ខេត្តព្រះសីហនុ៖ ក្រុមយុវជនជាបុគ្គលិកកាស៊ីណូខ្សាច់មាស ចំនួន០៥នាក់ នាយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង២១និង១០នាទី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរបន្ទាប់ពីពួកគេបានធ្វើសកម្មភាពអុកឡុកនៅតាមផ្លូវ ត្រង់ចំណុចក្រុមទី១៧ ភូមិ០៤ សង្កាត់លេខ០៤ ខេត្តព្រះសីហនុ ដោយក្រុមយុវជនទាំងនេះបានកាន់ដាវសាម៉ូរ៉ៃបម្រុងដេញកាប់អ្នកធ្វើដំណើរតាមផ្លូវ។
យោងតាមប្រភពសមត្ថកិច្ចល្បាត បានឲ្យដឹងថា នៅយប់កើតហេតុ ខណៈពេលក្រុមល្បាតរបស់ការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តព្រះសីហនុ ដើរល្បាតនៅតាមបណ្តោយផ្លូវសំខាន់ៗក្នុងខេត្ត បានប្រទះក្រុមយុវជនមួយក្រុមចំនួន០៥ទៅ០៦នាក់ កាន់ដាវសាម៉ូរ៉ៃចំនួន០២ដើម ដើរច្រងេងច្រង៉ាងលើផ្លូវ បំណងដេញកាប់អ្នកធ្វើដំណើរម្នាក់ជាកូនមន្ត្រីកងរាជអាវុធហត្ថខេត្ត ទើបក្រុមរបស់លោកបានសហការជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ធ្វើការឡោមព័ទ្ឋឃាត់ខ្លួនបានចំនួន០៥នាក់ រត់រួចមួយចំនួន រួមជាមួយដាវសាម៉ូរ៉ៃចំនួន០២ដើម ដបជក់ថ្នាំញៀនចំនួនផងដែរ។ បន្ទាប់ពីសមត្ថកិ្ចឃាត់ខ្លួនក្រុមយុវជនជើងខ្លាំងទាំង០៥នាក់ ដែលជាបុគ្គលិកកាស៊ីណូខ្សាច់មាស បញ្ជូនខ្លួនមកកាន់ស្នងការដ្ឋានខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់រួចមកយុវជនរងគ្រោះដែលគេស្គាល់ថា ជាកូនប្រុសរបស់មន្ត្រីកងរាជអាវុធខេត្តព្រះសីហនុ ពុំបានដាក់ពាក្យបណ្តឹងនោះទេ ព្រោះពុំមានរងរបួសស្នាម។
ប្រភពសមត្ថកិច្ចដដែលបានបញ្ជាក់ទៀតថា យុវជនទាំង០៥នាក់ ដែលបានឃាត់ខ្លួននេះមានទី០១ ឈ្មោះទៀង រម្យ ភេទប្រុស អាយុ២២ឆ្នាំ ជាបុគ្គលិកកាស៊ីណូខ្សាច់មាស ទី០២ ឈ្មោះ ធឿត លីម ភេទប្រុស អាយុ២១ឆ្នាំ ជាបុគ្គលិកកាស៊ីណូខ្សាច់មាស ទី០៣ ឈ្មោះទៀង ដា ភេទប្រុសអាយុ២០ឆ្នាំ ជាបុគ្គលិកកាស៊ីណូខ្សាច់មាស ទី០៤ ឈ្មោះ សូ ដារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូខ្សាច់មាស និងទី០៥ ឈ្មោះឈឿន ផារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជាបុគ្គលិកកាស៊ី ណូខ្សាច់មាស អ្នកទាំង០៥នាក់ បច្ចុប្បន្នស្នាក់បន្ទប់ជួល ក្រុមទី១៧ ភូមិ០៤ សង្កាត់លេខ៤ ខេត្តព្រះសីហនុ។
បច្ចុប្បន្នយុវជនជើងខ្លាំងទាំង០៥នាក់ កំពុងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការសាកសួរ ទៅតាមនីតិវិធីច្បាប់៕