Monday, January 20, 2025
Homeព័ត៌មានជាតិមហារីកសួត នរណារងគ្រោះច្រើនជាងគេ ?

មហារីកសួត នរណារងគ្រោះច្រើនជាងគេ ?

ក្នុងចំណោមជំងឺមហារីក បើបែងចែកតាមភេទ ចំពោះបុរសតែងកើតមហារីកសួតជាលំដាប់ទី២ បន្ទាប់ពីមហារីកថ្លើម និងបំពង់ទឹកប្រមាត់ ចំណែកស្ត្រីភេទវិញ តែងកើតមហារីកសួតជាលំដាប់ទី៤ បន្ទាប់ពីមហារីកសុដន់ មហារីក មាត់ស្បូន និងមហារីកផ្លូវអាហារ។

ប្រភេទមហារីកសួត ៖ ការបែងចែកមហារីកសួតជាក្រុមៗ នឹងជួយវាយតម្លៃការប្រព្រឹត្តទៅនៃជំងឺនិងជ្រើសវិធីព្យាបាលឱ្យសមស្រប នឹងប្រភេទមហារីកនីមួយៗ ដោយសារមហារីកមានលក្ខណៈជំងឺខុសៗគ្នា តម្រូវឱ្យមានវិធីព្យាបាលមិនដូចគ្នា។ មហារីកសួតអាចបែងចែកបាន ២ ប្រភេទធំៗគឺ ៖

១-មហារីកកើតចេញពីសាច់សួត (Primary Lung Cancer) ៖

ជាមហារីកដែលមានដើមកំណើតពីជាលិការបស់សួត ដែលមានការបែងចែកប្រភេទតូចៗ តទៅទៀតទៅតាមលក្ខណៈជំងឺ ដូចជា ៖

-មហារីកសួតប្រភេទកោសិកាមិនតូច (Non Small Cell Carcinoma) ៖ ជាមហារីកសួតដែលរកឃើញច្រើនបំផុត ប្រមាណ ៨០% ដោយមានការបែងចែកប្រភេទលម្អិតតទៅទៀត ទៅតាមលក្ខណៈសាច់ សួតដែលវិភាគ ឃើញដូចជា Adenocarcinoma, Squamous Cell Carcinoma។

-មហារីកសួតប្រភេទកោសិកាតូច (Small cell Carcinoma) រកឃើញ ប្រមាណ ២០% នៃមហារីកសួត។

-មហារីកសួតប្រភេទកម្រកើត ដូចជា Carcinoid Tumor ជាមហារីកមានលក្ខណៈដោយឡែករបស់ខ្លួន និងកម្រកើតឡើង។

២-មហារីកសួតរាលដាលពីសរីរាង្គដទៃ (Metastatic Lung Cancer) ៖

ដោយសារសួតជាសរីរាង្គ ដែលមានឈាម និងទឹករងៃ មកចិញ្ចឹមច្រើន ដូច្នេះមហារីកពីសរីរាង្គដទៃ ទើបមានឱកាសសាយភាយមកដល់សួតបានដូចជាមហារីកសុដន់ មហារីកពោះវៀន។ ការព្យាបាលមហារីកសួត ដែលរាលដាលពីសរីរាង្គដទៃ អាស្រ័យលើប្រភេទរបស់មហារីកសរីរាង្គដើម ប៉ុន្តែ ភាគច្រើន តែងតែបង្ហាញថា មហារីកបានរាលដាលច្រើនទៅហើយ និងតែងតែព្យាបាល មិនជាដាច់ស្រឡះ។

មូលហេតុនៃការកើតមហារីកសួត ៖ មហារីកសួតកើតពីជាលិកាដែលបំបែកខ្លួនខុសប្រក្រតី ធ្វើឱ្យមានការលូតលាស់របស់ជាលិកា និងរាលដាលទៅកាន់សរីរាង្គដទៃ។ មូលហេតុនៃមហារីកសួត ដែលតែងកើតឡើងញឹកញាប់ គឺរាងកាយបានទទួលសារធាតុដែលបង្កឱ្យកើតមហារីកជាបន្តបន្ទាប់ ដោយសារធាតុទាំងនេះ ទៅជំរុញឱ្យយន្តការការបំបែកខ្លួនរបស់ជាលិកា ធ្វើការខុសប្រក្រតី ធ្វើឱ្យកោសិកា របស់សួតមានការបំបែកខ្លួនកើនចំនួនខុសប្រក្រតី។

