អតីតតារាសម្ដែងល្បីឈ្មោះ អ្នកនាងលី ម៉ារីណា ដែលបានរៀបការប្ដីអាណិកជនខ្មែរ នៅអាមេរិក លោកសាត ចាន់ថន កាលពីឆ្នាំ២០១៣ នោះ បានដឹកដៃស្វាមីនិងកូនប្រុស សាត ថៃសាន់ អាយុ៣ឆ្នាំ មករស់នៅស្រុកខ្មែរ ជាអចិន្ត្រៃយ៍វិញហើយ ដោយនាងបើកហាងមួយនៅផ្សារស៊ីធីម៉ល ចំណែកស្វាមីនាងរកស៊ីទទួលអីវ៉ាន់ផ្ញើពីបរទេស។
លី ម៉ារីណា ដែលត្រឡប់មកដល់ស្រុកកំណើតវិញភ្លាម មានមន្ដ្រីធំៗជាច្រើនតាមក្រវែលនោះ ស្រាប់តែបានប្រារព្ធធ្វើខួបកំណើតគម្រប់អាយុ៣៧ឆ្នាំ កាលពីរាត្រីថ្ងៃទី២៦ ខែឧសភា នៅហាង V-Friend បឹងត្របែក ដោយមានតារាសិល្បៈល្បីៗមួយចំនួន បានទៅចូលរួមអបអរសារទរយ៉ាងកុះករផងដែរ។
លី ម៉ារីណា ប្រាប់ថា ”ថ្ងៃនេះជាថ្ងៃខួបកំណើតខ្ញុំពិតប្រាកដ ហើយខ្ញុំមិនលាក់បាំងដូចគេទេ ឆ្នាំហ្នឹងខ្ញុំអាយុ៣៧ឆ្នាំហើយ… (សើច)។ និយាយទៅ អាយុច្រើនហើយ តែខ្ញុំមិនខ្លាចចាស់ទេ អត់អីទេ! ថ្ងៃខួបហ្នឹង ខ្ញុំបានហៅតារាសិល្បៈមិត្តភក្ដិជិតដិតមកច្រើនដែរ ដើម្បីជួបជុំគ្នាម្ដង តែចំពោះមុខរបរខ្ញុំវិញ ឥឡូវដំណើរការមិនសូវល្អទេ”។
ការវិលចូលមករស់នៅស្រុកខ្មែរវិញ នៅពេលនេះ របស់លី ម៉ារីណា បញ្ជាក់ថា តារាដែលបោះបង់អាជីពសិល្បៈជាង៣ឆ្នាំនេះ លែងភ័យព្រួយពីសុវត្ថិភាព ហើយបន្ទាប់ពីនាងបានចេញទៅរស់នៅតាមប្ដី ឯសហរដ្ឋអាមេរិក មួយរយៈធំនោះមក។ ដោយឡែក ចំពោះអាជីពចាស់វិញ ម៉ារីណា ក៍តាំងចិត្តថា នាងនឹងបន្ដប្រឡូកការងារសិល្បៈជាប្រកតីវិញ ទាំងការថតភាពយន្ដ និងពិធីការិនី។
ដោយឡែក តាមប្រភពដែលស្និទ្ធលី ម៉ារីណា បានឲ្យដឹងថា ពេលនេះតារាកូន១សាច់នៅចាំរូបនេះ បានថតភាពយន្ដថ្មីឲ្យផលិតកម្មរស្មីហង្សមាស ស្ងាត់ៗដោយនាងចាប់ដៃជាមួយលោកទេព រិនដារ៉ូ ជាថ្មីវិញទៀតផង។ ប្រភពបន្ថែមថា ក្រៅពីមានមុខក្នុងរឿងកុនថ្មីនោះ ម៉ារីណា ក៍មានបណ្ដាផលិតកម្មមួយចំនួនទៀត បានហៅឲ្យនាងថតរឿងដូចមុនវិញដែរ ហើយចំពោះការងារទូរទស្សន៍ គឺនាងបានសម្រេចចិត្តស្ពាយបង្វេចចូលស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៣ ទៅហើយ ដោយទទួលកាន់កម្មវិធី២ទៀតផង។
