Tuesday, November 26, 2024
Homeតារាខ្មែរចា រិទ្ធី ឧបត្ថម្ភលោកនូ សិុប និងលោកសួស សងវាចា ម្នាក់៥០មុឺនរៀល

ចា រិទ្ធី ឧបត្ថម្ភលោកនូ សិុប និងលោកសួស សងវាចា ម្នាក់៥០មុឺនរៀល

ជាង២ឆ្នាំហើយ គេមិនដែលបានឃើញតារាចម្រៀងជើងចាស់ ដែលចូលចិត្តច្រៀងបទលោកស៊ីន ស៊ីសាមុត លោកសួស សងវាចា ឡើងច្រៀងលើឆាកតន្ដ្រីតាមបណ្ដាស្ថានីយទូរទស្សន៍នានា ដូចមុនទៀតឡើយ តាំងពីមានព័ត៌មានថា លោកបានដេកដួលនៅផ្ទះ ដោយសារតែជំងឺលើសឈាមដ៏ធ្ងន់ធ្ងរយាយីសុខភាពលោក ដែលមិនអាចធ្វើការអ្វីបានទៀតឡើយ ពិសេសគឺអាជីពចម្រៀងលោកហាក់ត្រូវបញ្ចប់ក្រោមការសោកស្ដាយពីទស្សនិកជនទាំងក្នុងនិងក្រៅស្រុក ដែលនិយមចូលចិត្តស្ដាប់ទឹកដមសំឡេងលោកជាច្រើនឆ្នាំមកហើយនោះ។

លោកចារិទ្ធី

ស្របពេលដែលលោកសួស សងវាចា មិនអាចប្រើប្រាស់ទឹកដមសំឡេងបំពេបងប្អូនដូចមុនទៀតនេះដែរ តារាចម្រៀងជើងចាស់លោកនូ សិុប ក៏បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ សម្រាកនៅផ្ទះជួលតែម្នាក់ឯងយ៉ាងកម្សត់ អត់កូនអត់ចៅមើលថែដែរ ហើយមានពេលខ្លះ លោកនូ សិុប ប្រាប់ថា ចង់បញ្ចប់ជីវិតដោយការធ្វើអត្តឃាតទៀតផង ប៉ុន្តែដោយសារលោកគិតអាណិតដល់ចៅ ទើបប្ដូរចិត្តវិញ។

ដោយមើលឃើញពីទុក្ខលំបាកបែបនេះហើយ ទើបបានជាថ្មីៗនេះ អ្នកគ្រប់គ្រងនិងដឹកនាំកម្មវិធីប្រគំតន្រ្ដីរបស់ប៉ុស្ដិ៍លេខ៥ លោកចា រិទ្ធី បានជួយសម្រាលទុក្ខលំបាកដល់តារាចម្រៀងជើងចាស់ទាំង២ដួង នូវថវិកាម្នាក់ៗ ៥០ម៉ឺនរៀលផងដែរ ទើបធ្វើឲ្យទាំងលោកសួស សងវាចា និងលោកនូ សិុប ត្រេកអរយ៉ាងខ្លាំង នូវសន្ដានចិត្តរបស់លោកចា រិទ្ធី ដែលជួយលោកសម្រាលទុក្ខលំបាកបានមួយគ្រានេះ។

លោកសួស សងវាចា ដែលកំពុងសម្រាកនៅផ្ទះរបស់លោកឯភូមិព្រៃទា ទល់មុខព្រលានយន្ដហោះអន្តរជាតិភ្នំពេញនោះ បានឲ្យដឹងថា អំឡុងពេលដែលលោកធ្លាក់ខ្លួនឈឺនេះ ជីវភាពលោកមានការលំបាកខ្លាំងណាស់ ព្រោះមិនអាចរកបានប្រាក់ចំណូលពីសិល្បៈដូចមុនទៀតទេហេតុនេះហើយទាំងការថតសំឡេង ច្រៀងកម្មវិធី សម្ដែងនៅក្រៅប្រទេស គឺត្រូវផ្អាកទាំងស្រុងតែម្ដង ព្រោះតែស្ថានភាពរបស់លោកពេលនេះ សូម្បីតែដើរឆ្ងាយពីផ្ទះ ក៏មិនកើតដែរ ឲ្យទៅធ្វើការអីកើតទៅ?

