ក្នុងចំណោមតារាសិល្បករទាំងអស់ដែលចូលរួមសម្ដែងសិល្បៈក្នុងព្រឹត្តិកាណ៍អបអរសាទរតំបន់ប្រាសាទសំបូរព្រៃគុក ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលប្រារព្ធកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នោះ ត្រូវបានសម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានស្វាគមន៍គ្រប់ៗគ្នា ប៉ុន្តែសម្រាប់តារាដែលទទួលបានការលើកទឹកចិត្តដោយផ្ទាល់តាមរយៈការជូនផ្កាដែលសម្ដេចដកចេញពីការដាក់តាំងនៅមុខពិធីនោះ គឺមានតែត្រកូល “ខាត់” ដែលដឹកនាំដោយខាត់ សុឃីម ទេ ដែលសម្ដេចឡើងលើឆាកជូនទៅឪពុកម្តាយអ្នកនាងសុឃីម ដែលកំពុងតែរាំនៅលើឆាកនោះ នាំឲ្យតារាសិល្បករជាច្រើនបានទះដៃ។
ការដែលសម្ដេចតេជោ ហ៊ុន សែន ជូនផ្កាទៅឪពុកម្តាយខាត់ សុឃីម នោះគឺនៅពេលដែលត្រកូល ”ខាត់” បានលើកយកបទច្រៀងរួមគ្នាជាក្រុម ដែលមានចំណងជើងថា ”សម្បូរព្រៃគុកជាបេះដូងខ្ញុំ” ដែលជាចង្វាក់ឡាំលាវ ហើយមានការសម្ដែងជាភ្លេងឆៃយាំផងដែរ។
ក្នុងជំនួបជាមួយខាត់ សុឃីម តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៩ ខែកក្កដា តារាពហុជំនាញសិល្បៈរូបនេះប្រាប់ថា នាងនិងក្រុមគ្រួសារមានមហាកិត្តិយសខ្លាំងណាស់ ដែលបានសម្ដេចនាយករដ្ឋមន្ដ្រីផ្ដល់កិត្តិយលជូនផ្កាដល់ឪពុកម្ដាយនាងដែលបង្ហាញពីការលើកទឹកចិត្ត និងពេញចិត្តដល់ក្រុមគ្រួសារអ្នកនាងដែលសម្ដែងជាក្រុមត្រកូល “ខាត់” តែម្ដង។
សុឃីម និយាយថា ”ខ្ញុំសប្បាយចិត្តណាស់ ដែលសម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពេញចិត្តការសម្ដែងសិល្បៈរបស់ក្រុមត្រកូល “ខាត់”។ សម្ដេចតេជោ លោកឡើងជួនផ្កាដល់ឪពុកម្ដាយខ្ញុំ ហើយគាត់មានប្រសាសន៍ថា ”សប្បាយ” ហើយខ្ញុំជូនពរទៅសម្ដេចទាំង២ សូមឲ្យលោកមានអាយុវែង ដែលនេះជាការជូនពរដោយចេញពីបេះដូងរបស់ខ្ញុំ មិនមែនជាការចង់លើកយកមុខមាត់ទេ។ ចំពោះបទចម្រៀងដែលខ្ញុំច្រៀងទៅ សម្ដេចទាំង២ពេញចិត្តនោះ គឺបទ ”សម្បូរព្រៃគុកជាបេះដូងខ្ញុំ” ដែលជាការនិពន្ធដោយក្រុមត្រកូល “ខាត់” ហើយត្រូវបានក្រសួងវប្បធម៌ត្រួតពិនិត្យច្បាស់លាស់ មុននឹងឲ្យយកច្រៀងក្នុងកម្មវិធីថ្នាក់ជាតិនេះ។ បទ ”សម្បូរព្រៃគុកជាបេះដូងខ្ញុំ” នេះ ខ្ញុំយកលំនាំតាមបទរបស់ខ្ញុំដែលចេញពេលចូលឆ្នាំមុននេះ គឺបទ ”រាំបទយើង” ហើយដោយសារតែពេលវេលាខ្លីពេក អីចឹងមានការពិបាកក្នុងការសរសេរខ្លះដែរ។ តែមិនអីទេ បានខាងក្រសួងពិនិត្យ និងជួយដែរ”។
