Tuesday, November 26, 2024
Homeតារាខ្មែរសុខ ស្រីនាង ប្រឹងងើបឡើងវិញ

សុខ ស្រីនាង ប្រឹងងើបឡើងវិញ

អតីតតារាចម្រៀងរបស់ផលិតកម្ម KH អ្នកមេម៉ាយសុខ ស្រីនាង ដែលហើរចោលទ្រនំទី២ សាន់ដេ ហក់ចូលផ្ទះធំហង្សមាស នោះ ស្រាប់តែពេលនេះកេរ្តិ៍ឈ្មោះស្រីនាង ហាក់ស្ទុះល្បីគ្រាន់បើ ដោយយុវវ័យចាប់ផ្តើមច្រៀងបទនាងឡើងវិញ គឺបទ “ហត់ទេស្រលាញ់ គេម្នាក់ឯង” ទើបធ្វើឱ្យអតីតភរិយារបស់លោកស៊ី សុវត្ថិ រូបនេះមានទឹកមាត់លេបឡើងវិញ។

តាមព័ត៌មានថា គ្រាន់តែអ្នកមេម៉ាយគ្មានកូន សុខ ស្រីនាង ចាប់ផ្តើមងើបឡើងវិញបន្តិចនេះ ស្រាប់តែមានមន្ត្រីធំៗមួយចំនួន តាមក្រវែលសុំស្នេហ៍ស្រីស្អាតរូបនេះ ដោយម្នាក់ៗគិតតែចង់សុំចិញ្ចឹមឱ្យនាងរស់ដោយសុខសាន្ត មិនបាច់ចាំច្រៀងនៅហង្សមាស នាំតែហត់ទៀតឡើយ…។

សុខ ស្រីនាង បានស្ងប់ស្ងាត់មួយរយៈធំ ក្រោយពេលដែលនាងលែងលះប្តីអតីតតារាចម្រៀង KH លោកស៊ី សុវត្ថិ នោះ ទោះជាប្រឹងច្រៀងយ៉ាងណាក៏មិនឡើងដែរ ទើបធ្វើឱ្យអ្នកមេម៉ាយរូបស្រស់នេះ ចង់អស់សង្ឃឹម ព្រោះតែមិនអាចប្រជែងជាមួយតារាថ្មីៗបានឡើយ បើទោះជានាងប្រឹងប្តូរចរិតពីតារាដែលមិនចេះរាំសោះ មកជាលេងក្បាច់រាំម្តងៗ តែមិនអាចធ្វើឱ្យទីផ្សារចម្រៀងរបស់នាង មានសន្ទុះដូចកាលនៅក្រមុំឡើយ ខណៈដែលផលិតកម្មសាន់ដេ ក៏បានខ្នះខ្នែងស្រីនាង ខ្លាំងដែរ ដូចជាការផ្តល់តំណែងជាតួឯកនៅសាន់ដេ និងមានបទច្រៀងចេញជាហូរហែដែរ។ ប៉ុន្តែ ការសម្រេចចិត្តដើរចេញពីទ្រនំសាន់ដេ របស់សុខ ស្រីនាង ទៅជ្រកកោននៅផលិតកម្មធំរស្មីហង្សមាស នោះ ត្រូវបានកត់សម្គាល់ថា ស្រីនាង ពេលនេះ ហាក់ដូចជាមានជំនឿចិត្ត នឹងសង្ឃឹមឡើងវិញ បន្ទាប់ពីបទចម្រៀង១បទរបស់នាង ដែលចេញបើកឆាកនៅថាសចម្រៀងផលិតកម្មរស្មីហង្សមាស គឺបទ “ហត់ទេស្រលាញ់គេម្នាក់ឯង” ទទួលបានការគាំទ្រគ្រាន់បើ ព្រោះមានការចាក់នៅតាមបណ្តាហាងបៀហ្គារដិន និងមានតារាចម្រៀងនាពេលរាត្រីមួយចំនួន បានយកទៅច្រៀង ទើបធ្វើឱ្យតារាសម្បុរស្រអែមស្រស់រូបនេះ ចាប់មានទឹកមាត់លេបឡើងវិញ ជាបណ្តើរៗហើយ។

