Tuesday, November 26, 2024
Homeតារាខ្មែរក្រោយថតចប់រឿង "ចម្ការម្លប់ស្នេហ៍" និង "ជីវិតនាងរចនា" ទូរទស្សន៍ប៉ុស្តិ៍លេ៥ ធ្វើពិធីជប់លៀងធំ

ក្រោយថតចប់រឿង “ចម្ការម្លប់ស្នេហ៍” និង “ជីវិតនាងរចនា” ទូរទស្សន៍ប៉ុស្តិ៍លេ៥ ធ្វើពិធីជប់លៀងធំ

កាលពីល្ងាចថ្ងៃទី២៩ ខែកក្កដា ក្រុមតារាប្រុសស្រីល្បីឈ្មោះជាច្រើនដួង ដែលបានថតបញ្ចប់រឿង ”ចម្ការម្លប់ស្នេហ៍” និងរឿង ”ជីវិតនាងរចនា” ដោយជោគជ័យនោះ បាននាំគ្នាទៅចូលរួមកម្មវិធីជប់លៀងរបស់ប៉ុស្ដិ៍លេខ៥ ដែលរៀបចំនៅភោជនីយដ្ឋានទន្លេបាសាក់២ នៅក្បាលថ្នល់ ប្រកបដោយទឹកមុខសប្បាយរីករាយ។

នេះមិនមែនជាលើកទី១ឡើយ ដែលស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ តែងតែធ្វើពីធីជប់លៀងពិសាអាហារជាមួយបុគ្គលិករបស់ខ្លួននិងតារាសម្ដែងដែលបានថតបញ្ចប់រាល់រឿងនីមួយៗ ហេតុនេះហើយបានជាមានក្រុមការងារ និងសិល្បករជាច្រើនបានសរសើរពីអ្នកគ្រប់គ្រងការផលិតរឿងភាគរបស់ប៉ុស្ដិ៍លេខ៥ ថា មានការសហការគ្នាល្អជាមួយតារាៗ ដែលនាំឲ្យពួកគេពេញចិត្តធ្វើការជាមួយក្រុមការងារប៉ុស្ដិ៍លេខ៥រហូតមក។

លោកហួង តារាមុនី អ្នកផលិតកម្មវិធីកម្សាន្ដរបស់ប៉ុស្ដិ៍លេខ៥ បានឲ្យដឹងថា អ្នកផលិតរឿងភាគរបស់ប៉ុស្ដិ៍លេខ៥ បានពេញចិត្តនូវសមត្ថភាពរបស់តារាខ្មែរ ហើយចង់ផលិតរឿងឲ្យបានបន្ថែមទៀត ព្រោះមានជំនឿលើសមត្ថភាព និងទំនុកចិត្តពីផលិតករថៃ របស់តារាខ្មែរយើង ហេតុនេះហើយបានជាចង់បន្ដការងារដោយគ្មានដែនកំណត់។

លោកតារាមុនី បញ្ជាក់ថា ”តួសម្ដែងភាគច្រើនដែលផលិតករថៃ ចាត់ចែងដឹកនាំឲ្យសម្ដែងនោះ មិនសូវជាមានបញ្ហាមកយឺតយ៉ាវ ឬរត់ចោលកណ្ដាលទីនោះទេ គឺមានតែបំពេញការងារឲ្យបានល្អ ហើយតារាខ្មែរ ក៏មានសមត្ថភាពខ្ពស់ ដោយមិនធ្វើឲ្យខាងផលិតករលំបាក ជួបរឿងឈឺក្បាលឡើយ។

