ភ្នំពេញ៖ ស្រ្ដីជាសមាជិកក្រុមប្រឹក្សាឃុំគគីរម្នាក់ ត្រូវបុរសម្នាក់ កាប់២ប៉័ងតោចំក្បាល បណ្ដាលឲ្យរងរបួសធ្ងន់ ខណៈយកលិខិតលែងលះគ្នា ទៅឲ្យជនដៃដល់នៅផ្ទះ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅផ្ទះជនដៃដល់ស្ថិតក្នុងភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍គគីរបានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានយកលិខិតលែងលះរបស់សាលាឃុំគគីរ( លិខិតលែងលះរវាងជនដៃដល់ ហ៊ីង សុផុន និងប្រពន្ធឈ្មោះ ថោង សុផល) ទៅឲ្យនៅក្នុងផ្ទះជនដៃដល់ ។ បន្ទាប់ពីឲ្យលិខិតលែងលះរួច ស្ត្រីរងគ្រោះបានសុំចូលបន្ទប់ទឹកដើម្បីបត់ជើង ពេលបត់ជើងរួចបើកទ្វាបន្ទប់ទឹកចេញមកក្រៅវិញក៏ត្រូវជនល្មើសយក កាំបិតប៉័ងតោដងឈើរុំក្រណាត់ពណ៌ក្រហមកាប់ចំក្បាលស្ត្រីរងគ្រោះ ចំនួន២កាំបិត បណ្ដាលឲ្យរងបួស១កន្លែង និងធាក់៣ជើងទៀត ចំដើមទ្រូង១ជើង និងចំពោះ២ជើង តែស្ត្រីរងគ្រោះបានព្យាយាមរត់គេចចេញមកក្រៅទាំងឈាមហូរពេញខ្លួន ហើយទូរស័ព្ទប្ដឹងនគរបាលប៉ុស្តិ៍គគីរឲ្យចុះមកជួយអន្តរាគមន៍ ឃាត់ខ្លួនជនដៃដល់បានភ្លាមៗតែម្ដង ។
ស្ត្រីរងគ្រោះឈ្មោះ ថោង សំអឿន អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខងារជាក្រុមប្រឹក្សាឃុំគគីរ មានទីលំនៅភូមិឃុំកើតហេតុ ។ ចំណែកជនដៃដល់ឈ្មោះ ហ៊ីង សុផុន ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូទាយ មានទីលំនៅក្នុងភូមិឃុំជាមួយគ្នា ។
បច្ចុប្បន្ន ជនដៃដល់ត្រូវបានឃាត់ខ្លួនភ្លាមៗ បញ្ចូនមកកាន់អធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯស្ត្រីរងគ្រោះត្រូវក្រុមគ្រួសារដឹកបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យ ៕
សិលា