Tuesday, November 26, 2024
Homeតារាខ្មែរខៃ ប្រសិទ្ធ លេចមុខថតបទចម្រៀង "ឳពុកអ្នកក្រ" និងអំពាវនាវឲ្យអ្នកមាន ចែករំលែកជួយអ្នកក្រ

ខៃ ប្រសិទ្ធ លេចមុខថតបទចម្រៀង “ឳពុកអ្នកក្រ” និងអំពាវនាវឲ្យអ្នកមាន ចែករំលែកជួយអ្នកក្រ

ស្ទើរមិនគួរឲ្យជឿតារាភាពយន្តជើងចាស់ល្បីឈ្មោះ លោកខៃ ប្រសិទ្ធ ដែលបានដកខ្លួនពីពិភពសិល្បៈទៅសម្ងំរស់នៅប្រទេសអូស្ត្រាលី ជិត២០ឆ្នាំនោះ ស្រាប់តែលេចមុខមកថតឈុតខារ៉ាអូខេជាថ្មី ខណៈដែលលោកបានអំពាវនាវឲ្យអ្នកមានៗដែលសម្បូរទ្រព្យ ជួយចែករំលែកដល់ប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាជីវភាពក្រីក្រទីទាល់។

ចាប់តាំងពីអតីតភរិយាអ្នកស្រីពិសិដ្ឋ ពីលីកា ត្រូវឃាតករបាញ់សម្លាប់នៅកណ្ដាលរាជធានីភ្នំពេញ កាលពីជិត២០ឆ្នាំមុន លោកខៃ ប្រសិទ្ធ បាននិរទេសខ្លួនទៅសម្ងំរស់នៅប្រទេសអូស្ត្រាលី ដោយហ៊ានឡើងចុះស្រុកខ្មែរម្ដងម្កាលតែប៉ុណ្ណោះ ទាំងព្រួយបារម្ភពីសុវត្ថិភាពគ្រប់ជំហាន ខណៈដែលឃាតករមិនត្រូវបានវែកមុខ។ យ៉ាងណា អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ថ្មីៗនេះ លោកខៃ ប្រសិទ្ធ ស្រាប់តែវិលមកថតឈុតខារ៉ាអូខេបទ ”ឪពុកអ្នកក្រ” ដែលជាបទចម្រៀងអប់រំរបស់អង្គការមូនិធិសាវិន ដើម្បីកុមារកម្ពុជានិងច្រៀងដោយកញ្ញាសុវត្ថិឌី ធារិកា ។

លោកខៃ ប្រសិទ្ធ បានថ្លែងឲ្យដឹងថា មូលហេតុដែលលោកចំណាយពេលជិះយន្តហោះមកថតបទចម្រៀងកាយវិការបទចម្រៀងនេះ ដោយសារតែលោកយល់ថា បទដែលនិពន្ធដោយលោកសាវីន ហ្វីលីព នេះមានអត្ថន័យអប់រំល្អ ឆ្លុះបញ្ចាំងពីវណ្ណៈខុសគ្នានៅក្នុងសង្គម ខណៈដែលលោកជឿថា បទនេះក៏ជារឿងពិតមួយនៅក្នុងសង្គមគ្រួសារមួយចំនួនផងដែរ។

លោកខៃ ប្រសិទ្ធ ដែលសម្ដែងជាតួអង្គឪពុកអ្នកក្ របានឲ្យដឹងដែរថា បទនេះក៏ចង់បង្ហាញពីគុណឪពុកដែលបានចិញ្ចឹមបីបាច់កូនៗ ចាប់តាំងពីចាប់កំណើត ទោះបីជាឪពុកអ្នកមាន ឬជាឪពុកអ្នកក្រក្ដី ហើយក៏បានប្រៀបធៀបពីជីវភាពរស់នៅរបស់ឪពុកអ្នកមាន និងឪពុកអ្នកក្រផងដែរ ដែលមានការប្រឹងប្រែងតស៊ូដើម្បីកូនដូចៗគ្នា ខណៈដែលបទនេះនិងចេញ Full MV ក្នុងពេលឆាប់ៗនេះ។

ក្រៅពីលេចមុខថតឈុតខារ៉ាអូខេជាតួអង្គឪពុកអ្នកក្រ លោកខៃ ប្រសិទ្ធ ក៏បានអំពាវនាវឲ្យអ្នកសម្បូរទ្រព្យមួយចំនួន គួរតែចេះជួយចែករំលែកទ្រព្យផ្ទាល់ខ្លួន ជួយដល់អ្នកក្ រដែលជាជាតិសាស្ត្ររួមឈាមតែមួយ ខណៈដែលលោកតែងតែបរិច្ចាកថវិកាផ្ទាល់ខ្លួនជួយដល់គ្រួសារក្រីក្រកម្ពុជាជាច្រើន តាមរយៈអង្គការមូលនិធិសាវិន ដើម្បីកុមារកម្ពុជាជាបន្តបន្ទាប់។

លោកប្រសិទ្ធ លើកឡើងថា ”សូមកុំភ្លេចថា ថ្ងៃនេះ ថ្ងៃស្អែក ឆ្នាំនេះ ឆ្នាំក្រោយ ឆ្នាំបន្ទាប់ រឿងវាសនារបស់មនុស្សគ្រប់ៗគ្នា គ្មានអ្នកណាអាចទាយបានទេ គឺយើងមិនអាចដឹងថា ខ្លួនយើងនឹងស្លាប់នៅពេលណាទេ។ ដូច្នេះសំខាន់ណាស់ យើងត្រូវចេះជួយគ្នា ស្រលាញ់គ្នា សាងអំពើល្អឲ្យបានច្រើន ជាពិសេសអ្នកមានៗដែលសម្បូរទ្រព្យច្រើន គួរតែទម្លាក់មកជួយអ្នកក្រខ្លះមកដើម្បីជួយគ្នាឲ្យសង្គមយើងមានភាពថ្លៃថ្នូរនៅលើលោកនឹងគេ។ ពោលគឺខ្ញុំចង់ឲ្យពិភពលោកសរសើរ និងមើលឃើញថា ខ្មែរយើងចេះស្រលាញ់គ្នាចេះជួយគ្នា ដោយគ្មានការរើសអើង”៕

RELATED ARTICLES