Monday, December 23, 2024
Homeព័ត៌មានជាតិដៃក្នុង​មាត់​សីហៈ ត្រូវ​ប្រញាប់​ដក​ចេញ

ដៃក្នុង​មាត់​សីហៈ ត្រូវ​ប្រញាប់​ដក​ចេញ

សុភាសិតសាកល១ឃ្លា ចែងថា “ដៃក្នុងមាត់សីហៈ ត្រូវប្រញាប់ដកចេញ” ត្រូវបានព្រះភិក្ខុធម្មបាលខៀវ ជុំ ហៅ អាចារ្យជុំ សង្ឃបដិវត្តន៍សម័យមុន ជ្រើសយកមកចារទុកក្នុងសៀវភៅមួយ សម្រាប់ដាស់តឿនអ្នកនយោបាយកុំលូកដៃក្នុង “រដ្ឋប្រហារ” ដែលបណ្តាលឱ្យភ្លើងសង្គ្រាមឆាបឆេះមាតុភូមិ។ ប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់ឆ្លងកាត់រដ្ឋប្រហារ និងសង្គ្រាម មិនចង់ឃើញព្រឹត្តិការណ៍នេះទៀតទេ លុះឮអ្នកនយោបាយបំភ័យពីរឿងសង្គ្រាម ឬថា នឹងមានរដ្ឋប្រហារជាថ្មីនោះ គួរតែ អ្នកបំផុសព័ត៌មានអាស្រូវនោះ ប្រញាប់ដកថយជាបន្ទាន់ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

កាលពីពេលថ្មីៗនេះ មានបុរសម្នាក់អះអាងថា ខ្លួនជាកងទ័ពភូមិភាគនិរតី បានបង្ហោះហ្វេសប៊ុកអំពាវនាវឱ្យកងកម្លាំង ប្រដាប់អាវុធ ចូលរួមធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាល សម្តេចហ៊ុន សែន។ ការប្រកាសនេះត្រូវបានអ្នកនាំពាក្យក្រសួង ការពារជាតិ ចាត់វិធានការបង្ក្រាប ដោយលើកឡើងថា កងទ័ពនឹងទប់ស្កាត់មិនឱ្យមានព្រឹត្តិការណ៍នេះកើតឡើងបានឡើយ។ មនុស្សម្នាក់ដែលបង្ហាញមុខក្នុងហ្វេសប៊ុក ជាមួយនឹងសំណេរយ៉ាងខ្លី មានខ្លឹមសារទម្លាក់ប្រមុខរាជរដ្ឋាភិបាលនោះ ពុំបាន ធ្វើឱ្យប្រជាពលរដ្ឋភាគច្រើនភ្ញាក់ផ្អើលនោះទេ ព្រោះធ្លាប់ឃើញសារអំពាវនាវមានលក្ខណៈស្រដៀងគ្នានេះជាច្រើនដងមក ហើយ ដូចជាយុវជនម្នាក់ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ពីបទបំផុសចលនាមហាជនចូលរួមធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាល នាពេលកន្លងមក។

ការបំផុសរដ្ឋប្រហារ ឬបដិវត្តន៍ពណ៌ អាចដើរហួសពីព្រំដែនសេរីភាពនៃការបញ្ចោញមតិ ប៉ុន្តែ គ្មានអ្វីគួរឱ្យខ្លាចនោះ ទេ ព្រោះតាមការកត់ចំណាំកន្លងមក ការធ្វើរដ្ឋប្រហារ គ្មានអ្នកណាឱ្យដឹងមុននោះទេ ដូចជារដ្ឋប្រហារទម្លាក់សម្តេចឪ ព្រះបរមរតនកោដ្ឋ កាលពីថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ នោះ បក្ខពួកលោកលន់ នល់ មិនបានប្រកាសឱ្យដឹងមុននោះទេ ប៉ុន្តែ ឆ្លៀតពេលសម្តេចឪ យាងទៅក្រៅប្រទេស ទើបរដ្ឋប្រហារនោះផ្ទុះឡើង។ រីឯរដ្ឋប្រហារនៅប្រទេសទួរគី កាលពីពេលថ្មីៗ នេះ ដើម្បីផ្តួលរំលំលោកប្រធានាធិបតីអេដូហ្គែន ក៏គ្មានអ្នកណាប្រកាសឱ្យដឹងមុនតាមហ្វេសប៊ុកនោះដែរ ស្រាប់តែផ្ទុះឡើង ផ្អើលពិភពលោកតែម្តង។