លោកសងវាចា បន្ថែមថា ”ពីមុនខ្ញុំជាអ្នករកប្រាក់ចិញ្ចឹមប្រពន្ធនិងកូន៣នាក់រៀនសូត្រ ដែលត្រូវការចំណាយលុយជារៀងរាល់ថ្ងៃ តែឥឡូវខ្ញុំឈឺ មិនអាចធ្វើការអីបានដូចមុនទៀតទេ ខ្ញុំដេកតែនៅផ្ទះ ក្រោកមិនចង់រួចផង អីចឹងជីវភាពខ្ញុំលំបាកខ្លាំងដែរ។ ខ្ញុំឈឺដៃខាងឆ្វេងខ្លាំង លើកមិនចង់រួចទេ ហើយរាល់ថ្ងៃបានប្រពន្ធដឹកខ្ញុំតាមម៉ូតូទៅម៉ាស្សា ក្នុង១ថ្ងៃ ១ម៉ោង អីចឹងទៅខ្ញុំអាចទ្រាំបានខ្លះ។ កាលពីឆ្នាំ២០១៦ ខ្ញុំបានទៅព្យាលបាលនៅមន្ទីពេទ្យចារី នៅប្រទេសវៀតណាម ដែរ ហើយការចំណាយផ្សេងៗ គឺបានសម្ដេចតេជោហ៊ុន សែន និងលោកជំទាវ ជាអ្នកចេញឲ្យទាំងអស់ ដែលខ្ញុំនិងក្រុមគ្រូសារមិនអាចភ្លេចគុណសម្តេចទាំង២ បានឡើយ។ ឥឡូវខ្ញុំមកព្យាបាលនៅផ្ទះវិញ ដោយបានលេបថ្នាំ និងទៅម៉ាស្សាជាប្រចាំ អីចឹងទៅគឺគ្រាន់បន្ដិច តែយើងមិនអាចធ្វើការអីបានដូចមុនទៀតទេ។ ខ្ញុំសូមអរគុណលោកចា រិទ្ធី ដែលបានផ្ដល់ថវិកាដល់ខ្ញុំ គ្រាន់ដោះស្រាយការលំបាកនេះបានខ្លះ នៅពេលដែលខ្ញុំកំពុងតែជួបបញ្ហាខ្វះខាតខ្លាំងនៅក្នុងគ្រួសារនេះ។ ពេលនេះដោយសារតែខ្ញុំមានបញ្ហាជីវភាពអីចឹង ផ្ទះដែលខ្ញុំរស់នៅរាល់ថ្ងៃនេះ គឺត្រូវប្រកាសដាក់លក់ហើយ ដើម្បីទៅរកកន្លែងណាដែលអាចទិញបានថោក សល់លុយខ្លះគ្រាន់ព្យាបាលជំងឺបន្ដទៀត”។

លោកសួស សងវាចា ពេលផ្តល់សម្ភាសន៍

ដោយមានសភាពធ្ងន់ធ្ងរជាងលោកសួស សងវាចា ទៅទៀត លោកនូ សិុប អតីតតារាចម្រៀងរបស់ផលិតកម្មហង្សមាស ដែលកំពុងតែធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនៅផ្ទះជួលតែម្នាក់ឯង នៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននិយាយគួរឲ្យសង្វេកថា មានពេលខ្លះលោកចង់បញ្ចប់ជីវិត ដោយការធ្វើអត្តឃាតទៀតផង ព្រោះជើងស្ដាំរបស់លោកឈឺចុកចាប់ខ្លាំងពេក ពិបាកទ្រាំ តែដោយសារលោកអាណិតចៅម្នាក់ ទើបមិនដាច់ចិត្តគិតខ្លី។

