ភ្នំពេញ៖ កម្មករម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន (សហគ្រាសអង្កកម្ពុជា) ២នាក់ បានរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ ខណៈពេលយកប្រេងម៉ាស៊ីនទៅចាក់នៅក្នុងឡសម្ងួត ដើម្បីដុតយកកំដៅបណ្តាលឱ្យឆាប់ឆេះខ្លួនទាំង២នាក់តែម្តង។ ក្រោយពេលកើតហេតុ ត្រូវបានខាងក្រុមហ៊ុនដឹកតាមរថយន្តយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជន ចំណែកអ្នករងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យកុសុមៈ (ពេទ្យលោកសង្ឃ)។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនាឆ្នាំ២០១៧ នៅចំណុចក្នុងរោងម៉ាស៊ីនកិនស្រូវ (សហគ្រាសអង្ករកម្ពុជា) ស្ថិតនៅតាមផ្លូវបេតុងភូមិត្រពាំងវែង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។
ជនរងគ្រោះមានឈ្មោះអ៊ុល អីុ ភេទប្រុស អាយុ៣០ឆ្នាំ មានមុរបរកម្មកររោងម៉ាស៊ីនកិនស្រូវខាងលើ មានទីលំនៅភូមិម្លិច ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល រងរបួសធ្ងន់។ រីឯម្នាក់ទៀតរងរបួសស្រាល មិនត្រូវគេបានស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង២នាក់ បានបើកសន្ទះឡ ដើម្បីយកប្រេងម៉ាស៊ីនទៅចាក់ទៅក្នុងឡនោះ ខណៈពេលជះប្រេងចូលទៅក្នុងឡស្រាប់តែអណ្តាតភ្លើងជះចេញមកក្រៅឆាបឆេះទៅលើជនរងគ្រោះទាំង២នាក់ បណ្តាលឱ្យរងរបួសធ្ងន់ និងស្រាលម្នាក់ ក្រោយកើតហេតុខាងក្រុមហ៊ុនបានយករថយន្តរបស់ក្រុមហ៊ុនដឹកទៅគ្រោះបន្ទាន់នៅមន្ទីពេទ្យលោកសង្ឃ ម្នាក់ និងម្នាក់ទៀត នៅមន្ទីពេទ្យបង្អែកសែនសុខ៕