ទោះយ៉ាងណា សុភាសិតថា “ដៃក្នុងមាត់សីហៈ ត្រូវប្រញាប់ដកចេញ” ចាំបាច់ត្រូវតែយកមកអនុវត្ត ដើម្បីបញ្ចៀស គ្រោះមហន្តរាយ ដោយសារតែមនុស្សហ៊ានលូកដៃចូលមាត់សីហៈ។ “សីហៈ” ជាស្តេចសត្វ មានចារទុកតែក្នុងគម្ពីរពុទ្ធ- សាសនាប៉ុណ្ណោះ ដែលចែកជា៤ប្រភេទ គឺ១-តិណសីហៈ (សម្បុរប្រផេះ ស៊ីស្មៅជាអាហារ) ២-កាឡសីហៈ (សម្បុរខ្មៅ ស៊ីស្មៅដែរ) ៣-បណ្ឌុសីហៈ (សម្បុរត្នោត ស៊ីសាច់ជាអាហារ) ៤-កេសរសីហៈ (សម្បុរក្រហម ស៊ីសាច់ជាអាហារដែរ)។ កេសរសីហៈ ឬកេសររាជសីហ៍ មានកម្លាំងខ្លាំងបំផុត គ្រាន់តែស្រែកក៏អាចធ្វើឱ្យមនុស្ស ឬសត្វឯទៀតបែកក្រដាសត្រចៀក ស្លាប់។ សម័យនេះមិនដែលឃើញសីហៈទាំង៤ប្រភេទនេះបង្ហាញខ្លួនក្នុងឯកសារសត្វនោះទេ ប៉ុន្តែ ខ្មែរយើងបានចាត់ទុក “សិង្ហតោ” ជាសត្វសីហៈ នេះឯង ព្រោះវាមានអំណាចខ្លាំងជាងគេ ក្នុងចំណោមពពួកសត្វជើង៤។ ជាទូទៅ សត្វតោដែល មនុស្សចិញ្ចឹមនិងផ្សាំងឱ្យចេះលេងសៀក បើសិនជាម្ចាស់ហ៊ានលូកដៃចូលមាត់របស់វា ច្បាស់ជាវាត្របាក់ដាច់ដៃមិនខាន កុំថាឡើយដល់ទៅសត្វតោ រស់នៅក្នុងព្រៃ។ ហេតុនេះហើយ បានជាមានសុភាសិតថា “ដៃក្នុងមាត់សីហៈ ត្រូវប្រញាប់ ដកចេញ” ពោលគឺម្ចាស់សត្វសាហាវនោះ មិនត្រូវហ៊ានហួសហេតុ លូកដៃអង្អែលចង្កូមតោលេងនោះឡើយ បើដឹងថា ច្រឡំ លូកដៃចូល ត្រូវដកចេញឱ្យរហ័ស ទើបផុតពីគ្រោះថ្នាក់។

