Tuesday, November 26, 2024
Homeតារាខ្មែរមាស សុខសោភា ចាញ់ឱក សុគន្ធកញ្ញា ដោយសារប្តី?

មាស សុខសោភា ចាញ់ឱក សុគន្ធកញ្ញា ដោយសារប្តី?

មាស សុខសោភា ដែលមានសមត្ថភាពច្រៀងមិនក្រោមតារាណាម្នាក់ សូម្បីតែឱក សុគន្ធកញ្ញា ក៏ពេលខ្លះមិនអាចប្រើប្រាស់សំឡេងដូចនាងនោះ តែរយៈពេលជិត៧ឆ្នាំនេះ នៅទីបំផុត សោភា នៅតែមិនអាចដណ្តើមទីផ្សារតំណែងឱក សុគន្ធកញ្ញា បានឡើយ ទើបធ្វើឱ្យតារាថោន រូបនេះ ចង់អស់សង្ឃឹម ហើយងាកទៅបើកផលិតកម្មផ្ទាល់ខ្លួន Camtrax។

មតិមួយចំនួនបានលើកឡើងថា មាស សុខសោភា បានចាញ់ប្រៀបសុគន្ធកញ្ញា ត្រង់រឿងមានប្តីមិនព្រមរៀបការតាមប្រពៃណី ទើបពិបាកស្ទុះឡើងបែបនេះ…។

មាស សុខសោភា ឈរជ្រែងជើងច្រៀងនៅផលិតកម្ម២តែម្នាក់ឯង គឺថោន និង Camtrax ក្នុងគោលបំណងឈរជាតារាចម្រៀងស្រីនៅជួរមុខគេលំដាប់កំពូល ដោយគ្មានតារាណាហ៊ានប្រជែង។ ប៉ុន្តែ តារាដែលមហាជនបានសរសើរថា ទៅដល់ផលិតកម្មណាក៏ល្បីរូបនេះ បែរជាត្រូវពាំងផ្លូវ ដោយអតីតតារាក្រោមដំបូលតែមួយ ឱក សុគន្ធកញ្ញា អស់៧ឆ្នាំទៅវិញ ដែលធ្វើឱ្យទីផ្សារចម្រៀងសុខសោភា មិនសូវផ្ទុះដូចកាលឆ្នាំ២០០៨ ឡើយ។

មតិមួយចំនួនបានលើកឡើងថា មាស សុខសោភា ដែលពិបាកក្នុងការស្ទុះឡើងខ្លាំងក្លាដូចមុននោះ គឺដោយសាតែនាងមានប្តីបុរសខ្មែរ-កាណាដា លោកអ៊ឹត រ៉ាដា ដែលរស់នៅជាមួយគ្នា១០ឆ្នាំ ដោយមិនព្រមរៀបការ ទទួលការរិះគន់ខ្លះពីទស្សនិកជន អីចឹងហើយបានជាសោភា នៅតែមិនអាចយកឈ្នះសុគន្ធកញ្ញា បាននោះ។

ប្រភពបានឱ្យដឹងថា ការដែលសោភា សុខចិត្តសាងស្នេហ៍ជាមួយប្តី ដោយមិនទាន់មានខាន់ស្លា ព្រោះតែនាងខ្លាចរឿងចូលរោងការហើយធ្លាក់កូដខ្លាំងដូចតារាមួយចំនួន ដែលរៀបការប្តីជាចំហនោះ ទើបសោភា លែងកំណត់រឿងក្រាបផ្ទឹមទៀតហើយ តាំងពីរំសាយមង្គលការកាលពីឆ្នាំ២០០៩ មក។

តារាភាពយន្តជើងចាស់ អ្នកស្រីឌី សាវ៉េត បានជំទាស់នឹងការលើកឡើងថា ឱ្យតែតារាល្បីៗមួយចំនួន ឱ្យតែរៀបការហើយសុទ្ធតែកេរ្តិ៍ឈ្មោះធ្លាក់ចុះហៅមិនឮ រហូតដល់មាស សុខសោភា មិនហ៊ានរៀបការប្តី ដោយសារខ្លាចលែងប្តីនោះ។

