Tuesday, November 26, 2024
Homeតារាខ្មែរជីជី សុីថ្លៃ៣០០០ដុល្លារ

ជីជី សុីថ្លៃ៣០០០ដុល្លារ

ពិធីការិនីតូចច្រឡឹងរបស់បណ្តាញទូរទស្សន៍ CTN ពេជ្រ សូលីដា ហៅជីជី ហាក់បាត់មុខពីការថតភាពយន្ត និងខារ៉ាអូខេ ខណៈដែលមានផលិតករមួយចំនួន បានត្អូញត្អែរថា ស្រីស្អាតរូបនេះ ទារតម្លៃខ្លួនខ្ពស់ពេក ដោយមិនមានការយោគយល់ឡើយ ទើបពួកគេពិបាកហៅថត។

ជីជី បានចេញមុខច្រានចោលថា នាងមិនចង់បានតម្លៃខ្លួនហួសហេតុពេកនោះទេ គឺ១រឿង សុំតែ៣០០០ដុល្លារប៉ុណ្ណោះ តែបើឱ្យនាងលេងជាតួរង គឺនាងមិនព្រមទទួលជាដាច់ខាត…។

ជីជី ធ្លាប់លេចធ្លោតាមភាពយន្តមួយចំនួន ដូចជារឿង “អាបពាក់មួកសុវត្ថិភាព”, “នំប៉័ងសុបិន្តស្នេហ៍” និងតាមខារ៉ាអូខេបទចម្រៀងនៅផលិតកម្មសាន់ដេ និងហង្សមាស ជាដើម ទើបធ្វើឱ្យស្រីស្រស់តូចច្រឡឹង​រូបនេះ ស្ទុះឡើងកូដដោយរហ័ស បន្ថែមពីលើអាជីព​ពិធីការិនីនៅ CTN និង MyTV។ ប៉ុន្តែ រយៈពេលចុងក្រោយនេះ ជីជី មិនបានបង្ហាញខ្លួនថតរឿង និងបទចម្រៀងថ្មីៗដូចមុនឡើយ ស្របពេលដែលមាន​បណ្តាផលិតករមួយចំនួន​បាននិយាយថា ជីជី ទាមទារតម្លៃខ្លួនខ្ពស់ពេក ហើយថតតែតួឯកទេ តួរងមិនត្រូវការឡើយ អីចឹងហើយបានជាគេពិបាកហៅជីជី ថតរឿងថ្មីៗទៀត​នោះ។

ប្រភពបាន​ឱ្យដឹងថា ជីជី ​ទារតម្លៃប៉ុនណា គឺប៉ុណ្ណឹង​ហើយ មិនមាន​ការយោគយល់ទេ ពិបាកណាស់ ​តាំងពីនាងល្បីមក កាន់តែថ្លៃទៅៗហើយ…។

ក្នុងជំនួបផ្ទាល់ ជីជី បានទទួលស្គាល់ផង ទាត់ចោលផងចំពោះការលេចឮខាងលើនេះ ដោយនាងអះអាងថា ធ្លាប់លេងជាតួឯក ហើយមកលេងជាតួរង ក៏មិនកើតដែរ តែរឿងថា នាងកាន់តែឡើងថ្លៃទៅៗនោះ មិនមែនជាការពិតឡើយ។

ជីជី រៀបរាប់ថា “ខ្ញុំលេងតែតួឯកជាការពិតមែនបង ព្រោះធ្លាប់លេងតួឯកទៅហើយ ឱ្យមកលេងជាតួរងម៉េចកើតទៅ? ចំពោះរឿងថា ខ្ញុំទាមទារថ្លៃជ្រុលនោះ ខ្ញុំឆ្ងល់ដែរ ពីណាអ្នកនិយាយអីចឹងទៅ? ឥឡូវខ្ញុំសូមប្រាប់តាមត្រង់ថា ការថតរឿងដុំ១រឿង ខ្ញុំយកថ្លៃ៣០០០ដុល្លារ តែបើការថតរឿងភាគ ខ្ញុំប្រហែលជាមិនថតទេ ព្រោះអីឥឡូវរវល់ច្រើន មិនមានពេលចុះខេត្តទេ តែបើថតរឿងដុំ គឺឆាប់ចប់ អត់បញ្ហាទេ។ ពេលនេះខ្ញុំមិនទាន់មានគម្រោងចេញថតរឿងថ្មីៗទៀតទេ ខារ៉ាអូខេក៏អត់មានដែរ និយាយទៅ ខ្ញុំផ្តោតលើការងារពិធីការិនី និងថតស្ពតច្រើនជាង”។

ពេជ្រ សូលីដា ឬជីជី អាចថតផលិតផលរក្សាសម្រស់ស្បែកបាន តែនាងមិនអាចថតទាក់ទងការថែទាំសុខភាពបានឡើយ ព្រោះនាងជាប់កុងត្រាជាមួយក្រុមហ៊ុនកូរ៉េមួយ ឈ្មោះ VHP ជាច្រើនឆ្នាំមកហើយ ដែលក្រុមហ៊ុនបរទេសនោះ មិនអនុញ្ញាតឱ្យជីជី ថតឃោសនាឱ្យផលិតផលផ្សេងទៀតបានទេ ទើបអ្នកខ្លះថា ជីជី ត្រូវក្រុមហ៊ុនកូរ៉េនោះ ចងជើងជាប់តែម្តង ដែលធ្វើឱ្យស្រីក្មេងមានការខាតលុយក៏ច្រើនដែរ ព្រោះមានក្រុមហ៊ុនផ្សេងបានទាក់ទងឱ្យនាងថតស្ពតទាក់ទងសក់ដែរ តែជីជី មិនហ៊ានបំពានច្បាប់កុងត្រា។

ពិធីការិនី CTN រូបនេះ បានបន្ថែមថា “ជាការពិត ខ្ញុំធ្វើការជាមួយក្រុមហ៊ុនកូរ៉េនោះ ៤ទៅ៥ឆ្នាំហើយ គេឱ្យលុយយើងក៏ច្រើនដែរ។ ខ្ញុំពិតជាមានក្រុមហ៊ុនផ្សេងៗហៅឱ្យថតផលិតផលទាក់ទងសក់មែន តែខ្ញុំមិនអាចថតឱ្យបានទេ គឺដោយសារតែខ្ញុំជាប់កុងត្រាជាមួយ VHP ហ្នឹង ហើយបើទោះជាគាត់ឱ្យខ្ញុំកុងត្រា១០ឆ្នាំ ក៏ខ្ញុំព្រមដែរ ព្រោះគាត់ឱ្យលុយយើងច្រើន តែខ្ញុំមិនអាចថាប៉ុន្មានបានទេ។ ថ្មីៗនេះក៏មានក្រុមហ៊ុនមួយ ហៅខ្ញុំឱ្យថតស្ពតថ្មីទាក់ទងស្បែកដែរ តែកំពុងចរចាគ្នា ហើយថា ខ្ញុំទាមទារតម្លៃខ្លួនថ្លៃណាស់ គឺមិនពិតទេ ម៉ាសមរម្យហ្នឹង! ហើយខ្ញុំអាចថតស្ពតបានទូទៅ លើកលែងតែទាក់ទងនឹងសរសៃសក់មួយហ្នឹង!”៕

 

RELATED ARTICLES