Tuesday, November 26, 2024
Homeតារាខ្មែរសុគន្ធ និសា-ឆន សុវណ្ណរាជ តួឯករឿង "សិសិររដូវក្នុងបេះដូង" ដឹកនាំសម្តែងដោយលោកខាំ ភូរិ

សុគន្ធ និសា-ឆន សុវណ្ណរាជ តួឯករឿង “សិសិររដូវក្នុងបេះដូង” ដឹកនាំសម្តែងដោយលោកខាំ ភូរិ

នៅទីបំផុត តារាចម្រៀងប្រុសស្រីល្បីឈ្មោះមួយគូ របស់ផលិតកម្មរស្មីហង្សមាស គឺស្រីស្អាតសុគន្ធ និសា និងបុរសសង្ហារោមទ្រូងច្រើន លោកឆន សុវណ្ណារាជ បានដឹកដៃគ្នាសម្ដែងរឿងភាគរបស់ទូរទស្សន៍ហង្សមាស រឿង ”សិសិររដូវក្នុងបេះដូង” ដែលនឹងដាក់បញ្ចាំងនៅអំឡុងដើមខែកញ្ញា ឆ្នាំ២០១៧ នេះហើយ។

ភាពយន្ដភាគរបស់ហង្សមាសនេះ គឺជាការទិញសិទ្ធិពីរឿងភាគរបស់ប្រទេសកូរ៉េ ហើយជាការដឹកនាំរបស់អតីតអ្នកនិពន្ធនិងដឹកនាំសម្ដែងល្បីឈ្មោះ លោកខាំ ភូរិ ដែលមានការសម្រិតសម្រាំងទីតាំងថតជាច្រើនខែមកហើយទើបឈានដល់ការបញ្ចប់ស្ទើរតែទាំងស្រុងទៅហើយ នៅពេលនេះ។

លោកខាំ ភូរិ ដែលរស់នៅខេត្តក្រចេះ ជាមួយសុគន្ធ និសា ហើយធ្លាប់រួមការងារសិល្បៈជាមួយគ្នាជាច្រើនតាំងពីនៅផលិតកម្មរស្មីស្ទឹងសង្កែ នោះ បានឲ្យដឹងថា នេះជាក្ដីសុបិន្តរបស់លោកដែលស្រមៃចង់ឃើញសុគន្ធ និសា និងឆន សុវណ្ណរាជ ចាប់ដៃគ្នាសម្ដែងភាពយន្ដនៅថ្ងៃណាមួយ ពេលនេះលោកធ្វើបានហើយ ព្រោះតារាស្រីប្រុសទាំង២ដួងនេះ មានលក្ខណៈសម្បត្តិ និងការសម្ដែងចុះសម្រុងគ្នាល្អណាស់។

