ភ្នំពេញ ៖ ប្រពន្ធខឹងប្តីចូលចិត្តផឹកស្រាខ្លាំងពេក បានទៅតាមហៅប្តីដល់វង់ផឹកស្រា មកដល់ ផ្ទះទប់កំហឹងពេក យកបុ័ងតោគំរាមប្តី ត្រូវប្តីយកដៃរងមុតរយះបន្តិច ហើយប្តីរត់គេចខ្លួនប្រពន្ធដេញចាប់ធ្វើឲ្យអ្នកជិតខាងស្មានតែប្តីវាយប្រពន្ធ បានប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន កាលពីវេលាម៉ោង៧ និង២៥នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចបន្ទប់A01 ផ្ទះជួល ភូមិ ថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បុរសជាប្តីមានឈ្មោះ ទី មាន អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល បន្ទប់លេខ AO1 ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកក្រចេះ ខេត្តក្រចេះ បានកូនប្រុសម្នាក់អាយុ៥ឆ្នាំ ចំណែកប្រពន្ធមានឈ្មោះអាវី អាយុ២៨ឆ្នាំ មុខរបរកម្មករកាត់ដេរ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅស្រុកស្វាយទាប ខេត្តស្វាយរៀង។
ស្រ្តីជាប្រពន្ធបានឲ្យដឹងថា ដោយសារតែប្តីតែងតែផឹកស្រាជាប់ជាប្រចាំ ធ្វើឲ្យមានការឈ្លោះប្រកែកគ្នាជាញឹកញាប់ ទោះបីជាគាត់ខំប្រឹងនិយាយណែនាំយ៉ាងណា ក៏មិនស្តាប់ ជាក់ស្តែងនៅយប់កើតហេតុ ពេលដែលប្តីចេញពីធ្វើការមិនបានត្រឡប់មកផ្ទះទេ បានទៅផឹកស៊ីជាមួយមិត្តភក្តិ រហូតដល់យប់ មិនឃើញត្រឡប់មកផ្ទះទៀត គាត់ជាប្រពន្ធក៏ដើរទៅតាមឲ្យត្រឡប់មកផ្ទះវិញ ។ ពេលមកដល់ផ្ទះ ហើយបុរសជាប្តីមិនចង់ចូលផ្ទះ ចង់ទៅផឹកស្រាទៀត ធ្វើឲ្យរូបគាត់ខឹងបានយកកាំបិតបុ័ងតោ មកគំរាមរកកាប់ ស្រាប់តែបុរសជាប្តី យកដៃរង ធ្វើឲ្យមុតរយះហូរឈាមបន្តិច ភ្លាមៗនោះ ប្តីគាត់បានរត់ចេញក្រៅបន្ទប់ ធ្វើឲ្យរត់ដេញតាមក្របួចកអាវឲ្យត្រឡប់មកវិញព្រោះ ខ្លាចប្តីរត់ចោលគាត់ទាំងខ្លួនកំពុងតែផ្ទៃពោះ ២ខែផង ទើបអ្នកជិតខាងស្មានតែប្តីវាយគាត់ជាប្រពន្ធ ក៏បានប្តឹងសមត្ចកិច្ចមកជួយអន្តរាគមន៍ ។
ចំណែកបុរសជាប្តីវិញ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ជាប្តីបានសម្រាកពីការងារធ្វើសំណង់ ត្រូវបានមិត្តភក្តិបបួលផឹកស្រា ខណៈពេលប្រពន្ធរង់ចាំប្តីយូរៗពេក ក៏ទៅហៅគាត់ឲ្យត្រឡប់មកផ្ទះមកវិញ បាននិយាយជជែកគ្នាស្តាប់មិនបាន ក៍កើតជាអំពើហិង្សា ដោយប្រពន្ធជាអ្នកបង្កហិង្សា ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ សួរនាំ ទើបដឹងថា ប្រពន្ធវាយប្តី ហើយភាគីទាំងសងខាងមិនបានប្តឹងផ្តល់ទេ សមត្ថកិច្ចបានធ្វើការអប់រំណែនាំ ឈប់ឲ្យប្រើអំពើហិង្សា រួចហើយបាននាំគ្នាចូលផ្ទះសម្រាក ៕