ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលបឹងទំពុន បន្ទាប់ពីជនសង្ស័យរូបនោះបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្ដីជាគ្រូបង្រៀនរបស់គេបានសម្រេច ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨និង១០នាទី យប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ទុលមុខច្រកចូលវត្តសន្សំកុសល ផ្លូវ២៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ជនសង្ស័យមានឈ្មោះ ដា រ៉ាវុធ ភេទប្រុស អាយុ១៥ មុខរបរសិស្សនៅសាលាជា ស៊ីម ផ្សារដើមថ្កូវស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជិះម៉ូតូម៉ាកនិច ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1FW-0772។ ចំណែកជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ តែគ្រាន់ឲ្យដឹងថាជាអ្នកគ្រូបង្រៀននៅសាលាប៊ែលធីអន្តរជាតិ ហើយរបស់ដែលបាត់បង់នៅក្នុងកាបូប មានលុយមួយចំនួន និងឯកសាររបស់សាលាមួយចំនួនតែប៉ុណ្ណោះ ។
តាមសម្ដីស្ត្រីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូឌុបចេញពីបង្រៀនសិស្សនៅសាលាប៊ែលធី ផ្សារដើមថ្កូវ គោលបំណងត្រឡប់ទៅផ្ទះវិញ នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានធ្វើដំណើរតាមផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ មុខក្លោងទ្វារវត្តសន្សំកុសល ស្រាប់តែមានជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីរូបគាត់បានសម្រេច ហើយភ្លាមៗនោះ ជនសង្ស័យបានបន្ថែមល្បឿនរត់ក៍ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ដែលធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យដួលម៉ូតូ ទើបបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍ឃាត់ខ្លួនបានម្នាក់ជាអ្នកឌុប ចំណែកអ្នកអង្គុយខាងក្រោយដែលជាអ្នកឆក់កាបូប បានរត់គេចខ្លួនបាត់ ព្រមទាំងយកកាបូបរបស់ជនរងគ្រោះយកទៅបាត់។ បន្តិចក្រោយមក ឃើញមានសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ រួចហើយក៏នាំជនសង្ស័យយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលបឹងទំពុន ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកគេពិតបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះពិតប្រាកដមែន ហើយគេក៏មិនបានដឹងថា ជនរងគ្រោះជាអ្នកគ្រូបង្រៀនរបស់គេទេ ទាល់តែមិត្តភក្កិរបស់គេឆក់ហើយ ទើបគេដឹងថាជាគ្រូបង្រៀនដែលធ្លាប់បង្រៀនគេនៅសាលាប៊ែលធី ។
ក្រោយពេលកើតហេតុ បន្ទាប់ពីសាកសួររួច ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលបឹងទំពុន ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅធ្វើការដ្ធានខណ្ឌមានជ័យ ៕