អតីតអ្នកដឹកនាំសម្ដែងរបស់ហង្សមាស ដែលបានរួមការងារជាថ្មីជាមួយផលិតកម្មហង្សមាស បានឲ្យដឹងថា ”រឿង ”សិសិររដូវក្នុងបេះដូង” យើងទិញសិទ្ធិពីរឿងភាគល្បី៥របស់កូរ៉េ ហើយខ្ញុំបានយកមកធ្វើជារឿងភាគខ្មែរ ដែលមានការសម្រិតសម្រាំងតាំងពីខែមករា ឆ្នាំ២០១៧ មកម្ល៉េះ ហើយពេលនេះយើងថតស្ទើរតែចប់១០០%ទៅហើយ។ ចំពោះការដែលខ្ញុំដាក់កញ្ញានិសា និងលោករាជ ជាតួឯកប្រុសស្រីនោះ ព្រោះខ្ញុំយល់ថា ពួកគេទាំង២នាក់ ពិតជាមានការចាប់ដៃគ្នាសម្ដែងបានល្អណាស់ ព្រោះតារាចម្រៀងល្បីទាំង២ ធ្លាប់បានសម្ដែង MV ជាមួយគ្នាជាច្រើនបទមកហើយ មហាជនក៏ធ្លាប់ទទួលស្គាល់ស្នាដៃគាត់ដែរ។ ដូចខ្ញុំប្រាប់អីចឹងថា ខ្ញុំស្គាល់និសា​ តាំងពីឆ្នាំ២០០០មកម្ល៉េះ នៅពេលដែលគាត់ប្រលងចម្រៀងជាប់ប្រចាំខេត្ត ក្រោយមក យើងបានរួមការងារជាមួយគ្នានៅផលិតកម្មរស្មីស្ទឹងសង្កែ និងហង្សមាស ហើយខ្ញុំតែងស្រមៃថា ថ្ងៃណាមួយខ្ញុំនឹងធ្វើភាពយន្ដមួយឲ្យតារាទាំង២ លេងជាតួឯកជាមួយគ្នា ឥឡូវខ្ញុំបានសម្រេចក្ដីស្រមៃនេះហើយ តាមរយៈរឿង ”សិសិររដូវក្នុងបេះដូង” ដែលរឿងនេះមាន២៤ភាគ ហើយនឹងដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស នៅដើមខែកញ្ញា ឆ្នាំ២០១៧ នេះហើយ”។

លោកខាំ ភូរិ កំពុងមើលការសម្តែអរបស់លោកឆន សុវណ្ណរាជ និងសុគន្ធ និសា

តាមប្រភពថា លោកខាំ ភូរិ នឹងដឹកនាំក្រុមសសម្ដែងរឿង ”សិសិររដូវ” ទាំងអស់ទៅធ្វើពិធីផ្សព្វផ្វាយទ្រង់ទ្រាយធំ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅផ្សារទំនើបអ៊ីអន ដើម្បីឲ្យមហាជនទាំងអស់ដែលគាំទ្រតារាចម្រៀងល្បីឈ្មោះសុគន្ធ និសា-ឆន សុវណ្ណរាជ រួមទាំងតារាសម្ដែងក្នុងរឿង ”សិសិររដូវក្នុងបេះដូង” បានជួបជុំនិងជជែក និងថតរូបជាមួយតារាសំណព្វចិត្តរបស់ពួកគេដោយផ្ទាល់ និងរងចាំទស្សនារឿង ”សិសិររដូវក្នុងបេះដូង” ទាំងអស់គ្នា។

ប្រភពបានឲ្យដឹងថា តាមរយៈការមានស្នាដៃជាច្រើនក្នុងសិល្បៈដែលជាអ្នកនិពន្ធបទចម្រៀង និងដឹកនាំសម្ដែងបទល្បីៗជាច្រើននោះ លោកខាំ ភូរិ អាចនឹងធ្វើឲ្យសុគន្ធ និសា និងឆន សុវណ្ណរាជ កាន់តែល្បីឈ្មោះថែមទៀតជាមិនខាន តាមរយៈរឿង ”សិសិររដូវក្នុងបេះដូង”នេះ។

