Sunday, November 24, 2024
Homeសិច និងស្នេហាចំណុចដែលត្រូវវិភាគឲ្យច្បាស់ មុនសម្រេចចិត្តរៀបការ

ចំណុចដែលត្រូវវិភាគឲ្យច្បាស់ មុនសម្រេចចិត្តរៀបការ

ពេលសិក្សាស្វែងយល់ចិត្តគ្នាបានមួយរយៈ ការរៀបការ គឺជាគោលដៅបន្ទាប់នៃសម្ព័ន្ធភាព ហើយវាមិនមែនជា រឿងងាយទេ ដែលត្រូវសម្រេចចិត្ត ព្រោះត្រូវគិតផងថា ក្រោយពេលរៀបការរួច អ្នកនឹងត្រូវជួបប្រទះ នូវការប្រែប្រួលជាច្រើនក្នុងជីវិត។ ដូច្នេះ មុននឹងសម្រេចចិត្តយល់ព្រមរៀបការ ត្រូវគិតពីចំណុចមួយចំនួនដូចជា ៖ 

-ពិនិត្យក្តីសង្ឃឹមរបស់ខ្លួនឯង ៖

អ្នកទាំងពីរអាចមានតម្រូវការ ដែលត្រូវប្រើជីវិតគូរួមគ្នាពិតមែន។ ប៉ុន្តែ នោះមិនមានន័យថា អ្នកនិងគេមានក្តីសង្ឃឹមទៅតាមទិសដៅតែមួយឡើយ។ ឧទាហរណ៍ ពេលរៀបការរួច អ្នកចង់បានកូនភ្លាមៗ ក្នុងខណៈដែលដៃគូរបស់អ្នកនៅមិនទាន់ចង់បាន។ គ្រាន់តែទស្សនគតិ ដែលខុសគ្នាក្នុងរឿងតូចតាចទាំងនេះ ក៏អាចជះឥទ្ធិពលដល់សម្ព័ន្ធភាពជីវិតគូរបស់អ្នកបាន ប្រសិនមិនមានការយល់ព្រមជជែកគ្នាជាមុន។

-ត្រៀមផ្លាស់ប្តូរខ្លួនឯង ៖

មុននឹងសម្រេចចិត្តប្រើជីវិតគូរួមគ្នា សាកល្បងសួរខ្លួនឯងសិនថា អ្នកអាចទទួលស្គាល់ការប្រែប្រួលដែលកើតឡើងក្រោយពីនេះ បានច្រើនកម្រិតណា? ព្រោះអ្នកអាចត្រូវផ្លាស់ប្តូរកន្លែងរស់នៅ កន្លែងធ្វើការ និងមិត្តភ័ក្តិ។ កុំប្រញាប់សម្រេចចិត្តភ្លាមៗ ព្រោះបើសម្របខ្លួនមិនបាន អ្នកអាចត្រូវលង់ជាមួយអារម្មណ៍នោះរយៈពេលយូរ។

-មានសម្ព័ន្ធភាពដ៏ល្អជាមួយក្រុមគ្រួសារគេ ៖

អ្នកត្រូវដឹងថា ទោះគូជីវិតរបស់អ្នកមានអាយុច្រើនប៉ុនណា ប៉ុន្តែសម្ព័ន្ធភាព រវាងម្តាយកូនរបស់ស្វាមីមិនមានថ្ងៃដាច់ពីគ្នាឡើយ។ នៅពេលសម្រេចចិត្តរៀបការជាមួយគេ អ្នកត្រូវថែរក្សាសម្ព័ន្ធភាពនេះដូចគ្នា ដើម្បីកុំឱ្យជីវិតពិបាកចិត្តក្នុងឋានៈជាអាជ្ញារកណ្តាល ឬប្រសិនដឹងថា ម្តាយរបស់គេជាមនុស្សមាននិស្ស័យបង្គាប់បញ្ជារ អ្នកត្រូវមានវិធីដោះស្រាយយ៉ាងសុភាពបំផុត។

-សិក្សាអារម្មណ៍ភាគីម្ខាងទៀត ៖

ពិតប្រាកដណាស់ថា គូជីវិតតែងមានបញ្ហាប៉ះទង្គិចគ្នាជារឿងធម្មតា។ ប៉ុន្តែ អ្នកអាចកែប្រែវិបត្តិឱ្យក្លាយជាឱកាសបាន។ ពេលណាអ្នកឈ្លោះគ្នា សាកល្បងសង្កេតលក្ខណៈនៃការបង្ហាញអារម្មណ៍របស់គេទៅមើលថា បែបណាមានការប្រើកម្លាំងបាយជាមួយអ្នកឬអត់? ប្រសិនគេទំនងជាប្រើហឹង្សាដាក់អ្នកមុននឹងយល់ព្រមរៀបការ អ្នកត្រូវគិតឱ្យច្បាស់ម្តងទៀត។

-សាកសួរពីស្ថានភាពលុយកាក់ ៖

ការរៀបផែនការផ្នែកលុយកាក់ ចាត់ទុកជារឿងសំខាន់នៃការប្រើជីវិតគូ ព្រោះអ្នកត្រូវគិតពីចំណូលចំណាយឱ្យល្អិតល្អន់។ វិធីដែលល្អ មុនរៀបការ អ្នកគួរជជែកគ្នាថា ម្នាក់ៗមានស្ថានភាពលុយកាក់បែបណា? ដើម្បីការពារទុកជាមុននូវវិបត្តិផ្នែកលុយកាក់ ដែលអាចកើតឡើង។ ក្រោយពីនោះ សឹមដាក់ផែនការអនាគតផ្នែកលុយកាក់រួមគ្នា ៕

RELATED ARTICLES