យ៉ាងណាមិញ “រដ្ឋប្រហារ” ប្រៀបបាននឹង “មាត់សីហៈ” នេះឯង បើហ៊ានលូក ឬបំផុសព្រឹត្តិការណ៍នេះឱ្យកើតឡើង ច្បាស់ជារងគ្រោះដល់ជាតិមាតុភូមិមិនខានឡើយ។ រដ្ឋប្រហារ មាន២យ៉ាង គឺ “បង្ហូរឈាម” និង “មិនបង្ហូរឈាម” ដូចនៅ កម្ពុជា ដែលមានរដ្ឋប្រហារទម្លាក់សម្តេចឪ ព្រះបរមរតនកោដ្ឋ ក៏ក្លាយជាសង្គ្រាមឈាមដាបធរណី និងរដ្ឋប្រហារ១៩ដង នៅប្រទេសថៃ មិនដែលកើតសង្គ្រាមអ្វីឡើយ គ្រាន់តែមានការចាប់ឃុំខ្លួន និងប៉ះពាល់ដល់ជីវិតមនុស្សតិចតួច។ សម្រាប់ ប្រទេសកាន់របបរាជានិយម ឬសម្បូណ៌ាជ្ញាសិទ្ធិរាជ្យ គេមិនហៅរដ្ឋប្រហារទេ តែមានឈ្មោះថា ជាអំពើក្បត់ “ជ្រែករាជ្យ” គឺភាគីម្ខាងទម្លាក់ស្តេចសោយរាជ្យ រួចប្រកាសឡើងសោយរាជ្យខ្លួនឯង ដូចករណីហ្លួងព្រះស្តេចកន ធ្វើគុតព្រះបាទស្រី សុគន្ធបទ និងករណីព្រះរាមាធិបតីទី១ ធ្វើគុតព្រះបាទអង្គនន់ យករាជសម្បត្តិជាដើម។ រដ្ឋប្រហារ និងជ្រែករាជ្យ នៅកម្ពុជា មិនដែលឆ្លងផុតពីសង្គ្រាមនោះទេ បណ្តាលឱ្យរងទុក្ខវេទនាដល់ប្រជាពលរដ្ឋ ឯផ្ទៃដីអតីតចក្រភពកម្ពុជទេស ក៏រួញតូចទៅៗ ដោយសារប្រទេសជិតខាងច្បិចយកនៅពេលស្រុកទេសកើតកោលាហលនោះ។ សម្រាប់ប្រទេសគេ ដូចជាថៃ និងវៀតណាម បើមានរដ្ឋប្រហារ ឬសង្គ្រាម ធ្វើឱ្យគេចំណេញទឹកដី ផ្ទុយពីកម្ពុជា បើមានព្រឹត្តិការណ៍បង្ហូរឈាមគ្នាកើតឡើង គ្មានបានចំណេញ អ្វីទេ។

ដូច្នេះយើងឃើញថា “ដៃក្នុងមាត់សីហៈ ត្រូវប្រញាប់ដកចេញ” សំដៅដល់គម្រោងការធ្វើរដ្ឋប្រហារនេះឯង។ ជាទូទៅ មនុស្សល្អិតល្អោចកំប៉ិកកំប៉ុកដូចបុរសម្នាក់បង្ហាញមុខក្នុងហ្វេសប៊ុក អះអាងថា ខ្លួនជាមន្ត្រីយោធាភាគនិរតីនោះ មកបំផុស កងទ័ពមួយប្រទេស ឱ្យចូលរួមជាមួយខ្លួនក្នុងការធ្វើរដ្ឋប្រហារនោះ គ្មានអីគួរឱ្យខ្លាចទេ ឬថា “ខ្លាមិនខ្លាច ទៅខ្លាចអាចម៍ខ្លា”។ មេដឹកនាំរដ្ឋប្រហារ លុះត្រាតែក្តាប់កម្លាំងទ័ពណែនដៃ ឬមានឋានៈជាមេទ័ពតែម្តង ឧទាហរណ៍ ដូចលោកសេនាប្រមុខលន់ នល់ មេបញ្ជាការកងទ័ពខ្មែរ ឬលោកឧត្តមសេនីយ៍ ស៊ុនធិ ប៊ុនយ៉ារ៉ាតគ្លីន និងលោកប្រាយុទ្ធ ច័ន្ទអូឆា មេ- បញ្ជាការកងទ័ពថៃ ទើបមានសមត្ថភាពធ្វើរដ្ឋប្រហារបាន។ មនុស្សមានឋានៈល្អិតល្អោច គេមិនដែលស្គាល់ បែរជាចេញ មុខបំផុសឱ្យធ្វើរដ្ឋប្រហារនោះ ត្រូវប្រញាប់ដកថយជាបន្ទាន់ ចំណែកអាជ្ញាធរមានសមត្ថកិច្ចដែលមានគម្រោងចាប់ខ្លួនបុរស នោះ ក៏គ្មានបានចំណេញអ្វីដែរ ព្រោះថា ទាំងអ្នកបំផុសឱ្យធ្វើរដ្ឋប្រហារ ក៏ដូចជាអ្នកចាប់ សុទ្ធតែលូកដៃចូលមាត់សីហៈ ដូចគ្នា។ ឧបមាថា សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបុរសម្នាក់នោះ ស្រាប់តែ ឆ្លើយដាក់គ្នាឱ្យរយោងដូចសម្លកំពឹសនោះ អាច នឹងដើរជាន់ហេតុការណ៍ស្រដៀងគ្នានេះ ដែលធ្លាប់កើតឡើងនៅសម័យ ប៉ុល ពត ខណៈដែលអង្គការចាប់ខ្លួនកម្មាភិបាលជាន់ខ្ពស់ពីបទធ្វើរដ្ឋប្រហារ ស្រាប់តែកម្មាភិបាលនោះឆ្លើយដាក់គ្នាឱ្យរយោង តម្រូវឱ្យកាំង ហ្គេចអៀវ ហៅឌុច ពិបាកក្នុងការ គ្រប់គ្រងអ្នកទោសគុកទួលស្លែង ដែលត្រូវចាប់ខ្លួនពីគ្រប់តំបន់ ជាប់ចោទពីបទសមគំនិតធ្វើរដ្ឋប្រហារ…។

