សាលារៀនតូចៗ ក្នុងរដ្ឋ ញូម៉ិកស៊ិក សហរដ្ឋអាមេរិក បានសាកល្បងបើកសាលារៀន ដែលរៀន ៤ថ្ងៃ និងបិទ៣ថ្ងៃ ដោយសង្ឃឹមនឹងជួយសន្សំសំចៃឈ្នួលឡាន នៅអំឡុងពេលមានវិបត្តិថាមពល ដោយមានលទ្ធផលល្អៗ គឺលទ្ធផលនៃការរៀនរបស់កុមារមានភាពប្រសើរឡើង។
រឿងនេះស្របនឹងការសិក្សាថ្មី ពីអ្នកជំនាញនៅសាកលវិទ្យាល័យរដ្ឋម៉ុនតាណា ដែលធ្វើការស្រាវជ្រាវជាមួយកុមារចំនួនជាង ៨០០០នាក់ ទាំងក្រុមដែលប្រើពេលរៀន ៤ថ្ងៃ ក្នុង១សប្តាហ៍ និងក្រុមរៀនបែបធម្មតា។ លទ្ធផលពីការសិក្សាបង្ហាញថា ក្រុមដែលរៀន ៤ថ្ងៃ មានពិន្ទុប្រឡងស្តង់ដារល្អជាងមួយក្រុមទៀត ជាមធ្យមគឺ ពិន្ទុគណិតវិទ្យាល្អឡើង ១២% និងពិន្ទុការអានល្អឡើង ៦%៕