បើអ្នកឈឺឆ្អឹងខ្នង គ្រាន់តែប្តូរឥរិយាបថគេងប៉ុណ្ណោះនោះ អាការនឹងធូរស្រាល ដោយគ្រាន់តែកែឥរិយាបថគេងឱ្យសម ស្របដូចជា ៖
-គេងផ្អៀងមានខ្នើយទ្រជង្គង់
ឥរិយាបថនេះ ធ្វើឱ្យឆ្អឹងខ្នងកោងក្នុងកម្រិតសមល្មម ហើយបើបានបន្ទន់ជង្គង់បន្តិច កាន់តែល្អ ដើម្បីឱ្យត្រគាកស្ថិតនៅជួរតែមួយជាមួយនឹងឆ្អឹងខ្នងស្របគ្នា មិនខុសប្រក្រតី។ ម៉្យាងទៀត ការគេងបែបនេះ ក៏ជួយឱ្យគេងលក់ស្កប់ស្កល់ជាងមុនដែរ។
-គេងផ្អៀងដាក់ដៃក្បែរខ្លួន
ជាឥរិយាបថដែលល្អចំពោះឆ្អឹងខ្នងបំផុត ជួយបន្ថយការឈឺចាប់ឆ្អឹងខ្នង និងក បានក្នុងពេលតែមួយ និងអាចបន្ថយបញ្ហាគេងស្រមុកបានថែមទៀត។ តែគួរឧស្សាហ៍ប្តូរឥរិយាបថ ព្រោះបើគេងបែបនេះយូរពេក អាចធ្វើឱ្យឈឺស្មា និងដៃ។
-គេងផ្អៀងខាងស្តាំ បន្ទន់ជង្គង់
ជួយឱ្យចង្វាក់បេះដូងដើរស្រួល ហើយអាហារក្នុងក្រពះបញ្ជូនទៅពោះវៀនបានស្រួលជាងមុន។ គួរមានខ្នើយមួយកល់ជង្គង់ និងគេងឱ្យត្រង់ក្បាលជាមួយឆ្អឹងខ្នង ព្រោះបើខ្នើយទាបពេកអាចធ្វើឱ្យឈឺ ពោលគឺត្រូវកល់ឱ្យស្មើ ដើម្បីកុំឱ្យឈឺខ្នង។
-គេងផ្ងារ មានខ្នើយកល់ជង្គង់
ជាឥរិយាបថងាយស្រួលបំផុត គ្រាន់តែមានខ្នើយកល់ជង្គង់ឱ្យខ្ពស់បន្តិច ដើម្បីកុំឱ្យ ខ្នងកោងខ្លាំងពេកជាការស្រេច ៕