អត្រាការប្រឈមមុខខ្ពស់បំផុត នៃការកើតមហារីកសួត គឺការជក់បារី ឬ ផលិតផលថ្នាំជក់គ្រប់ប្រភេទ ដោយសារក្នុងផ្សែងបារីមានសារធាតុច្រើនប្រភេទ និងគេរកឃើញថា ជាសារធាតុបង្កមហារីក (Carcinogens) ច្រើនជាង ៦២ ប្រភេទ។ ដូច្នេះ អ្នកដែលជក់បារី រយៈពេលយូរជាបន្តបន្ទាប់ ទើបមានឱកាសកើតជំងឺមហារីកច្រើនជាងអ្នកដែលមិនជក់ប្រមាណ ១០-២០ ដង។ ចំណែកអ្នកដែលបានទទួលផ្សែងបារីពីជុំវិញខ្លួន (Second-Hand Smokers) ក៏មានឱកាសកើតមហារីកសួតខ្ពស់ជាងអ្នកដែលមិនបានទទួលផ្សែងបារី ដូចជាស្ត្រីដែលស្វាមីជក់បារី នឹងប្រឈមជំងឺមហារីកសួតកាន់តែច្រើនប្រមាណ ២៤%។ គេរកឃើញផងដែរថា អ្នកដែលធ្វើការនៅបរិវេណដែលមានការជក់បារី ក៏មានការប្រឈមមុខ នឹងការកើតជំងឺមហារីកសួតកាន់តែច្រើនដែរ។ តាមស្ថិតិគេរកឃើញថា ជាង ៩០% នៃអ្នកជំងឺមហារីកភេទប្រុសមានប្រវត្តិការជក់បារី ជាបន្តបន្ទាប់ពីមុនមក ចំណែកភេទស្រីគេរកឃើញថា ប្រមាណ ៥០% មានប្រវត្តិ ការជក់បារី។ សរុបទៅគេឃើញថា ការជក់បារី គឺជាបញ្ហាសំខាន់ក្នុង ការកើតជំងឺមហារីកសួត។

ក្រៅពីនេះ កត្តាផ្សេងៗ ដែលធ្វើឱ្យមានឱកាសកើតជំងឺមហារីកសួតច្រើន គឺការបានទទួលជាតិអាស្បេស្តូស  (Asbestos) តាមរយៈការដកដង្ហើម ដែលតែងតែបានទទួលសារធាតុនេះ ពីកន្លែងធ្វើការ ដែលបង្កឱ្យមានជា ជំងឺរ៉ាំរ៉ៃសួត ប៉ុន្តែករណីនេះ មិនកើតញឹកញាប់ទេ។

ដូច្នេះ អ្វីដែលសំខាន់បំផុតនៃការបង្ការជំងឺមហារីកសួត គឺការចៀសវាងការជក់បារី និងការប៉ះពាល់ផ្សែងបារី។ ការឈប់ជក់បារីនឹង ធ្វើឱ្យមានការថយចុះច្រើន នៃអត្រាប្រឈមមុខជំងឺមហារីកសួតភ្លាម។ ប៉ុន្តែ បើអ្នកជក់បារីយូរមកហើយ ត្រូវប្រើពេលក្រោយពេលឈប់ជក់បារីប្រមាណ ១៥-២០ ឆ្នាំ ទម្រាំអត្រាប្រឈមមុខនៃជំងឺនេះ វិលមក ស្មើនឹងមនុស្សធម្មតា ដែលមិនជក់បារីសោះ។ ម៉្យាងទៀត ការចៀសវាង សារធាតុក្រហាយច្រមុះ ដែលតែងតែកើតឡើងនៅកន្លែងធ្វើការ ឬបរិស្ថាន ជុំវិញ និងការថែទាំសុខភាពរាងកាយឱ្យរឹងមាំជានិច្ច នឹងជួយបន្ថយឱកាសការកើតមហារីកសួតបានដែរ។

អាការបង្ហាញនៃជំងឺមហារីកសួត ៖ អាការរបស់អ្នកជំងឺ ដែលមានបញ្ហាមហារីកសួត បណ្តាលមកពីមូលហេតុសំខាន់ ២ ប្រការគឺ អាការកើតឡើងចំពោះកន្លែងដែលកើតមហារីកសួត មានការរីកមាឌនៃសួត ដែលធ្វើឱ្យមានអាការក្រហាយសួត ទើបធ្វើឱ្យមានអាការក្អករ៉ាំរ៉ៃ ក្អក មានឈាម។ ពេលមហារីករាលដាលកាន់តែខ្លាំង នឹងរំខានដល់យន្តការរបស់សួត ធ្វើឱ្យអ្នកជំងឺមានអាការនឿយហត់។ ក្រៅពីនេះ នៅពេលមានការរាលដាលទៅកាន់សរីរាង្គដទៃ នឹងមានអាការឈឺចំពោះសរីរាង្គនោះ ដូចជា មានអាការឈឺឆ្អឹង ឈឺក្បាល ជាដើម។

មហារីកសួតដំណាក់កាលដំបូង អ្នកជំងឺភាគច្រើនតែងតែពុំមានអាការអ្វី ឬមានអាការមិនធ្ងន់ធ្ងរ ដូចជា ក្អករ៉ាំរ៉ៃ ឬជួនកាលមានអាការក្អកលាយឈាមតិចតួច។ ដោយសារមហារីកនៅមានទំហំតូច និងមិនបង្កឱ្យមាន អាការច្រើន ប៉ុន្តែគ្រូពេទ្យអាចពិនិត្យរកឃើញមហារីកសួតពីដំណាក់កាលដំបូងបាន។ ភាគច្រើនរកឃើញដោយសារការថតឆ្លុះក្នុងទ្រូង។ ដូច្នេះ អ្វីដែលសំខាន់បំផុត បើសង្កេតឃើញថា មានអាការខុសប្រក្រតីរបស់ប្រព័ន្ធដង្ហើម (ពិសេសចំពោះអ្នកដែលមានអត្រាប្រឈមនឹងជំងឺមហារីកសួត ដូចជា អ្នកដែលមានប្រវត្តិជក់បារី យូរមកហើយ ឬមានប្រវត្តិទទួលរងផ្សែងបារី) មានអាការក្អក ជាបន្តបន្ទាប់លើសពី ៣សប្តាហ៍ ដោយពុំមានមូលហេតុអ្វីផ្សេង ឬអាការក្អកដែលមានស្រាប់តែមានការប្រែប្រួល ដូចជា ក្អកខ្លាំងជាងមុន ឬមានស្លេស្មលាយឈាម។ បើដូចនេះ អ្នកជំងឺគួរពិគ្រោះជាមួយគ្រូពេទ្យឱ្យបានជាប់លាប់ ដើម្បីពិនិត្យរកមូលហេតុនៃអាការទាំងនោះ។

ចំពោះអ្នកដែលមានអត្រាប្រឈមមុខខ្លាំង ដូចជា មានប្រវត្តិការជក់បារីច្រើនគ្រូពេទ្យ តែងតែណែនាំឱ្យមានការពិនិត្យ ថតឆ្លុះក្នុងទ្រូងយ៉ាងតិច ១ ដងរាល់ឆ្នាំ។ ទោះបីភាពខុសប្រក្រតីរបស់រូបភាពដែលថតឆ្លុះនោះ មិនចាំបាច់តែកើតពីមហារីកសួតក្តី ប៉ុន្តែគ្រូពេទ្យ នឹងស្រាវជ្រាវបន្ថែម ដើម្បីរកមូលហេតុនៃភាពខុសប្រក្រតីនោះ។

ធ្វើដូចម្តេចដឹងថា ជាមហារីកសួត ? ៖ ការវិនិច្ឆ័យមហារីកសួត នឹងចាប់ផ្តើម ពីអាការរបស់អ្នកជំងឺ គួបផ្សំនឹងរូបភាពពីការថតឆ្លុះឃើញមានភាពខុសប្រក្រតី និងមានការវិភាគសាច់សួតដែលខុសប្រក្រតីនោះ ដើម្បីឱ្យដឹងថា ជាមហារីកឬទេ ? ឬជាមហារីកប្រភេទណា ?។

