Friday, July 18, 2025
Homeព័ត៌មានជាតិភ្លើងស្នេហ៍ប្រចណ្ឌស្រីនឹងស្រី!!! ស្ត្រីតែងខ្លួនជាប្រុស ចាក់សម្លាប់នារីជាសង្សារ រួចលេបថ្នាំកណ្តុរសម្លាប់ខ្លួន

ភ្លើងស្នេហ៍ប្រចណ្ឌស្រីនឹងស្រី!!! ស្ត្រីតែងខ្លួនជាប្រុស ចាក់សម្លាប់នារីជាសង្សារ រួចលេបថ្នាំកណ្តុរសម្លាប់ខ្លួន

កណ្តាលៈ ដោយសារតែភ្លើងប្រច័ណ្ឌ បានធ្វើឲ្យស្ត្រីតែងខ្លួនជាប្រុស ចាក់ប្រហារនារីជាសង្សា​រដោយកាំបិតចិត្តបន្លែ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីចាក់ប្រហារទៅលើនារីជា​សង្សារ​រួចមក ស្ត្រីតែងខ្លួនជាប្រុសរូបនេះបានយកថ្នាំកណ្តុរផឹកប៉ងធ្វើអត្តឃាត តែមិនបានសម្រេច ដោយសារបានសមត្ថកិច្ចនគរបាលដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យទាន់ពេលវេលា ។

ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៩ និង១០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចបន្ទប់ជួលស្នាក់នៅលេខ១៣ នៃជាន់ទី១  ស្ថិតក្នុងភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។

អធិការនគរបាលស្រុកអង្គស្នួល លោកវរសេនីយឯក មាន សំណាង បានឲ្យដឹងថា ជនសង្ស័យជាស្រីតែងខ្លួនជាប្រុសចាក់ប្រហារនារីជាសង្សារ បណ្តាលឲ្យរងរបួសនោះ ឈ្មោះ ហង់ ធា ហៅឆៃ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើតនៅភូមិតាំងគម្ពីរ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ក្រោយពីបញ្ជូនទៅសង្រ្គោះនៅ​មន្ទីរ​ពេទ្យបែកចាន មានអការៈធម្មតាវិញ ជនសង្ស័យរូបនេះត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់​អធិការ​ដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

លោក មាន សំណាង បានបន្តថា ស្ត្រីរងគ្រោះ​ឈ្មោះ ហ៊ុន ស្រីពៅ ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើតនៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ នារីរងគ្រោះត្រូវបានជនសង្ស័យចាក់ដោយកាំបិតចិតបន្លែ បណ្តាល​ឲ្យរងរបួសត្រង់គល់សុដន់ខាងឆ្វេង០១កន្លែង ,ឆ្អឹងខ្នង០១កន្លែង និងក្បាល០១កន្លែង ។

លោកអធិការបានបញ្ជាក់ថា ជនសង្ស័យនិងនារីរងគ្រោះបាន​ស្រឡាញ់គ្នា​អស់​រយៈ​ពេលប្រមាណ៣ឆ្នាំកន្លះ និងបានរស់នៅក្នុងបន្ទប់ជួលជាមួយគ្នា ស្ថិត​ក្នុងភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ។ រយៈពេលថ្មីៗកន្លងមកនេះ ឪពុកម្តាយនារីរងគ្រោះបានរៀប​ចំឲ្យនារីរងគ្រោះយកប្តី ហើយនារីរងគ្រោះក៏បានយករឿងនេះប្រាប់ទៅជនសង្ស័យជាសង្សារ រហូតធ្វើឲ្យជនសង្ស័យកើតក្តីប្រច័ណ្ឌទៅលើនារីរងគ្រោះ ។ លុះមកដល់វេលាម៉ោង៦ល្ងាច ថ្ងៃ​ទី០៨ ខែមិថុនា ឆ្នាំ២០១៧ ជនសង្ស័យនិងនារីរងគ្រោះបានចេញពីធ្វើការងារនៅក្នុងរោងចក្រ​វិញ ក៏បានដឹកដៃគ្នាចូលទៅក្នុងបន្ទប់ជួលស្នាក់នៅមួយសន្ទុះក្រោយមក អ្នកជិតខាងនិង​ម្ចាស់បន្ទប់ផ្ទះជួល បានឮសំឡេងនារីរងគ្រោះស្រែកឲ្យជួយ ។ ភ្លាមៗនោះ អ្នកជិតខាងនិង​ម្ចាស់បន្ទប់ជួលបាននាំគ្នាវាយបំបែកកញ្ចក់ទ្វារ ចូលទៅជួយនារីរងគ្រោះនាំចេញមកក្រៅហៅ​រថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ដោយឡែកជន​សង្ស័យបានដឹកថ្នាំបំពុលកណ្តុរប៉ងធ្វើអត្តឃាត តែមិនបានសម្រេច ត្រូវបានសមត្ថកិច្ចនគរ​បាលស្រុកអង្គស្នួល ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យទាន់ពេលវេលា ។

ចំពោះជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនកសាងសំណុំរឿងពីបទហិង្សា​ ដោយចេតនាមានស្ថានទម្ងន់ទោស ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល​ ចាត់ការ​តាមច្បាប់ ៕

RELATED ARTICLES