Wednesday, January 22, 2025
Homeព័ត៌មានជាតិឈប់ម៉ូតូឲ្យរថយន្តចូលបុរី ត្រូវរថយន្ត១គ្រឿងទៀតបើកបុកពីក្រោយ កិនម៉ូតូជាប់ក្រោមរថយន្ត

ឈប់ម៉ូតូឲ្យរថយន្តចូលបុរី ត្រូវរថយន្ត១គ្រឿងទៀតបើកបុកពីក្រោយ កិនម៉ូតូជាប់ក្រោមរថយន្ត

ភ្នំពេញ ៖ បុរសម្នាក់បានលោតចេញពីលើម៉ូតូភ្លាមៗ សំណាងល្អមិនបណ្ដាលឲ្យរបួសនោះទេ ខណៈពេលដែររូបគាត់ជិះម៉ូតូឈប់កណ្ដាលផ្លូវឲ្យរថយន្តបត់ឆ្លងផ្លូវ ចូលក្នុងបុរី រថយន្តកុងតឺន័រមួយគ្រឿងទៀត បើកបុកក្រោយ បណ្ដាលឲ្យគៀបម៉ូតូជាប់ក្រោមរថយន្តរងការខូចខាតបន្តិចបន្ទួច បង្កឲ្យមានការភ្ញាក់ផ្អើល និងកក់ស្ទះចរាចរណ៍យ៉ាងខ្លាំងនៅតាមបណ្ដោយផ្លូវ217 ត្រង់ចំណុចមុខបុរីប៉េង ហ៊ួត ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ក្នុងហេតុការណ៍នេះក៏មានរថយន្ត២គ្រឿងទៀត បានបុកបន្តកន្ទុយគ្នារងការខូចខាតផងដែរ ។

បុរសម្ចាស់ម៉ូតូសំណងល្អ លោតចេញពីម៉ូតូ

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BN-9537 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត  (217) ទិសដៅពីត្បួងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏បានឈប់ម៉ូតូនៅកណ្ដាលផ្លូវ ដើម្បីឲ្យរថយន្តមួយគ្រឿងមិនចាំម៉ាក បើកបត់ឆ្លងផ្លូវចូលបុរី ។

​ប្រភពដដែលបានបន្តថា បន្ទាប់ពីម៉ូតូជនរងគ្រោះបានឈប់ហើយនោះ ក៏មានរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-3391 បើកបរដោយបុរសម្នាក់រួមដំណើរដោយបុរស២នាក់ជាមួយ បានបើកមកស្របទិសគ្នាក្នុងល្បឿនយ៉ាងលឿន ហើយចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូរងគ្រោះពេញទំហឹងបណ្ដាលឲ្យម៉ូតូគៀបជាប់ក្រោមរថយន្តរងការខូចខាតបន្តិចបន្ទួច  សំណាងល្អម្ចាស់ម៉ូតូឃើញសភាពការណ៍មិនល្អ បានលោតចេញពីម៉ូតូទាន់ពេល មិនបណ្ដាលឲ្យរងរបួសនោះឡើយ ។

​ក្រោយពេលកើតហេតុភ្លាមៗ ភាគីខាងរថយន្តបង្ក បានសុំធ្វើការសម្របសម្រួលជាមួយភាគីខាងម៉ូតូរងគ្រោះ ខណៈពេលដែលកំពុងចរចាគ្នា ក៏មានរថយន្តម៉ាកកូរ៉ូឡា ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2C-7244 ដែលដឹកអ្នកដំណើរប្រហែល៤-៥នាក់ ក្នុងរថយន្ត បានបើកស្របទិសគ្នា ដោយល្បឿនតិចៗ ហើយត្រូវរថយន្តកុងតឺន័រមួយគ្រឿងទៀតម៉ាក STERLING ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-7260 បានបើកមកបុករថយន្តកូរ៉ូឡាពីក្រោយថែមទៀត បណ្ដាលឲ្យកំពិតកាងក្រោយបន្តិចបន្តួច ហើយក៏ធ្វើឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងតែម្ដង នៅតាមបណ្ដោយផ្លូវកើតហេតុខាងលើ ។

ប្រជាពលរដ្ឋឈរមើលរថយន្តកុងតឺន័រ បុករថយន្តកូរ៉ូឡាពីក្រោយ

​ដោយមានការសម្របសម្រួលពីកម្លាំងសមត្ថកិច្ចមូលដ្ឋាន ទទួលផ្នែកចរាចរណ៍ ចុះជួយសម្រួលធ្វើចរាចរណ៍ និងជួយសម្រួលករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើផងដែរនោះ ទើបភាគីរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ដែលបុកម៉ូតូបានសងការខូចខាតចំនួន១០ម៉ឺនរៀល ហើយខាងរថយន្តកុងតឺន័រដែលបើកបុករថយន្តកូរ៉ូឡា បានសងការខូចខាតចំនួន80$ផងដែរ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ហើយមួយសន្ទុះក្រោយមក ការធ្វើដំណើររបស់ប្រជាពលរដ្ឋក៏រលូនជាធម្មតាវិញ៕

RELATED ARTICLES