លោកខាំ ភូរិ និងសុគន្ធ និសា

អ្នកនិពន្ធនិងដឹកនាំសម្ដែង លោកខាំ ភូរិ ដែលជាកូនអតីតចៅហ្វាយខេត្តក្រចេះ លោកខាំ ភឿន បានបន្ថែមថា ”ខ្ញុំគិតថា ទស្សនិកជននឹងបន្ដការគាំទ្រតារាចម្រៀងល្បីឈ្មោះសុគន្ធ និសា និងឆន សុវណ្ណរាជ ថែមទៀតជាមិនខាន ព្រោះពីមុនគាត់ល្បីបទចម្រៀង ឥឡូវគាត់មកសម្ដែងភាពយន្ដ តើយ៉ាងណា? គឺមានតែការរង់ចាំទស្សនាទាំងអស់គ្នាទេ ទើបដឹង។ រឿងនេះខ្ញុំជ្រើសការថតទីតាំងសឹងតែ៨០% គឺនៅខេត្តកោះកុង ដើម្បីឲ្យស៊ីទៅនិងសាច់រឿងយើង និងប្លង់មួយចំនួនទៀតនៅរាជធានីភ្នំពេញ។ ពេលនេះខ្ញុំមិនមែនជាបុគ្គលិកមានកុងត្រាជាមួយហង្សមាសផ្ដាច់ទេ តែខ្ញុំសហការជាមួយហង្សមាស ក្នុងការផលិត ហើយដូចដឹងហើយថា ហង្សមាស ជាប៉ុស្ដិ៍ល្បី ដូចនេះយើងថតរឿងនេះមានការប្រុងប្រយ័ត្ន និងសម្រិតសម្រាំងខ្លាំងណាស់ ព្រោះតួយើងទាំងអស់ក៏ជាតារាល្បីៗដែរ អីចឹងមិនអាចឲ្យគាត់ធ្លាក់បានទេ គឺចង់ឲ្យពួកគាត់ល្បីថែមទៀត”។

សុគន្ធ និសា

ក្រៅពីសុគន្ធ និសា ជាតួឯកស្រីប៉ះជាមួយលោកឆន សុវណ្ណរាជ ជាតួឯកប្រុសនោះ រឿង ”សិសិររដូវក្នុងបេះដូង” មានតារាល្បីៗជាច្រើនដួងទៀត ដែលចូលរួមសម្ដែង មានដូចជា លោកវង្ស តារារតនា និងហ្សូណូ ជាដើម។ នេះក៏ជាភាពយន្ដទី២ដែរ សម្រាប់លោកខាំ ភូរិ បន្ទាប់ពីលោកបានដឹកនាំសម្ដែងរឿង ”មេឃ១ចន្ទ២” ដែលដាក់បញ្ចាំងនៅប៉ុស្ដិ៍ SEATV កន្លងមក។

លោកឆន សុវណ្ណរាជ

ទស្សនិកជនមើលឃើញថា ពេលនេះ សុគន្ធ និសា ដែលរើបង្វេចចេញពីផលិតកម្មថោន មកជ្រកកោនក្រោមដំបូលហង្សមាស សាជាថ្មីនេះ ទទួលបានលាភធំ២ផ្ទួនៗគ្នាតែម្ដង គឺបានតំណែងជាគ្រូបង្វឹកក្នុងកម្មវិធីប្រលងចម្រៀងកុមារ The Voice kids Cambodia និងតួឯករឿង ”សិសិររដូវក្នុងបេះដូង” នេះ។ ចំណែកលោកឆន សុវណ្ណរាជ វិញ គឺជា Coach ក្នុងកម្មវិធីប្រលងចម្រៀង The Voice Cambodia ហើយលោតផ្លោះមកជាតួឯករឿង ”សិសិររដូវក្នុងបេះដូង” នេះដែរ ដូចនេះគេជឿថា ស្រីស្រស់ប្រុសសង្ហារ១គូនេះ នឹងកាន់តែល្បីឈ្មោះថែមទៀតជាមិនខាន។ ប៉ុន្តែអ្នកខ្លះទៀតថា តើតារាចម្រៀងទាំង២ នឹងលេងដល់ចំណុចកំពូលដូចតារាសម្ដែងអាជីពក្នុងរឿង ”សិសិររដូវក្នុងបេះដូង” របស់កូរ៉េដែរឬទេ?

លោកខាំ ភូរិ បញ្ជាក់ថា ”យើងមិនគិតថា គាត់លេងដូចតួកូរ៉េទេ តែយើងជឿជាក់ថា គាត់សម្ដែងបានជាលក្ខណៈជារឿងបែបខ្មែរ គាត់អាចធ្វើបាន។ តែខ្ញុំមិនហ៊ានថា ដល់កម្រិតណាទេ មានតែរង់ចាំទស្សនាទាំងអស់គ្នា”៕

RELATED ARTICLES