Tuesday, January 21, 2025
Homeព័ត៌មានជាតិកើបលុយមុនរ៉ឺត្រែត

កើបលុយមុនរ៉ឺត្រែត

ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ បានខ្សឹបឱ្យឮតាម “នគរធំ” ថា លោកឆែ សុធា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ ខណៈជិតដល់អាយុត្រូវចូលនិវត្តន៍ បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រកើបលុយឱ្យហើយ មុនរ៉ឺត្រែត។

ប្រជាពលរដ្ឋរស់នៅក្នុងឃុំអូរបីជាន់ បានខ្សឹបឱ្យឮថា សព្វថ្ងៃនេះ នៅច្រករបៀងអូរបីជាន់ មានទំនិញគេចពន្ធគ្រប់ប្រភេទ ហូរចូលមកក្នុងប្រទេសកម្ពុជា ដូចទឹកបាក់ទំនប់ ដែលដឹកជញ្ជូនតាមរថយន្តកាមរី រថយន្តច្នៃ និងរ៉ឺម៉កម៉ូតូ ជាដើម ហើយទំនិញគេចពន្ធទាំងនោះ អាចហូរចូលបានយ៉ាងងាយ តាមច្រករបៀងនេះ គឺដោយសារតែមានការស៊ុមគ្រលុំគ្នារវាងក្រុមឈ្មួញ និងគយចល័ត តាមរយៈបង់លុយក្រៅផ្លូវការ (គ្មានវិក្កយបត្រ) ជាប្រចាំខែ ឬខ្លះបង់លុយតាមជើង គឺបង់លុយជូនអស់លោកសមត្ថកិច្ចគយ ដែលនៅតាមដងផ្លូវ ទើបឈ្មួញអាចរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធដោយរលូនបាន ពោលគឺមិនខុសពីពាក្យចាស់ថា “អារសាច់ជូនខ្លា ទើបនៅស្រុកបាន” បើមិនហ៊ានចំណាយជូនមន្ត្រីជំនាញខ្លះ កុំសង្ឃឹមថា អាចដឹកទំនិញចេញបានឱ្យសោះ ព្រោះតែក្រុមជំនាញរបស់លោកឆែ សុធា ប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ បានដាក់ពង្រាយប៉ុស្តិ៍គយ ត្រួតពិនិត្យច្រើនកន្លែងណាស់។

ចំណែកក្រុមអ្នករកស៊ីដឹកទំនិញ បានខ្សឹបថា គយចល័តសាលាក្រហម ស្ថិតក្នុងភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ក្រោមការគ្រប់គ្រងរបស់លោកជូ សុផាណូ កូនចៅសំណព្វចិត្តរបស់លោកឆែ សុធា មានជំនាញខាងប្រដេញរថយន្តដឹកទំនិញឱ្យចូលមកបង់លុយដោយអនុវត្តតាមយុទ្ធសាស្ត្រកើបលុយមុនចូលនិវត្តន៍ របស់លោកឆែ សុធា ដើម្បីធ្វើឱ្យរថយន្តដឹកទំនិញងាកមកបង់លុយប្រចាំខែ ដោយគ្មានវិក្កយបត្រឱ្យលោកជូ សុផាណូ កាន់តែច្រើន​ ហើយបើគិតមកដល់ពេលនេះ មានរថយន្តតូចជិត៥០០គ្រឿងហើយ ដែលត្រូវបង់លុយកាក់ក្រៅផ្លូវការ (គ្មានវិក្កយបត្រ) ជាប្រចាំខែ ជូនលោកជូ សុផាណូ។ ក្នុងនោះក្រុមអ្នកជំនួញ និងអ្នកដឹកទំនិញតាមរថយន្តតូច ខាងគយចំណុចខាងលើនេះ តម្រូវឱ្យបង់លុយ១រថយន្ត ក្នុង១ខែ ពី៤០ទៅ៧០ម៉ឺនរៀល។ នេះមិនទាន់គិតរថយន្តធុនធំ រថយន្តឃ្លុប និងរថយន្តក្រុង ដែលដឹកទំនិញពីក្រុងប៉ោយប៉ែតផងទេ។

ក្រុមអ្នករកស៊ីដឹកទំនិញ បានខ្សឹបឱ្យឮថា មូលហេតុដែលគយសម្រុកដេញចាប់រថយន្តដឹកទំនិញ ដើម្បីកៀងឱ្យម្ចាស់រថយន្ត និងម្ចាស់ទំនិញចូលទៅបង់លុយក្រៅផ្លូវការនេះ គឺមកពីលោកឆែ សុធា ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ ដឹងខ្លួនថា ជិតចូលនិវត្តន៍ ក៏ខំប្រឹងកើបលុយ តាមរយៈការបើកដៃឱ្យកូនចៅប្រើយុទ្ធសាស្ត្រកៀរគរប្រភពចំណូលក្រៅផ្លូវការ ពីរថយន្តដឹកទំនិញគេចពន្ធ និងការស៊ុមគ្រលុំជាមួយឈ្មួញដែលសកម្មភាពរបស់ក្រុមជំនាញគយ លោកឆែ សុធា ធ្វើឱ្យបាត់ចំណូលថវិកាជាតិ ពីពន្ធគយនិងពន្ធអាករនេះយ៉ាងច្រើន ក្រាស់ក្រែលក្នុង១ថ្ងៃៗ ១ខែៗ។ ដូច្នេះគួរតែថ្នាក់លើចុះពិនិត្យបញ្ហានេះផង… ឬទុកទទួលសំណែនកូនចៅសែនឱ្យ!…។

ទោះជាយ៉ាងណា ការខ្សឹបរបស់ប្រជាពលរដ្ឋ អ្នករកស៊ីដឹកទំនិញខាងលើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណាទេ ដោយសារមិនអាចទាក់ទងសុំការបំភ្លឺពីលោកឆែ សុធា និងមន្ត្រីជំនាញពាក់ព័ន្ធបានទេ កាលពីម្សិលមិញ។ ដូច្នេះមិនដឹងថា ការចោទប្រកាន់ខាងលើ ជាការពិត ឬមួយក៏មកពីអ្នករកស៊ីដឹកទំនិញគេចពន្ធខឹងក្រុមគយ អនុវត្តតួនាទីភារកិច្ចបង្ក្រាបបទល្មើសរត់ពន្ធ និងប្រមូលពន្ធគយចូលថវិការដ្ឋ ទើបនាំគ្នានិយាយចោទប្រកាន់បង្កាច់បង្ខូចសមត្ថកិច្ចជំនាញឬយ៉ាងណានោះទេ។ យ៉ាងណាយើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES