Tuesday, November 26, 2024
Homeតារាខ្មែរខួបអាពាហ៍ពិពាហ៍៥ឆ្នាំ លោកស៊ុក សុភា និងភរិយា បញ្ចេញសារផ្អែមល្ហែមដូចទឹកឃ្មុំ

ខួបអាពាហ៍ពិពាហ៍៥ឆ្នាំ លោកស៊ុក សុភា និងភរិយា បញ្ចេញសារផ្អែមល្ហែមដូចទឹកឃ្មុំ

ភ្នំពេញ ៖ ជីវិតអាពាហ៍ពិពាហ៍រវាងអតីតតារាសម្តែងស៊ុក សុភា និងភរិយា ជាអាណិកជនអូស្ត្រាលី គឺអ្នកនាងលុយ រីម៉ា ហៅសារីនណា មានរយៈពេល៥ឆ្នាំហើយ គិតមកដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ។ នៅថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍៥ឆ្នាំ ភរិយាលោកស៊ុក សុភា បានបង្ហោះនូវសារមួយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បង្ហាញឱ្យដឹងពីរសជាតិជីវិតស្នេហារបស់ពួកនាង ពិសេសបង្ហាញពីទឹកចិត្តស្វាមីបានលះបង់សព្វបែបយ៉ាងសម្រាប់ភរិយា និងកូនៗជាទីស្រលាញ់។

ភរិយាលោកស៊ុក សុភា បានសរសេរបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ Sarina Lucky Luy កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ថា “Happy 5th years of our wedding anniversary លោកប្តីសម្លាញ់? ពេលវេលាពិតជាដើរទៅមុខលឿនណាស់ ហើយឱកាសក៏មិនចេះតែមានសម្រាប់ពួកយើងទេ ដូច្នេះចូរយើងក្តោបក្តាប់ឱ្យបានល្អ កុំភ្លេចខ្លួនជោរនាចតាមអារម្មណ៏១ភ្លែត ធ្វើឱ្យជីវិតមនុស្សប្រែប្រួល។ សម្រាប់ពួកយើងក្នុងរយៈពេល៥ឆ្នាំកន្លងផុតទៅ យើងបានស្គាល់គ្រប់រសជាតិជាមួយគ្នា រសជាតិផ្អែម ល្វីង ជូរ ជត់ ប្រៃ ហឹរ មានទាំងមារផ្ចាញ់ មានទាំងអ្នកស្អប់ ច្រណែន គាំទ្រ រិះគន់ មើលងាយ សេចក្តីស្រឡាញ់របស់យើង ហើយក៏មានទាំងអ្នកជូនពរ និងអ្នកច្រណែន តែដោយសារតែការជូនពរច្រើនលើសលប់ជាងអ្នកដែលច្រណែន ហើយក៏ដោយសារបង្គោលដ៏រឹងមាំ ដែលអូនបានដាំទទួលបង ទើបពួកយើងមានថ្ងៃនេះបាន។ ថ្ងៃដែលយើងបានទទួលសព្វគ្រប់ ដែលអ្នកខ្លះមិនអាចទទួលបាន តែចំពោះអូន អ្វីៗដែលយើងមានសព្វថ្ងៃនេះ គឺអូនពេញចិត្តហើយ យល់ថាគ្រប់គ្រាន់ហើយ ទើបធ្វើឱ្យចិត្តអូនស្ងប់បាន ហើយអ្វីដែលសំខាន់ គឺការប្រែប្រួល និងបត់បែនតាមកាលៈទេសៈរបស់បង អ្វីដែលអូនទទួលបាន គឺបងក៏មានចំណែក ចំណែកដែលបងចាកចោលស្រុក មកសាងគ្រួសារដ៏កក់ក្តៅ ចោលភាពសប្បាយហ៊ឺហា ចោលគំនិតក្មេងខ្ចី ដើម្បីមកក្លាយជាស្វាមីដ៏ល្អជាទីស្រឡាញ់ដល់កូនៗ ហើយបងបានជួយមើលថែកូនៗទាំង៥ បានល្អ ដែលបងសុខចិត្តក្រោកយកកូនៗទៅរៀនរាល់ព្រឹក ទាំងបងពុំដែលបានគេងឆ្អែតដូចអូន តែដោយសារឃើញអូនហត់នឿយ ទើបបងក្រោករួចរាល់ព្រឹកទាំងភ្នែកនៅក្រហមនៅឡើយ។ អ្វីៗដែលយើងទាំងពីរនាក់បានធ្វើ មិនមែនត្រឹមតែផ្តល់សេចក្តីសុខចំពោះយើងទាំង២ទេ ដែលសំខាន់បំផុតគឺកូនៗទាំង៥ ដែលបានឪពុកម្តាយមើលថែនៅជាមួយបានរាល់ថ្ងៃ ដូច្នេះពួកគេទទួលបានទាំងភាពកក់ក្តៅ និងទាំងជីវភាពរស់នៅដ៏ត្រជាក់ត្រជុំ ទោះយើងមិនមែនជាមហាសេដ្ឋី តែអ្វីៗដែលយើងមាន វាគ្រប់គ្រាន់ហើយសម្រាប់អូន ដូច្នេះអូនសូមអរគុណនូវការព្យាយាមតស៊ូរបស់បងនាពេលកន្លងមក? សូមបងបន្តទង្វើដ៏ប្រពៃនេះសម្រាប់អូន និងសម្រាប់កូនៗយើងទៅមុខទៀត ដូចដែលបងបានធ្វើកន្លងមក? I love you more than I can say Souk Sorphea…”។