ការលូកដៃចូលមាត់សីហៈ ឬរដ្ឋប្រហារនេះ បើលូកដៃចេញមិនទាន់ នឹងផ្តល់ផលវិបាកធ្ងន់ធ្ងរណាស់ គឺដូចការលើក ឡើងរួចមកហើយថា អ្នកបំផុសក៏រងផលវិបាក ឯអ្នកចាប់ក៏យ៉ាប់ដែរ បើសិនជាមានការឆ្លើយដាក់គ្នាជាប្រព័ន្ធ ដែលគួរដល់ ការដកថយទាំងអស់គ្នា។ “នគរធំ” មានទស្សនៈថា ប្រជាពលរដ្ឋខ្មែរសព្វថ្ងៃ កំពុងរស់ក្នុងសុខសន្តិភាព ស្អប់ខ្ពើមសង្គ្រាម ខ្លាំងណាស់ ចំណែកកងទ័ព ក៏មិនចង់ធ្វើសង្គ្រាមដែរ ដូច្នេះ បើត្រឹមតែឃើញបុរសម្នាក់បំផុសការធ្វើរដ្ឋប្រហារនោះ តើអាច ធ្វើតាមបានទេ? បើត្រឹមតែឃើញសំណេរក្នុងហ្វេសប៊ុក នាំគ្នាភ័យនោះ មិនខុសពីរឿង “ទន្សាយភ័យនឹងផ្លែព្នៅជ្រុះ” នោះទេ។

សរុបទៅ “ដៃក្នុងមាត់សីហៈ ត្រូវប្រញាប់ដកចេញ” គឺមានន័យយ៉ាងនេះឯង ដែលតម្រូវឱ្យអ្នកអុជអាលបំផុសរដ្ឋប្រហារ បញ្ឈប់សកម្មភាពនេះជាបន្ទាន់។ មេរៀនប្រវត្តិសាស្ត្រឈឺចាប់ ដែលកើតពីការជ្រែករាជ្យ និងរដ្ឋប្រហារនោះ មិនទាន់រលុប- រលាយទេ ហេតុនេះគួរតែអ្នកនយោបាយគ្រប់និន្នាការ កុំលូកដៃចូលមាត់សីហៈឱ្យសោះ បើអ្នកនយោបាយគ្រប់រូប សុទ្ធតែ អះអាងថា ជាអ្នកស្នេហាជាតិ៕

ដោយ ៖ អាចារ្យថាំ

 

RELATED ARTICLES