ការយកសាច់សួតមកពិនិត្យ អាចធ្វើបានច្រើនយ៉ាង ដូចជា ការស៊កកាមេរ៉ាតាមបំពង់ក ការប្រើម្ជុលជោះ ឬការវះកាត់ ដែលគ្រូពេទ្យនឹងពិចារណាតាមការសមស្រប។ បន្ទាប់មក គ្រូពេទ្យនឹងវាយតម្លៃបន្ថែមថា ខណៈនោះអ្នកជំងឺឋិតក្នុងដំណាក់កាលណា តាមរយៈកុំព្យូទ័រ (CT Scan) ឬការពិនិត្យឆ្អឹង (PET Scan) ដើម្បីមើលដំណាក់កាលនៃជំងឺ ដើម្បីពិចារណាជ្រើសរើសវិធីព្យាបាលសមស្របសម្រាប់អ្នកជំងឺម្នាក់ៗ។

ការព្យាបាលមហារីកសួត ៖ ការព្យាបាលមហារីកសួតអាស្រ័យលើកត្តាសំខាន់គឺ ប្រភេទរបស់មហារីកសួត ការរាលដាលនៃជំងឺ និងសភាពដោយរួមរបស់អ្នកជំងឺ។

ការព្យាបាលមហារីកសួតប្រភេទកោសិកាមិនតូច ដែលមិនទាន់មានការរាលដាល គឺការវះកាត់យកសាច់សួត ដែលកើតមហារីកនោះ ចេញដោយគ្រូពេទ្យនឹងវាយតម្លៃមុន ការវះកាត់ថា អ្នកជំងឺមានសមត្ថភាពសួតពេញលេញ ដើម្បីទទួលការវះកាត់បានឬទេ ? ដើម្បីឱ្យប្រាកដក្នុងចិត្តថា ក្រោយការវះកាត់ អ្នកជំងឺនឹងអាចមានជីវិតរស់នៅបាន ដោយសួតនៅមានសមត្ថភាពអាចដកដង្ហើមបាន។ ការវះកាត់ ជាវិធីដែលធ្វើឱ្យអ្នកជំងឺមានឱកាសជាដាច់ខ្ពស់បំផុត ៦០-៧០%។ ករណីបើមិនអាចវះកាត់បាន ដោយសារមហារីករាលដាល ទៅហើយ ឬស្ថានភាពអ្នកជំងឺមិនអាចទទួលការវះកាត់បានការព្យាបាល ដោយថ្នាំចាក់គីមី ឬការបាញ់កាំរស្មី ក៏ជាជម្រើសមួយ ដែលគ្រូពេទ្យនឹងពិចារណាតាមការសមស្រប។

ចំណែកការព្យាបាលមហារីកសួត ប្រភេទកោសិកាតូច តែងតែប្រើថ្នាំចាក់គីមី និងការបាញ់កាំរស្មីជាមួយគ្នាតែម្តង។

ទោះជាយ៉ាងណាក្តី ការតបស្នងរបស់មហារីក ចំពោះការព្យាបាលដោយ ២វិធីនេះ តែងតែមិនអាចធ្វើឱ្យអ្នកជំងឺជាដាច់ស្រឡះពីជំងឺបាន ដោយអ្នកជំងឺនឹងមានអាការប្រសើរឡើង ក្នុងពេលដំបូង ប៉ុន្តែជំងឺអាចមានឱកាសកម្រើកឡើងវិញ នៅពេលអនាគត។ ចំណែកផលប៉ះពាល់របស់ថ្នាំចាក់គីមី ដែលប្រើក្នុងការព្យាបាលមហារីកសួតស្រដៀងគ្នា នឹងថ្នាំព្យាបាលជំងឺមហារីកផ្សេងៗទៀតដែរ ដូចជា ក្អួតចង្អោរ ជ្រុះសក់អាស្រ័យលើប្រភេទ និងបរិមាណថ្នាំដែលគ្រូពេទ្យប្រើ។

ក្រៅពីនេះ បច្ចុប្បន្ននៅមានថ្នាំប្រភេទទទួលទាន មានប្រសិទ្ធភាពចំពោះតែយន្តការ ក្នុងកោសិកាមហារីក (Targeted Therapy) ដែលមានផលប៉ះពាល់តិច ក៏ជាវិធីព្យាបាលសមស្របចំពោះអ្នកជំងឺខ្លះ ដែលអ្នកជំងឺនិងសាច់ញាតិគួរពិគ្រោះគ្នា អំពីចំណុចល្អចំណុចមិនល្អ ដើម្បីរកវិធីព្យាបាលដ៏សមស្របចំពោះខ្លួន៕

 

RELATED ARTICLES