សម្រាប់នៅថ្ងៃទី២៣ ខែមិថុនា លោកស៊ុក សុភា បានសរសេរឆ្លើយតបទៅភរិយា វិញថា “ប្រពន្ធសម្លាញ់ចិត្តប្ដី​ Happy 5th years of our wedding anniversary  ជាការពិតណាស់ ពេលវេលាពិតជាដើរទៅលឿនមែន​ សម្រាប់ពួកយើងទាំងពីរ ក្នុងរយៈពេល៥ឆ្នាំកន្លងផុតទៅ ហើយបងនិងអូនពិតជាបានស្គាល់គ្រប់រស់ជាតិនៃជីវិតគូ រួមរស់ជាមួយគ្នាពិតប្រាកដ។ បងពិតជាដឹងថាអ្វីៗដែលយើងទាំងពីរនាក់ខិតខំធ្វើរាល់ថ្ងៃហ្នឹង បងជឿជាក់ថា មិនមែនត្រឹមតែផ្ដល់សេចក្ដីសុខចំពោះអូននិងបងនោះទេ តែអ្វីដែលសំខាន់បំផុត គឺកូនៗទាំង៥របស់យើងផងដែរ​ ជាពិសេសទៅទៀត បានអូនហើយនិងបងមើលថែរក្សាដោយផ្ទាល់ដៃ​យើងទាំងពីរ​នាក់ជារៀងរាល់ថ្ងៃ ហើយនឹងរួមរស់នៅជាមួយគ្នាបានរាល់ថ្ងៃ ដូច្នេះបងជឿជាក់ថា ពួកគាត់ពិតជាទទួលបានទាំងភាពកក់ក្ដៅនិងទាំងជីវភាពរស់នៅដ៏ត្រជាក់ត្រជុំមិនខានឡើយ បើទោះបីជាបងនិងអូនមិនមានលុយច្រើនរាប់មិនអស់ ដូចជា​ ឯកឧត្តម​ ឬ​ឧកញ្ញា​ក៏ដោយ តែអ្វីៗដែលយើងមានសព្វថ្ងៃនេះ​ ចំពោះបងគិតថាវាសមរម្យសម្រាប់យើងទាំងពីរនាក់ហើយ។ ហើយសម្រាប់បងក៏សូមអរគុណចំពោះអូននូវការព្យាយាមមើលថែរក្សាបងរហូតកន្លងមក​ ដែលបងគិតថា អូន​ប្រៀបដូចជាម្ដាយរបស់បង​ហើយ បងនឹងសង្ឃឹមថា អូននឹងនៅតែបន្ដទង្វើរដ៏ប្រពៃនេះសម្រាប់បងនិងសម្រាប់កូនៗយើងទៅមុខទៀត ដូចដែលអូនបានធ្វើកន្លងមកផងដែរ។ ជាចុងក្រោយ បងសូមបញ្ជាក់ថា​ បងពិតជាត្រូវការអូនស្រលាញ់អូននឹងកូនៗរបស់យើងខ្លាំងណាស់។

គួរបញ្ជាក់ថា លោកស៊ុក សុភា បានរៀបការជាមួយនឹងភរិយាបណ្តូលចិត្ត គឺអ្នកនាងលុយ រីម៉ា ហៅសារីនណា ជាអាណិកជនអូស្ត្រាលី កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២។ ភរិយាលោកស៊ុក សុភា ធ្លាប់បានចូលប្រឡូកក្នុងវិស័យសិល្បៈដែរ ដោយធ្លាប់ចូលរួមសម្តែងខារ៉ាអូខេ  ឱ្យផលិតកម្ម SSB ក្នុងបទ “មនុស្សដំបូង” ដែលច្រៀងដោយអ្នកនាងម៉េង កែវពេជ្ជតា។ បន្ទាប់មក ភរិយាលោកស៊ុក សុភា ក៏បានប្រឡូកក្នុងវិស័យសម្តែងភាពយន្តទៀតផង ដោយធ្លាប់សម្តែងភាពយន្តរឿង “វិញ្ញាណក្រហម” ឱ្យផលិតកម្មក្នុងស្រុកមួយ៕

RELATED ARTICLES