Wednesday, January 22, 2025
Homeព័ត៌មានជាតិជួបស្នេហ៍ទី១​និងទី២ មិនកាក់កប ជួបស្នេហ៍ទី៣ ប៉ះខ្ទើយ​អាយុជាង៦០ឆ្នាំ

ជួបស្នេហ៍ទី១​និងទី២ មិនកាក់កប ជួបស្នេហ៍ទី៣ ប៉ះខ្ទើយ​អាយុជាង៦០ឆ្នាំ

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ បានអះអាងថា ខ្លួនជួបស្នេហ៍ទី១ ទី២ មិនកាក់កប ជួបតែស្នេហ៍បោកប្រាស់យកតែខ្លួន អស់ទាំងប្រាណ បានមកវិញនូវក្តីអពមង្គល ក៏សម្រេចចិត្តភ្លក្សរសជាតិស្នេហ៍ជាលើកទី៣ ប៉ះចំមនុស្សស្រីតែងខ្លួនធ្វើជាប្រុស (ខ្ទើយ) ហើយរបស់គេទៀត សង្ឃឹមថា មិនចោលម្សៀតខ្ទើយចាស់ចេះថ្មមចិត្ត ត្បិតយកគ្នាអត់មានកូន ក៏មែនពិត តែសង្ឃឹមថាស្រណុកចិត្ត ។ ស្នេហារបស់នារីវ័យក្មេងខាងលើ អ្វីដែលជាបញ្ហាប្រឈមនោះ ឪពុកម្តាយមិនពេញចិត្ត ដោយសារស្រីស្រឡាញ់ស្រី មានអីបន្តវេនបន្តពូជ ហើយស្តីប្រដៅកូនស្រីមិនបាន ក៏ហៅនាំចូលប៉ុស្តិ៍ប៉ូលីសប៉ុស្តិ៍ចោមចៅ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧  សុំឲ្យសមត្ថកិច្ចជួយពន្យល់អប់រំណែនាំ នៅតែកូនស្រីមិនស្តាប់ ដើរគេចចេញទៅបាត់ ឪពុកម្តាយបានត្រឹមសោកស្តាយអនាគតកូនស្រីបង្កើតស្នេហ៍អ្វីផ្តេសផ្តាស ។

នារិវ័យក្មេងខាងលើ មានឈ្មោះ កែវ ណារិទ្ធ ហៅស្រីទូច អាយុ២១ឆ្នាំ អតីតជាកម្មការនីរោងចក្រ មានទីលំនៅក្នុងភូមិ៨ ថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមការរៀបរាប់ពីម្តាយ មិនបានប្រាប់ឈ្មោះ បានឲ្យដឹងថា គាត់មានកូន៥នាក់ ប្រុស៣នាក់ ស្រី២នាក់ កូនដែលលង់ស្នេហ៍ជាមួយស្រីខ្ទើយ ជាកូនទី៣ ។ ស្រ្តីជាម្តាយបន្តទៀតថា ពួកគាត់ខិតខំចិញ្ចឹមបីបាច់កូន រហូតដល់ធំក្រមុំពេញវ័យ មានអ្នកចូលស្តីម្តងជាពីរដង តែសុទ្ធតែស្នេហ៍បោកប្រាស់ ធ្វើឲ្យកូនស្រីតូចចិត្ត ត្បិតស្នេហ៍មិនសមប្រកប ក៏លួចបង្កាត់ភ្លើងស្នេហ៍ទី៣ ដោយខ្លួនឯង តែប៉ះចំមនុស្សខ្ទើយ (ស្រី) ហាស្តីលែងចេញ ពេលដែលឃើញកូនស្រី យកស្រីធ្វើជាប្តីបែបនេះ មានអីបន្តពូជបន្តត្រកូល ទោះជាអប់រំពន្យល់ណែនាំយ៉ាងណាក្តី នៅតែនាងមិនព្រមងប់ងល់ស្នេហ៍ស្រីខ្ទើយ អស់រយៈពេលជាង១ខែកន្លងមកហើយ ខ្មាសអស់ញាតិក្នុងស្រុក ខូចឈ្មោះស្រីគេអស់ ទើបមកដល់ព្រឹកថ្ងៃទី០៣ ខែកក្កដា នេះ សម្រេចនាំកូនស្រីមកចូលប៉ុស្តិ៍ប៉ូលីស សុំឲ្យសមត្ថកិច្ចជួយពន្យល់អប់រំម្តង ។

