វីធីដ៏មានប្រសិទ្ធភាពមួយក្នុងការតាមដានសុខភាព នោះគឺ ការពិនិត្យទឹកនោម។ អ្នកមិនចាំបាច់ទៅពេទ្យ ពិនិត្យក៏បានដែរ ព្រោះអាចតាមដានដោយផ្ទាល់ដូចជា ៖
-ពណ៌ ៖ ពណ៌របស់ទឹកនោមអាស្រ័យលើជាតិទឹករបស់រាងកាយ។ គ្រូពេទ្យបានឱ្យដឹងថា វាជារឿងប្រសើរបំផុត បើទឹកនោមអ្នកថ្លា ព្រោះបើវាមានពណ៌លឿងចាស់ បង្ហាញថា រាងកាយខ្វះជាតិទឹក ឬតម្រងនោមធ្វើការមិនបានល្អ ឬមានសារធាតុពុលក្នុងរាងកាយ។
-ក្លិន ៖ ក្លិនរបស់ទឹកនោមអាស្រ័យអាហារដែលអ្នកហូប បើគ្មានក្លិន គ្មានពណ៌ដិតចាស់ទេ អ្នកមិនចាំបាច់បារម្ភឡើយ។
-នោមញឹកដែរទេ?
តាមធម្មតា បើអ្នកផឹកទឹកច្រើន ទឹកនោមក៏ច្រើនទៅតាមនោះដែរ។ តែពេលខ្លះ វាអាចបណ្តាលមកពីជំងឺមួយចំនួនដូចជា ទឹកនោមផ្អែម ផឹកស្រា ឬកាហ្វេច្រើនពេក ជាដើម។ ក្រៅពីនេះ អាចនឹងនោមញឹកដោយសារតែមាន ផ្ទៃពោះ ឬសាច់ដុំចុះខ្សោយ ក្អក កណ្តាស់ រត់ លើករបស់ធ្ងន់ ជាដើម។ ការហាត់ប្រាណអាចជួយដល់សាច់ដុំបរិវេណអាងត្រគាកបាន។
-ឈាមក្នុងទឹកនោម ៖ បញ្ហានេះ មិនសូវកើតញឹកញាប់ដោយមូលហេតុ ភាគច្រើនមកពីមានដុំក្រួសក្នុងតម្រងនោម ធ្វើឱ្យកកិតរហូតមានឈាមបាន។ បើមានបញ្ហានេះ អ្នកត្រូវទៅឱ្យគ្រូពេទ្យជំនាញពិនិត្យភ្លាម៕