លោកសួស សងវាចា និងភរិយា

លោកនូ សិុប និយាយទាំងស្រងូតស្រងាត់ថា ”ខ្ញុំខានច្រៀងតាមហាងជាង១ឆ្នាំទៅហើយ ខ្ញុំឈឺជំងឺចាស់តែម្ដង ច្រើនមុខណាស់។ តែរឿងដែលខ្ញុំពិបាកចិត្ត និងទៅពេទ្យចុះឡើងៗហ្នឹង គឺខ្ញុំឈឺជើងខាងស្ដាំខ្លាំង ដេកក៏មិនលក់ ឈឺចង្កេះ ហើយបានបងប្អូននៅក្រៅប្រទេស បានផ្ញើថ្នាំមកឲ្យលេបដែរ តែមិនជាសោះ បានគ្រាន់តែធូរបានបន្ដិចៗ។ ខ្ញុំនៅផ្ទះជួលនេះ ១ខែ បង់ថ្លៃ៧០ដុល្លារ ទាំងទឹក ទាំងភ្លើង ហើយខ្ញុំចេញខ្លះ ចៅចេញខ្លះទៅ។ ខ្ញុំសូមអរគុណដល់លោកចា រិទ្ធី ដែលបានផ្ញើថវិកាតាម ក្រុមការងារ ”សារព័ត៌មាននគរធំ” មកឲ្យខ្ញុំ នៅពេលដែលខ្ញុំកំពុងតែពិបាកនេះ សូមជូនពរឲ្យគាត់និងក្រុមគ្រួសារសុខសប្បាយ និងជោគជ័យបន្ដទៀត”។

លោកនូ សិុប ធ្លាប់បានបណ្ដុះបណ្ដាលតារាចម្រៀងវ័យក្មេងជាច្រើនដួងមកហើយ ឲ្យមានឈ្មោះល្បីល្បាញដល់បច្ចុប្បន្ន ក្នុងនោះក៏មានតារាចម្រៀងថោន លោកខេម និងលោកនី រតនា របស់ហង្សមាស ផងដែរ។

លោកចា រិទ្ធី ពេលផ្តល់សម្ភាសន៍

លោកចា រិទ្ធី បានឲ្យដឹងថា នេះគ្រាន់តែជាសន្ដានចិត្តរបស់លោក ក្នុងនាមជាសិល្បករដូចគ្នាប៉ុណ្ណោះ មិនអាចជួយសម្រាលដល់ការលំបាករបស់គាត់បានច្រើនទេហើយលោកពិតជាមានការខ្លោចចិត្តអាណិតដល់តារារៀមច្បងទាំង២ ដែលពេលនេះធ្លាក់ខ្លួនឈឺ មិនអាចច្រៀងសម្ដែងបានដូចមុន។ លោកសូមជូនពរឲ្យលោកសួស សងវាចា និងលោកនូ សិុប ឆាប់មានសុខភាពល្អឡើងវិញ ហើយលោកជឿជាក់ថា ពួកគាត់នៅតែមានទេពកោសល្យ និងសមត្ថភាពច្រៀងបានជាមិនខាន នៅពេលដែលលោកទាំង២ បានធូរស្រាល។

ទាំងលោកសួស សងវាចា និងលោកនូ សិុប ក៏បានលើកម្រាបដៃដប់ផងដែរ សូមឲ្យទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស រួមទាំងសិល្បកររួមអាជីពផងដែរ ដែលធ្លាប់គាំទ្រលោកជួយផ្ដល់កម្លាំងចិត្ត និងថវិកាទៅតាមលទ្ធភាពផងដែរ ដើម្បីព្យាបាលជំងឺដែលកំពុងតែញាំញីក្នុងជីវិតពេលនេះ៕

RELATED ARTICLES