ផលិតករថៃ បានសរសើរតារាដែលសម្ដែងរឿង ”ចម្ការលាក់ស្នេហ៍” និងរឿង ”ជីវិតនាងរចនា” ដែលទើបតែថតបញ្ចប់នឹងត្រៀមដាក់បញ្ចាំងនៅម៉ោងពិសេសរបស់ប៉ុស្ដិ៍លេខ៥ នាពេលឆាប់ៗនេះ។ ដោយសារតែមានការចង់លើកទឹកចិត្ត និងពេញចិត្តពីសមត្ថភាពរបស់តារាខ្មែរ ដែលសម្ដែងរឿងបានល្អនេះហើយ ទើបបានជាប៉ុស្ដិ៍លេខ៥ បានធ្វើពិធីជប់លៀងញាំអាហារជាមួយគ្នានៅនៅភោជនីយដ្ឋានទន្លេបាសាក់២  ហើយការចំណាយថវិកានេះ គឺសមនឹងការប្រឹងប្រែងរបស់តារាខ្មែរយើងទាំងអស់គ្នា ដែលបានសហការគ្នាយ៉ាងល្អក្នងការថតរឿងបញ្ចប់ទាំង២ខាងលើនេះ”។

ដោយឡែកតារាសម្ដែងទាំងប្រុសទាំងស្រីក្នុងរឿង ”ចម្ការម្លប់ស្នេហ៍” និងរឿង ”ជីវិតនាងរចនា” បានបង្ហាញពីភាពរីករាយសប្បាយចិត្តជាខ្លាំង នៅពេលដែលបានញាំអាហារពិគ្រោះគ្នាជាមួយអ្នកដឹកនាំសម្ដែងរឿងល្បីៗរបស់ប៉ុស្ដិ៍លេខ៥ ដែលមានទាំងជនជាតិថៃនិងខ្មែរ សហការគ្នាធ្វើឲ្យរឿងភាគខ្មែររបស់ប៉ុស្ដិ៍លេខ៥ ដែលបានដាក់បញ្ចាំងនៅម៉ោងមាសនោះ កាន់តែមានការគាំទ្រពីមហាជនកាន់តែច្រើនផងដែរ នៅពេលនេះ។

លោកស៊ិន សុផាត ប្រធានគណៈកម្មាការត្រួតពិនិត្យកម្មវិធីរបស់ប៉ុស្ដិ៍លេខ៥ ធ្លាប់បានប្រាប់ថា ជាគោលការណ៍ប៉ុស្ដិ៍លេខ៥ មានគម្រោងផលិតរឿងភាគខ្មែរឲ្យបាន២៤រឿង ឬយ៉ាងហោចណាស់១៥រឿងដែរ ក្នុង១ឆ្នាំ ដើម្បីបម្រើអារម្មណ៍ទស្សនិកជនរបស់ខ្លួន តាមគោលការណ៍របស់រាជរដ្ឋាភិបាលខ្មែរ ដែលតម្រូវឲ្យដាក់បញ្ចាំងរឿងខ្មែរ នៅម៉ោងមាស គ្រប់ស្ថានីយទូរទស្សន៍ក្នុងស្រុកទាំងអស់នោះ។

ក្រុមផលិតរឿងភាគរបស់ប៉ុស្ដិ៍លេខ៥ ក៏មានផលិតករអ្នកដឹកនាំរឿងល្បីជនជាតិថៃ មកសហការជាមួយក្រុមផលិតរឿងភាគខ្មែរ របស់ប៉ុស្ដិ៍លេខ៥ដែរ ហើយពួកគេធ្វើការជាមួយគ្នាដោយរលូន។ នៅពេលដែលក្រុមការងារផលិតភាពយន្ដរបស់ខ្មែរ អាចធ្វើបានដោយខ្លួនឯង ហើយផលិតករថៃ នឹងបណ្ដោយឲ្យខ្មែរធ្វើដោយខ្លួនឯងវិញ ព្រោះពួកគេគ្រាន់តែចុះមកជួយពង្រឹងសមត្ថភាពអ្នកផលិតករខ្មែរ ឲ្យកាន់តែល្អប៉ុណ្ណោះ៕

RELATED ARTICLES