ខាត់ សុឃីម បានឡើងច្រៀងជាមួយប្អូនប្រុសនាងខាត់ ចំរើន និងសម្ដែងជាមួយឪពុកនាង លោកលាវ ខាត់ អាយុ៦៨ឆ្នាំ និងម្ដាយនាង អ្នកស្រីលីន ស្រីខួច អាយុ៥៩ឆ្នាំ រួមទាំងប្អូនស្រីនាង កញ្ញាខាត់ ណាចារ្យ និងកូនប្រុសស្រីទាំង២របស់អ្នកនាង ឈ្មោះ ”ស្កាយ” អាយុ១២ឆ្នាំ និងបញ្ញា ហ្វូតូស្អាត អាយុ៤ឆ្នាំ រួមទាំងសមាជិកជាច្រើនទៀតរបស់ត្រកូល “ខាត់” ច្របាច់បញ្ចូលគ្នា។
ខាត់ សុឃីម បន្ថែមថា ”ឪពុកខ្ញុំគាត់ឈឺពេលដែលត្រូវសម្ដេចតេជោ ឡើងជូនផ្កាដល់គាត់ ស្អែកឡើងគាត់ថាឪជាហើយកូន… (សើច)។ ម្ដាយខ្ញុំក៏សប្បាយចិត្តដែរ ពេលដែលគាត់ទទួលផ្កាពីសម្ដេចតេជោ ហើយគាត់ទៅផ្ទះនៅបាសិត ទាំងរីករាយ។ សម្រាប់ខ្ញុំជាសិល្បការិនីម្នាក់ សូមសម្ដែងអារម្មណ៍ថា ខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានកើតជាកូនខ្មែរ សប្បាយចិត្តណាស់ដែលឃើញតំបន់ប្រាសាទសំបូរព្រៃគុក របស់យើងត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ខ្ញុំមានមោទកភាពខ្លាំងណាស់។ តែខ្ញុំសំណូមពរឲ្យភ្ញៀវទាំងអស់ដែលទៅទស្សនានៅប្រាសាទយើងទាំងអស់ ជួយរក្សាអនាម័យឲ្យបានល្អផង ដើម្បីឲ្យប្រាសាទយើងកាន់តែមានភ្ញៀវអន្ដរជាតិទៅទស្សនាកាន់តែច្រើន”។
អ្នកនាងខាត់ សុឃីម នឹងហោះទៅច្រៀងសម្ដែងនៅប្រទេសបារាំង រយៈពេលជាង១ខែ ដោយនាំយកទាំងស្វាមីក្មេង លោកអ៊ិន សុបញ្ញា ហៅផាណូ និងប្អូនស្រីនាង ខាត់ សួស្ដី ផងដែរ។ ការចេញទៅកើបលុយនៅក្រៅប្រទេសនេះ នឹងធ្វើឲ្យតារារូបនេះខកខានការធ្វើខួបកំណើតឲ្យកូនប្រុសស្រីទាំង២របស់អ្នកនាង ដែលសុទ្ធតែមានខួបកំណើតនៅខែតុលា ដូចគ្នានោះ។
ខាត់ សុឃីម បញ្ជាក់ថា ”ខ្ញុំត្រូវទៅច្រៀងនៅប្រទេសបារាំង នៅថ្ងៃទី២៦ ខែកញ្ញា នឹងត្រឡប់មកវិញនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ ហើយមិនបានយកត្រកូល “ខាត់” ទៅទាំងអស់ទេ គឺបានតែប្ដីខ្ញុំ (ផាណូ) និងប្អូនស្រីខ្ញុំ ខាត់ សួស្ដី ហើយពួកយើងបានត្រៀមបទចម្រៀងពីដើមជាច្រើន ដែលភាគច្រើនបងប្អូនយើងនៅទីនោះចូលចិត្ត។ នេះជាលើកទី៤សម្រាប់ខ្ញុំ ក្នុងការចេញទៅសម្ដែងនៅប្រទេសបារាំង ហើយការទៅលើកនេះ គឺពិតជាខាកខានធ្វើខួបឲ្យកូនខ្ញុំទាំង២មែន គឺកូនប្រុសខ្ញុំខែតុលានេះ គេគម្រប់អាយុ១២ឆ្នាំ និងកូនស្រីគម្រប់អាយុ៤ឆ្នាំ”៕
Posted by Sophann Ket on Monday, 17 July 2017