លី ម៉ារីណា បន្ដថា ”ខ្ញុំពិតជាចូលធ្វើជាពិធីការិនីវិញនៅប៉ុស្ដិ៍លេខ៣ មែន ដោយកាន់កម្មវិធី ”ខ្សឹបដាក់មេក្រូ” និងកម្មវិធីមួយទៀត។ ចំពោះការថតរឿងឲ្យហង្សមាស គឺពិតជាមានការទាក់ទងមែន តែកំពុងចរចាគ្នានៅឡើយ តែរឿងហ្នឹងខ្ញុំមិនទាន់ហ៊ាននិយាយទេ ព្រោះអីខាងផលិតកម្មហង្សមាស ហាមមិនឲ្យនិយាយជាដាច់ខាត។ មានផលិតកម្មផ្សេងៗទៀត ក៍បានទាក់ទងឲ្យថតរឿងថ្មីដែរ តែកំពុងនៅចរចាតម្លៃខ្លួននៅឡើយ ហើយខ្ញុំទទួលការងារសិល្បៈដូចដើមវិញហើយនៅពេលនេះ”។
លី ម៉ារីណា និយាយថា នាងមករស់នៅស្រុកខ្មែរ ជាអចិន្ត្រែយ៍វិញហើយ ព្រោះតែគិតថា ទោះជាទៅរស់នៅដល់ស្រុកណាក៍ដោយ ក៍គ្មានប្រទេសណាដែលមានភាពកក់ក្ដៅ ជាងប្រទេសកំណើតដែរ។ ចំណែកស្វាមីនាងលោកចាន់ថន អាចនឹងចុះឡើងៗពីស្រុកខ្មែរ ទៅអាមេរិក ដោយសារតែជាប់ការងាររកស៊ីជាអ្នកទទួលបញ្ញើទំនិញ។
គួរបញ្ជាក់ថា លី ម៉ារីណា ធ្លាប់ជាតារាសម្ដែងល្បីល្បាញខ្លាំងដល់កំពូល កាលពីឆ្នាំ២០០៥ ដល់២០១០។ តែនៅពេលដែលនាងបានរៀបការជាមួយអតីតអគ្គនាយករងប៉ុស្ដិ៍បាយ័ន លោកទិត ថាវរិទ្ធ កាលពីឆ្នាំ២០១០ ហើយបានលែងលះគ្នាដោយចម្រូងចម្រាសនោះ ម៉ារីណា ក៍ធ្លាក់កូដមកវិញ។ នៅឆ្នាំ២០១២ ម៉ារីណា បានប៉ះរឿងអាស្រូវស្នេហ៍ដ៍រសើបថា នាងមានស្នេហាជាមួយមន្ដ្រីមានអំណាច ផ្កាយ៣ម្នាក់ ហើយត្រូវប្រពន្ធដើមលោកធំនោះ ព្រមានជាច្រើនលើកទៀតផង។ ដើម្បីលាងជម្រះរឿងអាស្រូវស្នេហ៍នោះ ម៉ារីណា បានដឹកដៃអាណិកជនខ្មែរ នៅអាមេរិក លោកសាត ចាន់ថន ដែលជាបុគ្គលិកកាស៊ីណូម្នាក់ ចូលរោងការ តែភ្លាមៗនោះ មហាជនជាច្រើនមិនជឿជាក់លើរូបនាងឡើយ ដោយគេសង្ស័យថា តារាសាច់សខ្ចីរូបនេះរៀបការក្លែងក្លាយ នាំឲ្យម៉ារីណា ភៀសខ្លួនទៅរស់នៅអាមេរិក តាមប្ដីជាង៣ឆ្នាំ។ នៅឆ្នាំ២០១៦ ម៉ារីណា ក៍សម្រេចចិត្តវិលត្រឡប់មករស់នៅស្រុកខ្មែរវិញ បន្ទាប់ពីរឿងស្នេហានាងជាមួយមន្ដ្រីធំ បានស្ងប់ស្ងាត់ ស្រាប់តែពេលនេះនាងថែមទាំងសម្រេចចិត្តវិលរកអាជីពចាស់ទៀតផង ដែលសកម្មភាពបែបនេះ ម៉ារីណា ចង់បញ្ជាក់ថា នាងគ្មានការបារម្ភពីសុវត្ថិភាពត្រូវប្រពន្ធគេគំរាមដូចការលេចឭឡើយ៕