥសាន បានចាត់ ទុកការរៀបចំពិធីបង្សុកូលដល់អ្នកស្លាប់ក្នុង សម័យប៉ុល ពត នៅថ្ងៃទី១៧ ខែមេសា របស់ គណបក្សប្រឆាំង ដែលផ្តួចផ្តើមឡើងដោយ លោកសម រង្ស៊ី នោះ មិនមែនជាចេតនាចង់ បញ្ជាក់ពីការសោកស្តាយនិងការឈឺចាប់ដោយ ពិតប្រាកដទេ គឺគ្រាន់តែដើម្បីឱ្យមានការចាប់ អារម្មណ៍ក្នុងបរិបទនយោបាយប៉ុណ្ណោះ ព្រោះ ថា បក្សប្រឆាំង ជាពិសេស លោកសម រង្ស៊ី មិនដែលបានឆ្លងកាត់ក្នុងរបបប៉ុល ពត ឡើយ។ ជាមួយគ្នានេះដែរ លោកសុខ ឥសាន បញ្ជាក់ ថា ទាក់ទងដល់ការលើកឡើងរបស់លោកសម រង្ស៊ី ដែលថា របបកុម្មុយនីស្តទាំងអស់ ក្នុងពិភព- លោកពី ស្តាលីន ដល់ ប៉ុល ពត និងសម្តេចហ៊ុន សែន បានធ្វើតាមដំបូន្មានរបស់ឡេនីន មេដឹកនាំ កុម្មុយនីស្តមុនគេនៅអតីតសហភាពសូវៀត នោះ លោកសុខ ឥសាន បានថ្លែងថា លោក សម រង្ស៊ី ធ្លាប់បានលើកឡើងដដែលៗច្រើន ឆ្នាំមកហើយ ជាការចោទប្រកាន់លាបពណ៌មក លើគណបក្សប្រជាជនកម្ពុជា។

លោកសុខ ឥសាន មានប្រសាសន៍ថា “ហ្នឹងហើយ! គេធ្វើម៉េចរឿងគេ គណបក្ស ប្រឆាំង សម រង្ស៊ី ហ្នឹង មានដែលឆ្លងកាត់ប៉ុល ពត ដូចយើងទាំងអស់គ្នាឯណា? ហើយសុខចិត្ត អីនឹកឃើញវិញ្ញាណក្ខន្ធអ្នកស្លាប់ដោយប៉ុល ពត ម៉្លេះ? ហើយកាលប៉ុន្មានឆ្នាំ ក្រោយ៧មករា មក សម រង្ស៊ី ដែលនឹកឃើញឯណា សម រង្ស៊ី ដេក ម៉ាស៊ីនត្រជាក់នៅប៉ារីសនោះទេ កាលពីជំនាន់ ខ្មែរក្រហមនោះ។ ដូច្នេះការរៀបចំនេះ គ្រាន់តែ ជាការបោកប្រាស់សតិអារម្មណ៍ប្រជាជនថា ដូច ជាមានមនោសញ្ចោតនាជាមួយអ្នកស្លាប់សម្បើម ណាស់ តែតាមពិតគ្មានដឹងខ្យល់អីទេ។ បាន-ន័យថា គណបក្សប្រឆាំង ធ្វើពិធីបង្សុកូលដល់ ស្លាប់ក្នុងរបបប៉ុល ពត ប៉ុន្តែសម រង្ស៊ី មិនដែល ស្គាល់ប៉ុល ពត ផង។ ទើបតែក្រោយថ្ងៃ៧ មករា ១០ឆ្នាំហើយ បានសម រង្ស៊ី មានមុខនៅ ក្រោយកិច្ចព្រមព្រៀងប៉ារីសហ្នឹងតើ! ពីមុន មក សម រង្ស៊ី មានដឹងបង្សុកូលឯណា ហើយ ចំពោះយើង ធ្វើថ្ងៃ២០ ឧសភា អាហ្នឹងកំណត់ ហើយថា ជាថ្ងៃចាប់ផ្តើមប្រល័យពូជសាសន៍ ដែលប៉ុល ពត កាប់សម្លាប់ប្រជាជនរង្គាលនៅ ទូទាំងប្រទេស។ អ៊ីចឹងទេអាហ្នឹងបានយើង គោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ហ្នឹងវាត្រឹមត្រូវ។ ដូច្នេះបោកបញ្ឆោតសតិអារម្មណ៍ប្រជាជន ដើម្បី កេងចំណេញខាងនយោបាយតែប៉ុណ្ណោះទេ។ ចំពោះការដែលលោកសម រង្ស៊ី ហៅសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថាធ្វើតាម ដំបូន្មានឡេនីន នោះ អាហ្នឹងសម រង្ស៊ី ថាអី ថាទៅ យើងមានទៅបិទមាត់ ដេរមាតសម រង្ស៊ី បានឯណា បើនៅប៉ារីសឯនោះ។ អត់មានប៉ះ- ពាល់អីទេ មិនមែនទើបថាឯណា ថាប៉ុន្មានឆ្នាំ មកហើយ តាំងពីសម រង្ស៊ី បង្កើតគណបក្សមក ២៣ឆ្នាំហើយ ថាតែរហូតហ្នឹង…”៕ កុលបុត្រ

RELATED ARTICLES