តារាចម្រៀងម្នាក់ច្រៀងនៅហាង V-Friend សុំមិនបញ្ចោញឈ្មោះ បានឱ្យដឹងថា ពីមុនមិនដែលឃើញគេយកបទសុខ ស្រីនាង ទៅច្រៀងទេ តែពេលនេះស្រីនាង បាន១បទហ្នឹង ឃើញអ្នកចម្រៀងរួមក្រុមជាមួយនាងយកទៅច្រៀងសឹងរាល់ថ្ងៃ ហើយនាងជឿថា បើហង្សមាស ចង់លើកស្រីនាង ដោយផ្តល់បទចម្រៀងឱ្យល្អៗនោះ គេជឿថា ស្រីនាង អាចល្បីកម្រិតមធ្យម មិនស្ងាត់ពេកនោះទេ ទោះជាធ្លាប់មានប្តី និងលែងលះគ្នាដោយចម្រូងចម្រាសក្តី។

សុខ ស្រីនាង ដែលមិនត្រូវបានចាត់ទុកថា ជាអ្នកចម្រៀងត្រូវប៉ាន់រកលុយបានច្រើនដូចតារាស្រីល្បីៗមួយចំនួននោះ ក៏មានតម្លៃខ្លួនមិនអន់ដែរ ដែលពេលនាងច្រៀងនៅផលិតកម្មសាន់ដេ នោះ មុនពេលដែលបង្កើតក្រុមរាំនោះ ស្រីនាង ស៊ីថ្លៃជិត១ពាន់ដុល្លារ ក្នុង១កម្មវិធី ហើយនៅពេលដែលនាងមានក្រុមរាំអមផ្ទាល់ខ្លួននោះ ស្រាប់តែទារថ្លៃជាង១ពាន់ដុល្លារឯណោះ ក្នុង១កម្មវិធី ហេតុដូចនេះហើយបានជាគេថា តម្លៃខ្លួនអ្នកមេម៉ាយរូបនេះ នឹងអាចកើនឡើងថែមទៀត ប្រសិនបើនាងមានបទចម្រៀងផ្ទុះតែ២ឬ៣បទថែមទៀត ដល់ពេលនោះហើយដែលស្រីនាង ច្បាស់ជាអាចប្តូរមុខមាត់ថ្មីឡើងវិញជាមិនខានឡើយ។

ប៉ុន្តែ ក្រុមអ្នកជំនាញសិល្បៈបានលើកឡើងថា ប្រសិនបើសុខ ស្រីនាង ចង់បានតំណែងជាតារាស្រីឈានមុខគេនៅផលិតកម្មធំ ហង្សមាស នោះ ប្រហែលជាមិនអាចទៅរួចឡើយ ដោយសារតែហង្សមាស ប្រជុំទៅដោយអ្នកចម្រៀងខ្លាំងៗ ហើយពេលនេះ ឱក សុគន្ធកញ្ញា និងពេជ្រ សោភា កំពុងតែមានសន្ទុះខ្លាំងនោះ ដូចនេះ ស្រីនាង បានត្រឹមតែឈរក្នុងតំណែងជាតួរងប៉ុណ្ណោះ។ ជាក់ស្តែង ដូចជាសួស វីហ្សា ដែលមានក្តីស្រមៃចង់បានតំណែងជាតារាលេខ២ នៅហង្សមាស ជាយូរឆ្នាំមកហើយនោះ រហូតមកដល់ពេលនេះ គឺមិនអាចទៅរួចឡើយ ហើយនៅពេលនេះបានត្រឹមនៅទ្រឹងប៉ុណ្ណោះ។

សុខ ស្រីនាង បានផ្តល់បទសម្ភាសន៍នៅថ្ងៃមង្គលការតារាចម្រៀងឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ ថា  ការដែលនាងចូលហង្សមាស គឺគ្មានបំណងទៅប្រជែងជាមួយតារាចម្រៀងរូបណាឡើយ ហើយបន្តិចទៀត បទចម្រៀងរបស់នាងនឹងមានចេញជាហូរហែទៀត ដែលនាងសង្ឃឹមថា នឹងមានការគាំទ្រពីមហាជនជាមិនខាន។

