ភ្នំពេញ៖ ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ ត្រូវបានម្តាយក្មេងស្រីរងគ្រោះប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនបន្ទាប់ពីក្មេងប្រុសសង្ស័យបានលួងលោមក្មេងស្រីអាយុ១៣ឆ្នាំ ចេញពីផ្ទះបាត់មួយយប់មួយថ្ងៃ ក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្តង។ ហេតុការណ៍ឃាត់ខ្លួនកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចក្នុងវត្តទួលសង្កែ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
ក្មេងប្រុសសង្ស័យមានឈ្មោះ អ៊ំុ សារ៉ាត់ អាយុ១៥ឆ្នាំ មានមុខរបរសិស្សថ្នាក់ទី៦ នៅសាលា អនុវិទ្យាល័យទួលសង្កែ ស្នាក់នៅបន្ទប់ជួល ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ ក្មេងស្រីរងគ្រោះ ឈ្មោះ ស.អ.ណ.អ.វ.ហ អាយុ១៣ឆ្នាំ មានមុខរបរសិស្សថ្នាក់ទី៧ នៅសាលា ឯកជនមួយកន្លែង មានទីលំនៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុកាលពីវេលាម៉ោង៧នឹង០០នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ក្មេងស្រីរងគ្រោះបានចេញពីផ្ទះមករៀននៅសាលាឯកជនមួយកន្លែង នៅពេលចេញពីសាលាមិនឃើញត្រឡប់មកផ្ទះវិញសោះ រួចទូរស័ព្ទជាច្រើនលើកមិនចូល ហើយក្រុមគ្រួសារក៏មានការភ្ញាក់ផ្អើលបាននំាគ្នាដើររកគ្រប់ច្រកល្ហកយ៉ាងណាក៏មិនឃើញ។ លុះនៅវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ទី១៤ ខែមិថុនា ទើបប្រទះឃើញពួកគេទាំង២នាក់ កំពុងអង្គុយនិយាយគ្នាលេងនៅក្នុងវត្តខាងលើ ក៏ត្រូវឪពុកម្តាយក្មេងស្រីរងគ្រោះចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ តែម្តង។
ក្រោយពីសមត្ថកិច្ចសាកសួររួច ក្មេងប្រុសសង្ស័យបានសារភាពថា បានយកក្មេងស្រីរងគ្រោះទៅដេកនៅផ្ទះសំណាក់ (បៃតង) ដែលមាននៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ហើយក្មេងដែលជាជនសង្ស័យ មិនបានបញ្ជាក់ថា រូបគេបានរួមភេទបានប៉ុន្មានដងនោះទេ ហើយរូបគេទាំង២នាក់ បានមានទំនាក់ទំនងស្នេហានឹងគ្នា រយៈពេល៤ខែមកហើយ។
បច្ចុប្បន្នជនសង្ស័យបាននិងកំពុងឃុំខ្លួន និងសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការតាមផ្លូវច្បាប់៕