មាស សុខសោភា និងស្វាមី

អ្នកស្រីឌី សាវ៉េត ថ្លែងថា “អត់ទេ! កុំគិតថាអីចឹងអីណា៎! អ្នកណាថាឱ្យតែតារាល្បីៗរៀបការ ហើយលែងល្បីនោះ ខ្ញុំមិនយល់ស្របចំណុចនេះទេ។ មនុស្សយើង មិនថានៅខ្មែរ ឬបរទេសទេ គឺមិនអាចរស់នៅម្នាក់ឯងបានរហូតឡើយ ត្រូវតែមានគូ។ ការរៀបការតាមប្រពៃណីខ្មែរ សែនដូនតា មានអីខុសឆ្គង? គ្រាន់តែថា យើងជាតារាអីចឹង ពេលការហើយត្រូវដឹងថា កម្មវិធីណាគួរបណ្តើរប្តីទៅ កម្មវិធីណាមិនគួរបណ្តើរប្តីទៅ? មិនមែនបណ្តើរគ្រប់កម្មវិធីទេ មានពេលខ្លះយើងទៅតែម្នាក់ឯង។ ខ្ញុំគិតថា សម្រាប់តារាដែលមានសមត្ថភាពិតប្រាកដ គាត់មិនគួរខ្លាចរឿងរៀបការទេ មហាជនស្រលាញ់ទេពកោសល្យរបស់គាត់ ហើយបើថា រៀបការហើយខ្លាចធ្លាក់កូដអី គឺមានតែអាអ្នកដែលស្រលាញ់គេដែរ ឃើញគេរៀបការ ទៅដើរនិយាយមិនល្អពីគេតែម្តង បើថាទស្សនិកជនវិញ​ គាត់នៅតែស្រលាញ់គាំទ្រដដែលអីចឹង​ ទោះជាមានប្តីមានកូនហើយក៏ដោយ។ គ្រាន់តែរៀបការមិនអាចធ្លាក់កេរ្តិ៍ឈ្មោះល្បីបានទេ កុំឱ្យតែយើងដើរប៉ោឡែផឹកស៊ី គិតតែពីសប្បាយ អាហ្នុងបានប្រឈមការធ្លាក់ចុះមែះន”។

ឱក សុគន្ធកញ្ញា

មាស សុខសោភា អំឡុងពេលដែលនាងច្រៀងនៅផលិតកម្ម U2 ឆ្នាំ២០១៥ ធ្លាប់លេចឮថា មានសង្សារជាតន្ត្រីករឈ្មោះ “នីកូ” តែបានប្រេះឆាគ្នា ហើយសោភា ក៏ភ្ជាប់ស្នេហ៍ថ្មីជាមួយប្រុសខ្មែរនៅកាណាដា លោកអ៊ឹត រ៉ាដា កាលពីឆ្នាំ២០០៧ ដោយរហូតមកដល់ពេលនេះ ចំណងស្នេហ៍ឆ្លងទ្វីបនេះ មានអាយុ១០ឆ្នាំហើយ តែអ្នកទាំង២ នៅតែបន្តដឹកដៃគ្នាទៅមុខទៀត ដោយគ្មានគម្រោងរៀបការតាមប្រពៃណីខ្មែរឡើយ។ ប៉ុន្តែសោភា បានសារភាពថា នាងបានចូលព្រះវិហារសាសនាគ្រិស្ត នៅប្រទេសកាណាដា ជាមួយស្វាមីនាង ដោយបានបំពាក់ចិញ្ជៀនរួចហើយ ទើបអាចរស់នៅជាមួយគ្នារហូតដល់ពេលនេះ។

ទោះជាយ៉ាងណា ពេលនេះមិនមែនមានតែមាស សុខសោភា ម្នាក់ ទេដែលកំពុងសាងស្នេហ៍ ដោយមិនព្រមចូលរោងការនេះ គឺមានតារាល្បីមួយចំនួនទៀត ដូចជា សុគន្ធ និសា, សុខ ពិសី, កុល ដាវី ជាដើម សុទ្ធតែលេចឮថា មានគូកំណាន់ចិត្តហើយ តែនៅពេលសួររឿងរៀបការ បែរជានៅឆ្ងាយសន្លឹម។

អ្នកស្រីឌី សាវ៉េត បន្ថែមថា “ការដែលពួកគេមានស្នេហាជាមួយគ្នាច្រើនឆ្នាំ រួមរស់ជាមួយគ្នាដោយមិនទាន់រៀបការ សំខាន់គឺយើងត្រូវដឹងថា ភាគីទាំង២ហ្នឹងមានពាក់ព័ន្ធជាមួយអ្នកណាផ្សេងឬអត់? មានឪពុកម្តាយទាំងសងខាងដឹងឮហើយឬនៅ? បើមានក្រុមគ្រួសាទាំងសងខាងដឹងឮហើយ មិនជាបញ្ហាទេ តែការរៀបការ សែនដូនតា តាមប្រពៃណីខ្មែរ គឺចៀសមិនរួចឡើយ ត្រូវតែបំពេញអីចឹង ព្រោះយើងជាខ្មែរ”។

មាស សុខសោភា កំពុងរស់នៅវីឡាយ៉ាងប្រណីតជាមួយស្វាមីនៅភ្នំពេញថ្មី ហើយនាងបានប្តូររថយន្តទំនើបៗ ជិះជាញឹកញាប់ ដោយចុងក្រោយនេះ ជិះ Land Cruiser V8 ពណ៌សំបកឪឡឹក មានតម្លៃជិត១០ម៉ឺនដុល្លារ ដែលមានលោករ៉ាដា ជាអ្នកកាន់ចង្កូត។

ទស្សនិកជនរង់ចាំមើលថា តើមាស សុខសោភា នឹងអាចយកឈ្នះឱក សុគន្ធកញ្ញា បានដែរទេ នាឆ្នាំ២០១៨ខាងមុខនេះ?…៕

RELATED ARTICLES