ស្រីនាង បញ្ជាក់ថា “ខ្ញុំចូលហង្សមាស ដោយបានចុះកុងត្រា៥ឆ្នាំ ហើយមូលហេតុដែលខ្ញុំចូលហង្សមាស គឺដោយសារតែខ្ញុំ និងក្រុមគ្រួសារខ្ញុំស្រលាញ់ផលិតកម្មនេះដូចគ្នា។ ម៉្យាងទៀតខ្ញុំអស់កុងត្រាជាមួយផលិតកម្មសាន់ដេ ហើយខ្ញុំមិនបន្តកុងត្រាថ្មីទៀតទេ អីចឹងយើងក៏បានសម្រេចចិត្តចូលហង្សមាស ដោយខ្ញុំគ្មានបំណងទៅប្រជែងជាមួយតារាណាផ្សេងទៀតទេ គឺជាការខិតខំប្រឹងប្រែងដោយខ្លួនឯងប៉ុណ្ណោះ។ នៅពេលខាងមុខបន្តិចទៀតនេះ ខ្ញុំនឹងមានបទចម្រៀងជាច្រើនទៀតចេញជាបន្តបន្ទាប់ សង្ឃឹមថា បងប្អូននឹងបានប្លែកជាមិនខាន”។

មជ្ឈដ្ឋានមហាជនបានមើលឃើញថា ការស្ពាយបង្វេចចូលផលិតកម្មហង្សមាស របស់អ្នកមេម៉ាយសុខ ស្រីនាង នៅពេលនេះ គឺហាក់ចង់ខុសពេលវេលា ព្រោះពេលនេះហង្សមាស មានអ្នកចម្រៀងឡើងគរជើងគ្នាទៅហើយ ដូចនេះស្រីនាង មិនខុសពីការដើរជើងចូលជាន់បន្លានោះឡើយ ហើយទ្រនំធំនេះ គឺនៅតែចាត់ទុកឱក សុគន្ធកញ្ញា ជាតួឯកដដែល ដូចនេះ តារាថ្មីដែលចូលមកប្រជ្រៀតនាពេលបន្ទាប់ គឺជាតួរង។ ប៉ុន្តែតាមប្រភពបានឱ្យដឹងថា សុខ ស្រីនាង នឹងត្រូវហង្សមាស លើកស្ទួយបន្ថែមទៀត ដើម្បីឱ្យអ្នកមេម៉ាយរូបនេះ កាន់តែរំភើបសប្បាយចិត្ត នោះគឺការផ្តល់តំណែងជាតួឯកក្នុងរឿងភាគរបស់ប៉ុស្តិ៍ហង្សមាស នាពេលខាងមុខនេះ។

ប្រភពបានឱ្យដឹងថា គ្រាន់តែសុខ ស្រីនាង ចាប់ផ្តើមឡើងកូដបន្តិចវិញនេះ ស្រាប់តែមានមន្ត្រីធំៗជាច្រើនតាមស្នេហ៍ ហើយក្នុងនោះ មានលោកឧកញ៉ាម្នាក់ព្យាយាមសុំចិញ្ចឹមអ្នកមេម៉ាយរូបស្រស់នេះ ដោយផ្តល់អ្វីៗគ្រប់យ៉ាងឱ្យនាង ដោយមិនបាច់ប្រឹងស្រែកច្រៀងនៅហង្សមាស ទៀតផង។ ប៉ុន្តែ ស្រីនាង នៅរារែកចិត្តក្នុងការជ្រើសរើសគូស្នេហ៍ថ្មី ព្រោះខ្លាចប៉ះចំប្តីគេ ខណៈដែលអតីតប្តីនាង លោកស៊ី សុវត្ថិ បានថ្លែងមុននេះថា បើចង់ស្រលាញ់ស្រីនាង គឺទាល់តែមានលុយ មានអំណាច ទើបទៅរួច បើជាអ្នកក្រ មានត្រឹមចិត្តស្មោះ មិនអាចទៅរួចជាដាច់ខាត ត្រៀមបង់ខាតទឹកភ្នែកឱ្យហើយទៅ…៕

RELATED ARTICLES