ប្រជាពលរដ្ឋនៅខេត្តសៀមរាប បានខ្សឹបឱ្យឮតាម “នគរធំ” ថា មន្ត្រីកាំកុងត្រូលសាខាខេត្តសៀមរាប ហាក់មិនសូវសកម្មក្នុងការងារសោះ យូរៗទើបឃើញចុះត្រួតពិនិត្យគុណភាព គ្រឿងឧបភោគបរិភោគនៅលើទីផ្សារម្តង ខណៈដែលប្រជាពលរដ្ឋទាំងអស់ ត្រូវពឹងផ្អែកទាំងស្រុងលើមន្ត្រីជំនាញ ដើម្បីជួយការពារសុវត្ថិភាពសុខភាព និងចំណីអាហារ តែបើមន្ត្រីកាំកុងត្រូល ធ្វើការដូចអំពិលអំពែកបែបនេះ តើឱ្យពលរដ្ឋរំពឹងលើអ្វី?
ប្រជាពលរដ្ឋខេត្តសៀមរាប បានខ្សឹបឱ្យឮថា កាលពីប៉ុន្មានថ្ងៃមុននេះ ឃើញលោកង៉ែត ចេក ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានដឹកនាំកូនចៅដើរត្រួតពិនិត្យរកសារធាតុគីមីនៅក្នុងគ្រឿងឧបភោគ បរិភោគ ដែលកំពុងដាក់តាំងលក់នៅក្នុងផ្សារសាមគ្គី សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្នុងគោលបំណងស្វែងរកសារធាតុគីមីលើចំណីអាហារ ដូចជាបន្លែ ត្រី សាច់ រួមទាំងគ្រឿងកំប៉ុងគ្រប់ប្រភេទ ដែលភាគច្រើននាំចូលពីប្រទេសជិតខាង និងឱ្យប្រជាពលរដ្ឋយល់ដឹងពីគ្រោះថ្នាក់ផ្នែកសុខភាព ដោយសារទទួលទានអាហារគ្មានសុវត្ថិភាព។
ប្រជាពលរដ្ឋខេត្តសៀមរាប បានខ្សឹបបន្តថា ប្រតិបត្តិការចុះត្រួតពិនិត្យទំនិញគ្មានគុណភាព និងគ្មានសុវត្ថិភាពនេះ ត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរ សម្តែងនូវការសាទរយ៉ាងខ្លាំង ប៉ុន្តែទាស់ត្រង់ថា មន្ត្រីកាំកុងត្រូលខេត្ត ធ្វើការមិនសូវសកម្ម យូរៗទើបចុះពិនិត្យម្តង ហើយពេលចុះមកម្តងៗ តែងនាំកាមេរ៉ាមកថតព្រោងព្រោត សម្រាប់បង្អួតបង្ហាញតាមហ្វេសប៊ុក ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ឱ្យថ្នាក់លើបានឃើញស្នាដៃ ធ្វើឱ្យក្រុមអាជីវករបានបង្ហាញពីការធុញទ្រាន់ និងរិះគន់មន្ត្រីកាំកុងត្រូលទាំងនោះ ថា យូរៗធ្វើការម្តង ធ្វើដូចជាហំហួនសម្បើមណាស់ ហើយពិនិត្យតែក្នុងផ្សារ ចំណែកទំនិញដឹកចូលតាមព្រំដែន គ្មានការពិនិត្យនៅដើមទីនោះទេ ទើបធ្វើឱ្យទំនិញខូចគុណភាពជាច្រើនប្រភេទ អាចហូរចូលមកបាន។
ក្រុមអាជីវករលក់ដូរក្នុងផ្សារសាមគ្គី បានខ្សឹបឱ្យឮដែរថា ទំនិញនាំចូលដោយខ្វះការត្រួតពិនិត្យនៅតាមច្រកព្រំដែន កំពុងបង្កហានិភ័យខ្ពស់ដល់សុខភាពប្រជាពលរដ្ឋខ្មែរ ដោយអាចកើតមានជំងឺផ្សេងៗ ក្រោយការបរិភោគចំណីអាហារខូចគុណភាព ឬមានលាយសារធាតុគីមីពុលទាំងនោះ។ មិនតែប៉ុណ្ណោះ អំពើពុករលួយក្នុងចំណោមមន្ត្រីភ្នាក់ងារកាំកុងត្រូល និងគយ បានកើតមានយ៉ាងចំហនៅតាមបណ្តាច្រកទ្វារព្រំដែន ទើបជាហេតុធ្វើឱ្យទំនិញគេចពន្ធ ឬទំនិញខូចគុណភាព អាចហូរចូលមកក្នុងទីផ្សារកម្ពុជា ដោយគ្មានការត្រួតពិនិត្យឱ្យបានហ្មត់ចត់ពីដើមទី។
ក្រុមអាជីវករបានខ្សឹបទៀតថា មន្ត្រីកាំកុងត្រូល គួរពង្រឹងការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលចំណីអាហារ នៅតាមច្រកនាំចូល ឬតាមឃ្លាំងស្តុក មុនពេលអនុញ្ញាតឱ្យចរាចរតាមបណ្តាទីផ្សារ ព្រោះផលិតផលបែបនេះ កាលណាចូលដល់ទីផ្សារហើយ ប្រជាជននឹងទិញយកទៅបរិភាគអស់ទៅហើយ ហើយសូម្បីអ្នកលក់ផ្ទាល់ ក៏មើលមិនដឹងថា របស់ណាមានជាតិគីមីឬអត់ដែរ ហេតុនេះត្រូវពឹងផ្អែកលើមន្ត្រីជំនាញកាំកុងត្រូល ចុះបើការត្រួតពិនិត្យរបស់កាំកុងត្រូល ដូចអំពិលអំពែក យូរឃើញមុខម្តងបែបនេះ តើសុខភាពប្រជាពលរដ្ឋនឹងប្រឈមនឹងបញ្ហាអ្វីខ្លះ?
ក្រុមអាជីករបានខ្សឹបឱ្យឮទៀតថា កន្លងមក មន្ត្រីកាំកុងត្រូលតែងអះអាងថា ការត្រួតពិនិត្យគុណភាពទំនិញនៅតាមផ្សារ នៅតែជារឿងសំខាន់ មិនអាចបណ្តែតបណ្តោយបានឡើយ ដើម្បីទប់ស្កាត់ទំនិញគ្មានគុណភាព និងការពារសុខភាពប្រជាពលរដ្ឋ ប៉ុន្តែការត្រួតពិនិត្យតាមទីផ្សារ គឺវាហួសពេលទៅហើយ តែបើចង់ទប់ស្កាត់ គួរទប់តាំងពីច្រកព្រំដែន ទើបមានប្រសិទ្ធភាព និងធានាបានថា អាហារខូចគុណភាព និងមានលាយសារធាតុគីមី មិនអាចហូរចូលមកកម្ពុជាបានឡើយ។
ទោះជាយ៉ាងណា ជុំវិញការខ្សឹបរបស់ប្រជាពលរដ្ឋខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីលោកង៉ែត ចក ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