ចំណែកនារីវ័យក្មេងស្រលាញ់ស្រីដូចគ្នា បាននិយាយទាំងទឹកភ្នែករលេងរលោងថា នាងស្អប់មនុស្សប្រុស ខណៈដែលកន្លងមក ធ្វើឲ្យជីវិតរបស់នាងបានភ្លក់រសជាតិស្នេហ៍ដ៏ល្វីងជូរចត់ ជាមួយមនុស្សប្រុស រហូតដល់ទៅ២លើករួចមកហើយ គ្មានទេសុភមង្គលសម្រាប់រូបនាង បានមកវិញនូវសេចក្តីទុក្ខដ៏សែនក្រៀមក្រំចិត្ត បេះដូងក្រៀមស្វិត ដោយសារមនុស្សប្រុស ទើបធ្វើឲ្យ នាងរាងចាលហើយ ស្អប់ណាស់មនុស្សប្រុស ដោយសារធ្លាប់ជួបនូវវិប្បដិសារីក្នុងឆាកជីវិតបែបនេះ ហើយទើបនាងសម្រេចចិត្តបង្កើតបង្កាត់ភ្លើងស្នេហ៍ទី៣ យកមនុស្សខ្ទើយស្រីមកនែបនិត្យវិញម្តង ហើយមនុស្សចាស់ចេះថ្នមចិត្ត ធ្វើឲ្យនាងមានទំនុកចិត្ត នឹងមានសុភមង្គល ជាក់ជាមិនខាន ។

នារីវ័យក្មេងបន្តទៀតថា នាងសុខចិត្តលះបង់ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ក្រោយសម្រេចចិត្តយកខ្ទើយស្រីមកធ្វើជាគូគាប់ គូអនាគត ទោះជាស្រីខ្ទើយនោះមានចំណាស់ អាយុ៦០ឆ្នាំប្លាយ ហើយក៏ដោយ អស់រយៈពេលជាង១ខែមកហើយ នាងសុខចិត្តមានះរាល់សម្តីរិះគន់ពីមជ្ឈដ្ឋានជុំវិញ មិនខ្មាស់លែងអៀនអ្នកស្រុក សុខចិត្តចុះចោលផ្ទះ លះបង់ឃ្លាតចាកពីក្រុមគ្រួសារ ឪពុកម្តាយ ទៅរស់នៅជាមួយស្រីស្នេហ៍ថ្មី ឈប់ទាំងការងារជាកម្មកររោងចក្រ ក៏ដោយសារទំហំទឹកចិត្ត លង់ស្នេហ៍មួយនេះ ។

តាមសម្តីអ្នកស្រីស៊ន សាវឿន មេភូមិថ្មគោល សង្កាត់ចោមចៅ បានឲ្យដឹងថា រឿងរ៉ាវខាងលើ មិនមែនការរើសអើងភេទនោះទេ មនុស្សដូចតែគ្នា ជាសិទ្ធរបស់បុគ្គល ទៅតាមអ្វីបុគ្គលយល់ឃើញ ស្រីស្រឡាញ់ស្រី មានអ្វីខុស ក៏ប៉ុន្តែវាជាបញ្ហាមួយប្រឈមទៅនឹងក្រុមគ្រួសារ ឪពុកម្តាយ របស់នាងមិនពេញចិត្ត កន្លងមកធ្លាប់ពន្យល់ណែនាំទៅតាមសំណូមពរអាណាព្យាបាលដែរ តែធ្វើម្តេចបើសាមីខ្លួនមិនស្តាប់ផង ។

តាមមន្រ្តីនគរបាលប៉ុស្តិ៍ចោមចៅវិញ បន្ទាប់ពីក្រុមគ្រួសារ ឪពុកម្តាយនារីវ័យក្មេងខាងលើ ស្នើសុំឲ្យជួយអន្តរាគមន៍ ពន្យល់ណែនាំកូនស្រី ដែលយកស្រីភេទដូចគ្នា មកធ្វើជាប្តីប្រពន្ធបែបនេះ សមត្ថកិច្ចបានត្រឹមជួយពន្យល់ តែបើសមុីខ្លួនមិនយល់ស្របតាម មិនមែនជាប់ចោទ ជាប់ទោសឯណា ហារស្តីប្រដៅហើយ នាងសុំចាកចេញទៅបាត់ គ្រាន់តែពោលពាក្យថា « ដកចិត្តមិនបាន » ។

ទោះជាយ៉ាងណាក្តី នារីវ័យក្មេងខាងលើប្រកាន់ជំហរថា នាងមិនដកថយនូវស្នេហារបស់នាងរវាងស្រីនិងស្រីឡើយ ទោះជាអ្នកណាថាអត់មានកូន ក៏ថាទៅចុះ សំខាន់នាងមានសេចក្តីសុខ ។ ទាំងក្រុមគ្រួសារ ទាំងនគរបាល អប់រំអស់លទ្ធភាព នារីខាងលើសុំដើរចេញទៅបាត់ ឪពុកម្តាយបានត្រឹមខកចិត្ត នឹកអាណិតកូនស្រី បានប្តីស្រីខ្ទើយ ៕

RELATED ARTICLES